លោក ហ៊ុន​ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​ហ៊ុនសែន ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ ABC Australia

ភ្នំពេញ: ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឧ​ត្ត​ម​សេនីយ៍​ឯក និង​ជា​កូនប្រុស​ច្បង​របស់​សម្តេច​ហ៊ុនសែន បានធ្វើ​ដំណើរ​បំពេញបេសកកម្ម​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ ដែល​កំពុង​រស់នៅ​លើ​ទីនោះ​។ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានផ្តល់​កិច្ចសម្ភាសន៍​ពិសេស និង​ដ៏​កម្រ​មួយ​ជាមួយ​ទូរទស្សន៍ ABC អូស្ត្រាលី ក្នុង​កម្មវិធី "Not No, Not Yes"​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ជា​លើកដំបូង អ្នកកាសែត​អូស្ត្រាលី​ឈ្មោះ Beverley O’Connor បានលើកឡើង​ទៅលើ​លោក ហ៊ុន ម៉ា​ណែ​ត ថា ជា​យុវជន​ជំនាន់​ថ្មី តើ​លោក​មាន​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​បែបណា ក្នុងការ​អភិវឌ្ឍ​ន៍ក​សាង​គុណប្រយោជន៍ ទាំង​ស្ថេរភាព និង​សន្តិភាព សន្តិសុខ​របស់​ប្រទេស​?

​លោក ហ៊ុន ម៉ា​ណែ​ត​៖ ខ្ញុំ​គិតថា មាន​កត្តា​ជាច្រើន​ដែល​យើង​ត្រូវ​ថែរក្សា និង​បង្កើត​ហើយ អ្វីដែល​យើង​ត្រូវ​ថែរក្សារ​គឺ​និមិត្តរូប នៃ​ស្ថេរភាព នៃ​សន្តិភាព និង​សន្តិសុខ​សម្រាប់​ប្រទេសជាតិ ដែល​វា​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​អ្វី​ទាំងអស់ ហើយ​និង​ការអភិវឌ្ឍន៍​ដែល​បញ្ឈប់ និង​ដែល​រារាំង​ការឈឺចាប់​បន្ថែមទៀត ដូចដែល​យើង​បានឃើញ​នៅពេល​អតីតកាល នៃ​ប្រវត្តិសាស្ត្រ​របស់​យើង ពី​ព្រោះតែ​សង្គ្រាម​ផ្ទៃក្នុង ដែលមាន​រយៈពេល​៥០០​ឆ្នាំ​។​

ABC: តើ​លោក​រំពឹងថា លោក​នឹង​ស្នង​តំណែង​ឪពុក​របស់លោក​?
​លោក ហ៊ុន ម៉ា​ណែ​ត​៖ ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រកបដោយ​ល​ទិ្ធ​ប្រជាធិបតេយ​សេរី​ពហុបក្ស ហើយ​រដ្ឋធម្មនុញ្ញ បាន​ចែងថា យើង​មានការ​បោះឆ្នោត​រាល់ ៥​ឆ្នាំ​ម្តង ដូច​ការជ្រើសរើស និង​ការ​សម្រេចចិត្តថា នរណា​ជា​អ្នកដឹកនាំ ហើយ​និង​នៅពេលណា គឺ​ស្ថិត​លើ​ប្រជាជន​កម្ពុជា​។​

ABC: តើ​លោក​ចង់​ក្លាយជា​នាយក​មន្ត្រី​?
​លោក ហ៊ុន ម៉ា​ណែ​ត​៖ ចំពោះ​ចំលើយ​នេះ ខ្ញុំ​មិនអាច​ឆ្លើយបាន និង​មិនដឹង​ទេ​។ ខ្ញុំ​គិតថា ជាថ្មី​ម្តងទៀត វា​ជាការ​ចង់បាន និង​ការសម្រេច​របស់​ប្រជាជន​។​

ABC: តើ​លោក​ចង់​ដឹកនាំ​ប្រជាជន​របស់លោក​ទេ​?
​លោក ហ៊ុន ម៉ា​ណែ​ត​៖
ប្រសិន​ប្រជាជន​កម្ពុជា​ចង់បាន​ដូចនេះ យើង​ធ្វើតាម​ការចង់បាន​រប​ស់​ពួកគាត់​។​

ABC: តើ​លោក​ត្រូវបាន​គេ​រៀបចំ​ឲ្យ​ដឹកនាំ ឬ​ធ្លាប់មាន​ការលើកឡើង​ពី​ការដឹកនាំ​ប្រទេស​ដែរឬទេ ?
​លោក ហ៊ុន ម៉ា​ណែ​ត​៖
ទេ​ខ្ញុំ​មិនដែល​ទេ​។ ការពិតទៅ​ឪពុក​របស់ខ្ញុំ បានលើកឡើង​ជា​ញឹកញាប់​ថា គាត់​មិន​ចង់​ឲ្យ​កូន​របស់គាត់​ចូលប្រលូក និង​ពាក់ព័ន្ធ​នយោបាយ​ទេ​។​

