អ្នកនាំពាក្យ​ក្រសួងការបរទេស​៖ កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៤ នៅ​វៀតណាម មិនមាន​ការលើក​ពេល​ទេ​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៤ ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​មិនមាន​ការលើក​ពេល​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​អះអាងថា ចំពោះ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​វៀតណាម លើក​ទី​១៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ គឺ​ដំណើរការ​នៅ​ដដែល ដោយ​មិនមាន​ការលើក​ពេល​នោះទេ​។ កិច្ចប្រជុំ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​លើក​ឡើងលើ​គ្រប់​វិស័យ​ទាំងអស់ ដោយ​ក្នុងនោះ​ក៏មាន​លើកឡើង​ពី​បញ្ហា​ព្រំដែន​ផងដែរ ហើយ​រាល់​បញ្ហា​ទាំងអស់​នឹងត្រូវ​លើកឡើង​ពិភាក្សាគ្នា​។​

​សូមជម្រាបថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ធ្វើជា​សហប្រធាន ត្រូវបាន​លើក​ទៅ​ពេល​ក្រោយ​៕