សម្តេចក្រុមព្រះ ត្រូវបានយាង ឲ្យ​​ចូលរួម​បង្កើត​សម្ព័ន្ធ​គណបក្ស​ក្រៅ​រដ្ឋសភា​

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួមទាំង​គណបក្ស ដែល​ទើបតែ​បង្កើត​ថ្មី និង​គណបក្ស ដែល​មិន​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា ត្រូវបាន​គណបក្ស​អំណាច​ខ្មែរ ធ្វើលិខិតយាង និង​​អញ្ជើញ​ឲ្យ​​ចូលរួម​ក្នុងការ​ចងសម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​នៅក្នុង​សភា ដើម្បី​តស៊ូ​គោលនយោបាយ​រួម​។ ពិធី​ជួបជុំ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នៅ​ក្បាលថ្នល់ ក្នុង​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នា​នោះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​គណបក្ស​អំណាច​ខ្មែរ ធ្វើលិខិត​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​វេទិកា​ភាពជា​អ្នកនយោបាយ ដើម្បី​ឲ្យ​អ្នកចូលរួម​សួរដេញដោល ដោយ​សេរី នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ២០១៥ ផងដែរ​។ វេទិកា​ភាពជា​អ្នកនយោបាយ គឺ​រៀបចំ​ធ្វើ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ជិត​ស្ពាន​អាកាស​ក្បាលថ្នល់​។​

មិនទាន់មានការឆ្លើយតបបែបណាពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកសមរង្ស៊ី ចំពោះការយាង និងអញ្ជើញខាងលើនៅឡើយទេ។​

​គណបក្ស​ថ្មី ដែល​ទើបតែ​បង្កើត និង​គណបក្ស ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នាពេល​កន្លងមក តែ​មិន​ទទួលបាន​អាសនៈ ហើយ​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងការ​ចងសម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​នៅក្នុង​សភា​ដើម្បី​តស៊ូ​គោលនយោបាយ​រួម មានដូចជាៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​សាមគ្គី គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សង្គម​យ​យុត្តិធម៌ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្សនយោបាយ​មួយចំនួនទៀត​ផងដែរ​។​

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ឲ្យ​ដឹងថា សម្រាប់​កម្មវិធី​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ គឺ​គណបក្ស​អំណាច​ខ្មែរ បាន​អញ្ជើញ​គណបក្ស ដែល​គ្មាន​សំឡេង​នៅក្នុង​រដ្ឋសភា និង​ទាំង​គណបក្ស​ដែល​ទើបតែ​បង្កើត​ថ្មី នៅក្នុង​ឆ្នាំ​២០១៥ រួមទាំង​គណបក្ស​ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨ និង​២០១៣ ប៉ុន្តែ​មិនមាន​អាសនៈ​នៅក្នុង​សភា ដើម្បី​ប្រជុំ​ជជែក​ពិភាក្សាគ្នា​បង្កើត​សម្ព័ន្ធ​គណបក្ស ដែល​គ្មាន​កៅអី​នៅ​ក​ក្នុង​សភា សម្រាប់​ការតស៊ូ​គោលនយោបាយ​រួម​។ នេះ គឺជា​ការអញ្ជើញ​លើក​ទី​២ តែបើ​ពួកគាត់​មិន​ចូលរួម​ទៀត នឹងធ្វើ​លិខិតអញ្ជើញ​ពួកគាត់​ឲ្យ​បាន​គ្រប់ ៣​លើក​។​

​លោក​សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា គោលនយោបាយ​រួម ដែល​គណបក្ស​អំណាច​ខ្មែរ បាន​សម្ពោធ និង​បានលើកឡើង​មាន​ចំនួន ៥​ចំណុច រួមមាន​៖ ១.​ទាមទារ​ឲ្យ​បាន គ​.​ជ​.​ប ឯករាជ្យ ហើយ​រំលាយចោល គ​.​ជ​.​ប ដែលជា​កូតា​របស់ គណបក្សនយោបាយ​ចោល​។ ២.​ទាម​លុបឈ្មោះ​ជនជាតិ​វៀតណាម​ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឲ្យ​អស់​។ ៣.​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ រស់នៅ​និង​ធ្វើការ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​។ ៤.​ទាមទារ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្នើ​រើស​បេក្ខភាព​អ្នក​ចង់​ឈរឈ្មោះ ជា​តំណាងរាស្ត្រ និង​ឈរ​ជា​នាយករដ្ឋមន្ត្រី​។ ៥.​ទាមទារ​កំណត់​អាណត្តិ​បេក្ខជន​អ្នក​ចង់​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​បេក្ខជន​នាយករដ្ឋមន្ត្រី​ត្រូវ​ឡើង​ជជែក​គ្នា​ជា​សាធារណៈ និង​ត្រូវ​បោះឆ្នោត​រើស​ផ្ទាល់​ពី​ពលរដ្ឋ​។​

​ទាក់ទង​ការអញ្ជើញ​នេះ លោក សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានធ្វើការ​បដិសេធថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ ក្នុងការ​ចងសម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​នៅក្នុង​សភា​ដើម្បី​តស៊ូ​គោលនយោបាយ​នោះទេ ពីព្រោះ​វា​ជាការ​អត់​ប្រយោជន៍​។ ការមិន​ចូលរួម​នោះ ត្រូវបាន​លោក សាម អ៊ី​ន បញ្ជាក់ថា គឺ​ដោយសារ​តែមាន​ហេតុផល​ថា ពេលនេះ មិនមែនជា​ពេល​ជជែក​ពី​ការ​ចងសម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​នៅក្នុង​សភា​ដើម្បី​តស៊ូ​គោលនយោបាយ​នោះទេ តែ​យើង​ត្រូវយក​ពេលវេលា​ទៅ​ពង្រឹង​សមាជិក​នៅតាម​មូលដ្ឋាន​។  

​ចំណែក​លោកស្រី ឡាក់ សុភាព ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គី បាន​ថ្លែង​បញ្ជាក់ថា លោកស្រី​នៅ​មិនទាន់​ទទួលបាន​លិខិតអញ្ជើញ​ពី​គណបក្ស​អំណាច​ខ្មែរ នៅឡើយ​ទេ ប៉ុន្តែ​នៅពេល​ទទួលបាន​លិខិតអញ្ជើញ លោកស្រី​នឹង​ចូលទៅ​ស្តាប់​មតិយោបល់​របស់គេ ដែល​លើកឡើង​។ ប៉ុន្តែ​មិនមែន​បានន័យថា គណបក្ស​ខ្មែរ​សាមគ្គី ទៅ​ចូលរួម​នៅក្នុង​សម្ព័ន្ធ​នោះទេ​៕​ H