ជន​បែក​ថ្នាំ​ម្នាក់​ខឹង​មីង​មិន​ឱ្យ​ខ្ចី​លុយ ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ពេញ​ផ្ទះ របួសធ្ងន់​៣​នាក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​បែកថ្នាំម្នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​ភ្លាម​ៗ ខណៈ​ហក់​ពីលើ​ផ្ទះ​ជាន់​ទី​២ ​បណ្តាល​ឱ្យ​របួស​បាក់​ជើង បន្ទាប់​ពី​ធ្វើ​​សកម្មភាព​​យកកាំបិតប៉័ងតោ​មក​កាប់លើ​ម្តាយមីង និង​កូនប្រុស​-​ស្រី​២​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​​ទាំង​៣​នាក់ ព្រោះតែ​ខឹង​មិន​​ព្រមឱ្យ​​ខ្ចី​លុយ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​០៦ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​០៣C2 ផ្លូវ​លេខ​២៨៩ ក្នុងសង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​សាន់ ច័ន្ទ​តារា​រិ​ទ្ធ អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៨ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ចំណែក​ឯជន​រង​គ្រោះទាំង៣នាក់ជា​ម្តាយ និងកូន ១-​ឈ្មោះ​សា​រុន បូ​រតនៈ អាយុ​៤៨​ឆ្នាំ​ (ម្តាយ), កូនស្រី​ឈ្មោះ​តាំង លី​លី អាយុ​១៤​​ឆ្នាំ និង​កូនប្រុស​ឈ្មោះ​តាំង សុធី អាយុ​២០​ឆ្នាំ ទាំង​៣​នាក់រងរបួសធ្ងន់ ​​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឱ្យ​ដឹង​​ថា ខ្លួននិង​មិត្តភក្តិ​ម្នាក់​ទៀត ​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​ប្រាក់​ចាយ និងទៅ​​លេង​ល្បែង​អស់​ហើយ ។ ដោយសារ​តែ​អត់​លុយ​​ចាយ ក៏​មក​ផ្ទះ​ម្តាយមីង​​ជីដូនមួយ​ដើម្បីសុំ​ខ្ចី​​លុយ តែ​ត្រូវ​គាត់​មិន​ឱ្យ​ហើយ ថែមទាំង​​ស្តីបន្ទោស​ខ្លួន​​ទៀត ទើប​ធ្វើ​ឱ្យ​ទប់​​កំហឹង​មិន​បាន ក៏​ទាញ​កាំបិតប៉័ងតោ​​ដេញ​កាប់​ទាំង​៣​នាក់​​នៅ​ក្នុងផ្ទះ​តែ​​ម្តង ។

ប្រភព​បានឱ្យ​ដឹងទៀតថា បន្ទាប់​​ពី​ហេតុការណ៍​នេះ​កើតឡើង មាន​​ជន​បរទេស​ម្នាក់​បាន​ទាញ​ទ្វារ​​បិទ ​ដើម្បី​បង្ខាំង​ជនសង្ស័យ​​កុំឱ្យ​រត់ តែ​ត្រូវ​ជនសង្ស័យ​​ហក់​ពីលើ​ផ្ទះ ដើម្បី​ប៉ង​​គេចខ្លួន តែ​ហក់​មក ​បានរង​របួស​ជើង​ធ្ងន់​​មិន​អាច​ដើរ​រួច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​តែ​ម្តង ។