លោក ម៉ៅ គង្គា ជំនួយការ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​

​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក ម៉ៅ គង្គា អតីត​ជា​ឈ្មួញ​រកស៊ី ហើយ​ចូលធ្វើការ​ជា​នគរបាល​មិនទាន់បាន​៥​ឆ្នាំ​ផង ក៏បាន​ពាក់​ស័ក្តិ​៤(​វរសេនីយ៍ត្រី​) និង​មាន​តួនាទី​ជា​ជំនួយការ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ថែមទៀត​។ តាមរយៈ​តួនាទី​នេះ លោក ម៉ៅ គង្គា បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស រហូតដល់​ហ៊ាន​បំពាន​លើ​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​និង​សេ​ក្ដី​ណែនាំ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​អំពាវនាវ​ដល់​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចាត់វិធានការ​លើ​លោក ម៉ៅ គង្គា តាមច្បាប់​ជាបន្ទាន់​។​

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ម៉ៅ គង្គា ប្រើប្រាស់​តួនាទី​ជា​ជំនួយការ​នាយកដ្ឋាន​នេះ ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ យកឈ្មោះ​អង្គភាព​ទៅ​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក ម៉ៅ គង្គា បាន​ដើរ​ប្រមូលប្រាក់​ពី​មន្ត្រីនគរបាល ដែល​បាន​ចុះទៅ​ធ្វើ​ការងារ​នៅតាម​បណ្ដា​ខេត្ត​តាម​លិខិត​បញ្ជា​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ក៏ដូចជា​ការណែនាំ​រប​ស់​ប្រធាន​នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ លោក ម៉ៅ គង្គា តម្រូវ​ឲ្យ​មន្ត្រីនគរបាល​ទាំងនោះ​បង់លុយ​ឲ្យ​ខ្លួន​យ៉ាងតិច​ក្នុង​១​ខែ​៥០០​ដុល្លារ ហើយ​បើ​មន្ត្រីនគរបាល​ណា​ទៅកាន់​គោលដៅ​ត្រូវ​បង់​ឲ្យ​ថ្នាក់លើ​ចាប់ពី​៥០០០​ដុល្លារ​ក្នុង​១​ខែ គឺ​គោលដៅ​តាម​ខេត្ត​នានា​។ ឧទាហរណ៍​ដូចជា មន្ត្រីនគរបាល​ឈរជើង​នៅ​ខេត្តកំពត គឺ​លោក ម៉ៅ គង្គា តម្រូវ​ឲ្យ​បង់​៥០០​ដុល្លារ​ក្នុង​១​ខែ​ដោយ​មិនអាច​ចុះថ្លៃ​បាន​។

បញ្ហា​ខាងលើនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​បច្ចុប្បន្ន​លោក ម៉ៅ គង្គា បាន​ប្រព្រឹត្ត​អំពើពុករលួយ​គាបសង្កត់​នគរបាល​ដែល​ឈរជើង​នៅតាម​ខេត្ត​ឲ្យ​បង់លុយ​ជាប្រចាំ ព្រមទាំង​ដាក់​កម្លាំង​ឲ្យ​ប្រមូល​លុយ​ពីបទ​ល្មើស​ផ្សេងៗ​ដូចជា បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និង​ពោធិ៍សាត់​ជាដើម​។ ទង្វើ​របស់លោក ម៉ៅ គង្គា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផងដែរ ហើយ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​បំពេញការងារ​តាម​ខេត្ត​កំពុង​ក្ដៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​ការគាបសង្កត់​ពី​លោក ម៉ៅ គង្គា ដោយ​យកឈ្មោះ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មកប្រើប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ មិនតែប៉ុណ្ណោះ​កន្លងមក​លោក ម៉ៅ គង្គា ធ្លាប់​រកស៊ី​បោកប្រាស់​ក្រុមហ៊ុន​កូន​របស់​អគ្គស្នងការ​រង​នគរបាលជាតិ​១​រូប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

CH-01233លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