ធ្វើ​អាម៉ុក​ខ្យង តាម​វិធីសាស្ត្រ​របស់​ចុង​ភៅ​ខ្មែរ​ជនបទ​ម្តង​មើល!

លោកអ្នកធ្លាប់តែលឺអាម៉ុក ធ្វើពីសាច់កង្កែប ឬអាម៉ុកសាច់ត្រី ឬសាច់មាន់មែនទេ? ពេលនេះ សាកល្បងធ្វើអាម៉ុក«ខ្យង» តាមស្នាដៃអ្នកជនបទ ពីខេត្តព្រៃវែងម្តងមើល តើយ៉ាងម៉េចដែរ? អ្នកជំនាញធ្វើអាម៉ុកខ្យងម្នាក់ នៅស្រុកព្រះស្តេចបានឲ្យដឹងថា អាម៉ុកខ្យង ឈ្មោះរាងប្លែកបន្តិច តែបើរសជាតិវិញ ឆ្ងាញ់ប្លែកបើបានភ្លក់។
ធ្វើ​អាម៉ុក​ខ្យង តាម​វិធីសាស្ត្រ​របស់​ចុង​ភៅ​ខ្មែរ​ជនបទ​ម្តង​មើល!
ម្ហូបខ្មែរ«អាម៉ុកខ្យង» ដែលគួរឲ្យចង់ទទួលទាន់។ (រូបថត ឯកសារ)

ខ្យងជាសត្វមួយប្រភេទ ដែលមានស្នូកតូចកំប៉ាត មានកន្ទុយកន្ទប់ សម្បុរប្រហាក់ប្រហែលនឹងក្ដាមដែរ។ ប្រជាពលរដ្ឋនៅតាមជនបទ មួយចំនួនចូលចិត្តទទួលទាន «ខ្យង» ជាម្ហួបអាហារណាស់។ ចង់ដឹងថា ខ្យង​មានវិធីចំណិនអ្វីខ្លះ ហើយមួយណា មានភាពទាក់ទាញជាងគេនោះ សូមអានបទពិសោធន៍ អ្នកធ្វើ​អាម៉ុក​ខ្យងម្នាក់ ដែល្បីថាឆ្ងាញ់ ដូចខាងក្រោម។

អ្នកស្រី ផានី វ័យប្រមាណ៤០ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា គាត់ឧស្សាហ៍ធ្វើអាម៉ុក​ខ្យង​នេះហូប ជាលក្ខណៈគ្រូសារណាស់ ជាពិសេស នៅពេលរដូវមានខ្យងច្រើន អ្នកជិតខាងតែងតែ​សុំ​អ្នកស្រី ឲ្យ​ជួយប្រាប់វិធីធ្វើ ព្រោះពួកគេចង់ទទួលទាន អាម៉ុកខ្យងដែរ។ អ្នកស្រីបាននិយាយថា តាមពិតទៅ ខ្យងមានវិធី​ចំអិន​ច្រើនមុខណាស់ មិនខុសពីប្រភេទម្ហូបផ្សេងៗដែរ។ ក្នុងនោះមាន ស្ងោរ, ឆា, អាម៉ុក, ឬដុតជាដើម។ ការ​ធ្វើបែបនេះ អាស្រ័យទៅលើចំណង់ចំណូលចិត្ត អ្នកទទួលទាន។

អ្នកស្រីបានរៀបរាប់ ពីគ្រឿងគ្រៅ និងវិធីធ្វើ«អាម៉ុកខ្យង»ថា អ្នកចង់ធ្វើម្ហួមនេះ ត្រូវមានខ្យង, សាច់​ជ្រូក​បីជាន់, សណ្ដែកដី, ម្ទេសឆ្អើរ, ខ្ទិះដូង, គ្រឿងបុកមាន (រំដេង រមៀត ស្លឹកគ្រៃហាន់), កាពិ, ប្រេងខ្យង, ស្លឹក​កន្ទួត, ពង​មាន់ និងស្លឹកក្រូចសើច។ គ្រឿងទាំងអស់នេះ ត្រូវដាក់តាមបរិមាណនៃខ្យង ដែលអ្នកបម្រុងនឹងធ្វើ (ឧទាហរណ៍ ខ្យងមួយគីឡូ ត្រូវប្រើសាច់ជ្រូកបីជាន់ ១ខាំជាដើម) ចំណែកគ្រឿងផ្សេងៗទៀត ដាក់តាម​ចំណង់​ចំណូលចិត្ត របស់អ្នកទទួលទាន។

ចំពោះវិធីធ្វើវិញ ត្រូវបាន​អ្នកជំនាញធ្វើម្ហូប​នៅជនបទរូបនេះ បានបញ្ជាក់ថា ដំបូងត្រូស្ងោរខ្យងមួយ​សន្ទុះ​ល្មម​អាចចាក់យកសាច់ចេញបាន រួចចាក់យកសាច់ចេញឲ្យអស់ ប៉ុន្តែអ្នកត្រូវរក្សាសម្បកខ្យង ទុកឲ្យស្រួល។ បន្ទាប់ពីចាក់ខ្យងរួច ត្រូវហាន់វាជាចំណិតតូចៗ រួចឆាជាមួយគ្រឿងម៉ត់, ម្ទេសឆ្អើរ, កាពិដែលមានស្រាប់ លើក​នេះអ្នកឆាខ្យង ជាមួយគ្រឿងឲ្យឆ្អិនល្អ។ បន្ទាប់ពីឆ្អិនរួចរាល់ អ្នកត្រូវយកស្លឹកកន្ទួត មកខ្ចប់ជាមួយសាច់ខ្យង​ដែលឆារួច ហើយញាត់វា ចូលទៅក្នុងសម្បកខ្យង ដែលរក្សាទុកវិញ។

ដំណាក់កាលចុងក្រោយនេះ អ្នកគ្រាន់តែយកទឹកខ្ទិះ ដែលឆាបញ្ចូលគ្នា ជាមួយពងមាន់, ម្ទេស និង​ស្លឹក​ក្រូច​សើច ទៅស្រោចពីលើខ្យង ដែលញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចយកទៅចំហ៊ុយ ប្រមាណ​១០​នាទី (ឲ្យក្តៅ) រួចរាល់។ ពេលអ្នកទទួលទាន អាចបន្ថែមដោយប្រើទឹកខ្ទិះ ធ្វើជាទឹកជ្រលក់ក៏បាន តាមចំណង់​ចំណូលចិត្ត៕