បុរស​​ម្នាក់ស្រវឹង​​​​ជិះ​ម៉ូតូ​បុករថ​យន្ត​ស៊ីទែន​ដឹក​ហ្គាសរង​របួស​ធ្ងន់ ​

ខេត្តកំពង់ឆ្នាំង ៖ បុ​រ​ម្នាក់​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់​ផ្កាយព្រឹក ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្លូវលំ​ជ្រុល​ទៅ​បុក​រថយន្ត​ស៊ីទែន​ដឹក​ហ្គា​ស​មួយ​គ្រឿង ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​អេ​ត សាន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ស៊ីទែន​ដឹក​ហ្គា​ស​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.3726 មានឈ្មោះ​ចាន់ សុភាព អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ តាម​ផ្លូវ​ចាក់​កៅស៊ូ​ក្នុង​ខេត្ត ក្នុង​ដំណើរ​ពី​កើតមក​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​ប្រសប់​ជាមួយ​ផ្លូវជាតិ ស្រាប់តែ​ជ្រុល​ទៅ​បុក​កាង​មុខ​រថយន្ត​ស៊ីទែន​ដឹក​ហ្គា​ស ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ដំណើរ​ខ្វែង​ទិស បណ្តាល​ឱ្យ​បោក​ត្រូវ​កង់​មុខ​រថយន្ត​ខាងស្តាំ ហើយ​ខ្ទៀត​ចេញ​ផុត​ពី​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​នគរ​បាន​ក្រុង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បើក​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង ព្រោះ​ក្រោយ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​យក​ប្រដាប់​វាស់​ជាតិ​អាល់កុល ទៅ​ឱ្យ​ជន​រង​គ្រោះ​ផ្លុំ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ៕