បន្ថយ​រយៈពេល​វិនិយោគ ដី​សម្បទាន​សេដ្ឋកិច្ច​ទៀត​ត្រូវ​បន្ថយ​ត្រឹម​50​ឆ្នាំ​និង​លុប​ចោល​ឥណទាន​កាបូន​7

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៥ បានឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ និង​វាយតម្លៃ​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច និង​គម្រោង​វិនិយោគ​ឥណទាន​កាបូន ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។

សេចក្ដីជូនដំណឹង​មាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើ​លទ្ធផល​នៃ​ការ​ពិនិត្យ​និង​វាយតម្លៃ​គម្រោង​វិនិយោគ​ចំនួន​១៤ ក្នុង​នោះ​មាន​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៦ និង​គម្រោង​វិនិយោគ​ឥណទាន​កាបូន ចំនួន​៨ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ។

ចំពោះ​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៦ ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង កំពត និង​ពោធិ៍សាត់ (​មាន​ផ្ទៃដី​សរុប​ទំហំ​៤៥ ៤៦៨​ហិ​កតា​) ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​បន្ត​អនុវត្ត​គម្រោង និង​បន្ត​នីតិវិធី​លើ​ផ្ទៃដី​ដែល​បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួច ដោយ​ត្រូវ​រៀបចំ​ចុះ​កិច្ចសន្យា​ឡើង​វិញ និង​ត្រូវ​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​ត្រឹម​៥០​ឆ្នាំ  ។

ចំណែកឯ​គម្រោង​វិនិយោគ​ឥណទាន​កាបូន​ចំនួន​៨ ក្រសួងបរិស្ថាន​បាន​ពិនិត្យ វាយតម្លៃ និង​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច ។ ជា​លទ្ធផល រាជរដ្ឋាភិបាល​បាល​សម្រេច​លុប​ចោល​គម្រោង​ចំនួន​៧ និង​សម្រេច​ទុក​រយៈពេល​៦​ខែ សម្រាប់​គម្រោង​មួយទៀត ដើម្បី​ឱ្យ​ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បន្ត​តាមដាន​ការ​អនុវត្ត​គម្រោង ។

ក្រសួងបរិស្ថាន​សូម​បញ្ជាក់​ជូន​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​គោលការណ៍​សម្រាប់​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន​១១៣ ដែល​មាន​ផ្ទៃដី​សរុប ៦១០ ២៩៦,៧៥​ហិ​កតា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ។

ដើម្បី​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​វិនិយោគទុន ក៏​ដូច​ជា​ដោះស្រាយ​លើ​ផល​ប៉ះពាល់​ទាំងឡាយ​ឱ្យ​បាន​ត្រឹមត្រូវ ក្រសួងបរិស្ថាន​បាន​ពិនិត្យ​និង​វាយតម្លៃ​គម្រោង​វិនិយោគ​អភិវឌ្ឍ​ទាំង​១១៣ ហើយ​បាន​ដាក់​ឆ្លង​អង្គប្រជុំ​គណៈកម្មាធិការ​អន្តរក្រសួង ដើម្បី​ពិភាក្សា​និង​លើក​សំណើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យ​និង​សម្រេច ។

រហូត​មក​ដល់​ពេល​នេះ គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច បាន​បញ្ចប់​ទាំងស្រុង​នូវ​ការ​ប្រជុំ​ពិភាក្សា​វាយតម្លៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ៕