កូនស្រី​អាយុ​ទើប​នឹង​បី​ឆ្នាំ តែ​ចេះ​ជួយ​ការងារ​ផ្ទះ​សព្វ​គ្រប់

ម្តាយក្មេងស្រីអាយុ០៣ឆ្នាំម្នាក់ បានបង្ហាញអារម្មណ៍ រំភើបសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលកូនស្រីរបស់អ្នកស្រី ទើបតែមានអាយុ០៣ឆ្នាំ នាងចេះជួយ ធ្វើការងារក្នុងផ្ទះសព្វគ្រប់ ទោះជាគាត់មិនបានប្រាប់ ឬប្រើឲ្យធ្វើក៏ដោយ។
កូនស្រី​អាយុ​ទើប​នឹង​បី​ឆ្នាំ តែ​ចេះ​ជួយ​ការងារ​ផ្ទះ​សព្វ​គ្រប់
កុមារី ហេង លឹមចន្ទរក្សា កំពុងលាងចានបណ្ដើរ ហើយសួរទៅម្ដាយ ដែលឈរជិតនោះបណ្ដើរ។ (រូបថត monoROOM.info/ H. Vuthy)

អ្នកស្រី ឡឹម សុឃិម ដែលជាម្តាយ​នៅក្នុងវ័យ៣៥ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងទឹកមុខ​រីក​រាយថា គាត់មិននឹកស្មានថា កូនស្រីរបស់គាត់ឈ្មោះ ហេង លឹមចន្ទរក្សា ដែលទើបតែមានអាយុ ០៣សោះ តែនាងតូចចេះជួយ រំលែកការងារគាត់ បានច្រើនយ៉ាងនេះសោះ។ អ្នកស្រីបន្ថែមទៀតថា គាត់សប្បាយចិត្ត នៅពេលឃើញកូនស្រី ជាទីស្រឡាញចេះ និងមានអាកប្បកិរិយាល្អ តាំងពីតូចបែបនេះ។ ម្យ៉ាងវិញទៀត អ្នកស្រីក៏សប្បាយចិត្តដែរ នៅពេលដែលអ្នកជិតខាង​និយាយថា កូនរបស់ពួកគេ មានអាយុដំណាលនឹង​កុមារីដែរ តែមិនទាន់ចេះអ្វីទាំងអស់ នៅរត់លេងដូចក្មេងដ៏ទៃធម្មតា។

អ្នកស្រីប្រាប់ទៀតថា រក្សា អាចធ្វើការងារបានទាំងអស់ ក្រៅពីការងារធ្ងន់ៗមួយចំនួន។ កុមារីតូចរូបនេះ ចេះ​ជួយសំអាតចានឆ្នាំង និងកិច្ចការផ្ទះមួយចំនួនទៀត។ អ្នកស្រីបញ្ជាក់ថា រៀងរាល់ពេលធ្វើអ្វី ក៏កូនស្រី​រូប​នេះ​ស្រែកសួរសិនដែរ ថាអ្វីដែលនាងធ្វើ អាចទទួលយកបានឬនៅ។ ក្មេងតូចសួរម្តាយ ជាញ៉យៗថា៖ «ម៉ែ ស្អាត ហើយនៅ?»។

អ្នកស្រី ឡឹម សុឃិម បានបញ្ជាក់ទៀតថា សព្វថ្ងៃអ្នកស្រីមានកូនពីរនាក់ ក្នុងបន្ទុកគ្រួសារ កូនប្រុសម្នាក់ និង​កូនស្រីម្នាក់ គឺរក្សានេះឯង។ រស់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល អ្នកស្រី និង​ស្វាមីសប្បាយចិត្តណាស់ ដែលមានកូនស្រីម្នាក់ឆ្លាតវៃ ចេះធ្វើអ្វីដែលមនុស្សធំ ធ្វើបានយ៉ាងនេះ។ អ្នកស្រី​បញ្ជាក់ចុងក្រោយថា ពេលខ្លះការងារនៅក្នុងផ្ទះអ្នកស្រី មិនដែលប្រាប់ ឬប្រើនាងទេ ប៉ុន្តែនាងធ្វើដោយ​ខ្លូន​ឯង។ នៅពេលម្តាយ ឬឪពុកទៅឃាត់ ដោយបារម្ភ ខ្លាចនាងមានគ្រោះថ្នាក់ផ្សេងៗ មិនឲ្យធ្វើ នាងបែរជាយំ​ទៅវិញ។

បើធៀបទៅនឹងមនុស្សធំ ពេញវ័យមួយចំនួន នៅមានអ្នកខ្លះ មិនអាចធ្វើដូចក្មេងស្រីខាងលើបានទេ ដោយ​មានហេតុផលផ្សេងៗ នៅពេលអ្នកមានគុណប្រាប់ ឬប្រើឲ្យធ្វើអ្វីមួយ។ មានយុវវ័យមួយចំនួន បានទាំង​ត​មាត់ ឬ បញ្ចេញអាកប្បកិរិយាមិនល្អ ទៅលើអ្នកមានគុណវិញ នោះថែមទៀតផង។ ជាក់ស្តែង មានរហូត​ដល់​ប្រើ​អំពើហិង្សា ទៅលើឪពុកម្តាយ នៅពេលអ្នកមានគុណ ប្រើឲ្យធ្វើអ្វីដែលខ្លួន​មិនពេញចិត្ត។ ផ្ទុយស្រឡះ​ទៅ​នឹង​អ្វី ដែលអ្នកអ្នកស្រី ឡឹម សុឃិម បានប្រាប់ពីទង្វើកូនអ្នកស្រី ក្នុងវ័យ០៣ឆ្នាំនេះ៕


» «លាងចាន» ជាការងារមួយ ដែលកុមារីជួយសម្រាលឪពុកម្ដាយ៖