ABC៖ ឪពុក​របស់លោក​ដឹកនាំ​ប្រទេស​អស់​រយៈពេល​៣០​ឆ្នាំ មានការ​រិះគន់ថា មានការ​ជិះជាន់ អំពើពុករលួយ និង​បក្សពួកនិយម តើ​លោក​គិតថា គួរ​មាន​ទស្សន​ផ្សេង​ពីនេះ ឬ​យ៉ាងណា​?
​លោក ហ៊ុន ម៉ា​ណែ​ត​៖
ដូច​អ្នកដឹង​ហើយ​ថា គ្មាន​ផ្លូវ​ណា​យើង​អាចបំពេញ និង​តម្រូវ​មនុស្ស​គ្រប់រូប​បាន​នោះទេ​។ មនុស្ស​ខ្លះ​មើលឃើញថា ទឹក​កន្លះ​កែវ អ្នកខ្លះ​ថា​គ្មាន​ទឹក ហើយ​មនុស្ស​ខ្លះ​មើលឃើញ​ទឹក​កន្លះ​កែវ​ថា​ទឹក​ពេញ នេះ​ជា​ទស្ស​នះ​របស់​ពួកគេ ហើយ​ការសម្រេចចិត្ត​របស់​ពួកគេ យើង​គោរព​ការសម្រេច​របស់​ពួកគេ ប៉ុន្តែ​ការពិត​នៃ​បញ្ហា​គឺថា វា​ស្ថិតក្នុង​អារម្មណ៍​ដ៏​សែន​ជ្រៅ ដែល​ចោទ​ទៅលើ​ចំពោះ​ទង្វើ​របស់ខ្លួន​អ្នក​។​

​ឪពុក​របស់ខ្ញុំ​បាន​ដឹកនាំ​ប្រទេស​៣០​ឆ្នាំ ហើយ​ការពិត​គាត់​បាន​ដឹកនាំ​ប្រទេស​គេចផុត ចេញពី​ពេលវេលា​ដែល​ប្រជាជន ត្រូវបាន​គេ​ការកាប់សម្លាប់ កំឡុងពេល​របប​ប្រល័យពូជសាសន៍ ហើយ​គាត់​ខិតខំ​កសាង​ពី​បាត​ដៃទទេ​ឲ្យ​បាន​សន្តិភាព និង​ស្ថេរភាព​ដូច​បច្ចុប្បន្ន ដោយ​គោលនយោបាយ​ឈ្នះៗ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​បានសម្រេច​ផងដែរ នូវ​ភាព​សាមគ្គី​ផ្ទៃក្នុង គឺជា​សកម្មភាព​ដែល​មិនបាន​កើតមាន អស់​រយៈពេល​ជាង ៥០០​ឆ្នាំ​សម្រាប់​កម្ពុជា​។ នៅ​អំឡុង​ទសវត្ស​៩៨ នៅពេល​ប្រទេស​ទាំងមូល ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន រួបរួមគ្នា​ជា​លើកដំបូង ក្នុង​រយៈពេល​ជាង ៥០០​ឆ្នាំ ក្នុងនោះ រួមមាន​សន្តិភាព និង​ភាព​រីកចំរើន សេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធ​ក្នុងការ​រស់រានមានជីវិត សិទ្ធិ​ក្នុង​ការទទួល​បានការ​អប់រំ និង​សិទ្ធិ​ទទួលបាន​សុខា​មាល​ភាព និង​សិទ្ធិ​ទទួលបាន​ក្នុងការ​បង្កើត​សមាគមន៍​។​

ABC: ចុះ​អំពី​បញ្ហា​អំពើពុករលួយ​?
​លោក ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល ជាពិសេស​នាយករដ្ឋមន្ត្រី បាន​ចាត់វិធានការ ហើយ​ធ្លាប់មាន​ប្រសាសន៍​ជា​សាធារណៈ​ដើម្បី​ប្រយុទ្ធប្រឆាំង និង​អំពើពុករលួយ និង​លុបបំបាត់​អំពើពុករលួយ​…​ជាការ​ពិត​យើង​ទទួលស្គាល់ថា មាន​បញ្ហា​មួយចំនួន​ក៏ប៉ុន្តែ​វា​ត្រូវ​អភិវឌ្ឍន៍ ដូចជា​ការបង្កើត នៅ​អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ ហើយ​ធ្វើការ​កំណែ​ទំរង់​វិស័យ​សេវាកម្ម​សាធារណៈ​មួយចំនួន មាន​វិស័យ​អប់រំ និង​វិស័យ​ផ្សេងទៀត ហើយក៏​មានការ​ចាប់ខ្លួន និង​កាត់ទោស​ទៅលើ​មន្ត្រីជាន់ខ្ពស់​ផងដែរ​។​

ABC: ប្រសិន​ប្រជាជន​ចង់​ឲ្យ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី តើ​លោក​នឹងធ្វើ​ឬ​អត់ "Not No, Not Yes"?
​លោក​ហ៊ុន ម៉ា​ណែ​ត​៖
ទេ​! ខ្ញុំ​មិនមាន​ចម្លើយ​ទេ​៕ ( ដកស្រង់​ចេញពី​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក ទ​ទក )​

លោក ហ៊ុន​ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​ហ៊ុនសែន ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ ABC Australia
លោកឧត្តមសេនីយ៍ ហ៊ុនម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន