ស្ត្រី​​ក្រីក្រម្នាក់​ឆ្លងទន្លេ​បាន​​កូន​ភ្លោះ​ប្រុស​៣​​​នាក់​​

ខេត្តឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១ និង៣០​នាទី​ឈានចូល​ថ្ងៃ​ទី​០៩ ​តុលា​ ២០១៥ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ស្រុក​អន្លង់វែង​ ស្ត្រី​ម្នាក់​​​ជា​​គ្រួសារ​ក្រីក្រ​​​​ឆ្លងទន្លេបានកូន​ភ្លោះ​ប្រុស​​រហូតដល់​ទៅ​​៣​នាក់ ​ដោយ​ពួកគេទាំងម្តាយ និងកូន​​មានសុខភាពធម្មតា​ តែ​កូន​មាន​​ទម្ងន់​គីឡូ​ទាបជាង​ទារក​​ផ្សេង​ៗ ។​​​​

ប្រភពបានឱ្យដឹងថា បុរស​ជា​ប្តី​​ឈ្មោះ​ជួន សុ​ផ​ន​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ចារ​ថ្មី ឃុំ​ទ​ប​នប់​ដាច់​ ស្រុក​ត្រពាំង​​ប្រាសាទ ខេត្តឧត្តរមានជ័យ ​បាន​រៀបរាប់​ថា ប្រពន្ធ​​ឈ្មោះ​វ៉ា​ត ស្រី​កែវ​ អាយុ​២៦​ឆ្នាំ​ មានកូន​២​ ស្រី​១​នាក់ ស្រាប់តែ​ឆ្លងទន្លេ​លើក​នេះ​បាន​កូន​ភ្លោះ​៣​ សុទ្ធ​តែ​ប្រុស​ ។

បុរស​ដដែល​បាន​​បញ្ចា​ក់ថា រូប​គាត់​មាន​មុខ​របរ​ធ្វើស្រែ​ចំការ​ ដោយ​មាន​ជីវភាព​ក្រីក្រ​ ហើយសុំ​អំពាវនាវ​ដល់​សប្បុរសជន ​ដែល​នៅ​ទីជិតឆ្ងាយ ​លោក​អាជ្ញាធរ​មូលរ​ដ្ឋា​ន ជា​ពិសេស​សម្តេច​អគ្គ​ម​​ហា​សេនាបតី​​តេ​ជោ​ ហ៊ុន សែន​ ​ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​​ពលរដ្ឋ​ក្រីក្រ​នៅ​​គ្រប់​បណ្តា​​ខេត្ត​​-ក្រុងទាំងអស់ ​។