លី ម៉ា​រី​ណា​នាំ​កូន​មកលេង​ហើយ​ទៅវិញ​ស្ងាត់ៗ​

Sanofi

អតីត​តារា​បង្ហាញ​ម៉ូត លី ម៉ា​រី​ណា ដែល​ធ្លាប់​ល្បី​ពី​រឿងអាស្រូវ​ស្នេហា​មុនពេល​រៀបការ​មាន ស្វាមី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៣​បាន​នាំ​កូនប្រុស​របស់​នាង​មកលេង​នៅ​ស្រុក​ខ្មែរ កាលពី​អំឡុង​ខែសីហា​និង​បាន​វិលត្រឡប់​ទៅវិញ​នៅ​ខែកញ្ញា​២០១៥​កន្លងទៅ​យ៉ាង​ស្ងាត់ៗ​។​មានការ​លេច​ឮថា លី ម៉ា​រី​ណា មកលេង​ស្រុក​ខ្មែរ​លើក​នេះ​ក៏​ដើម្បី​ប្រមូល​វេច​ខ្ចប់​នូវ​ទ្រព្យ សម្បត្តិ​របស់​នាង​ដែល​បន្សល់ទុក​មុនពេល​នាង​បន្សាត់​ខ្លួន​យ៉ាង​តក់ក្រហល់​ចេញពី​សិល្បៈ​ទៅ​រួមរស់​ជាមួយ​ស្វាមី​នាង​នៅឯ​សហរដ្ឋអាមេរិក​។ ព្រោះតែ​ហេតុនេះ​ទើប​នាង​មិន​ផ្តល់ដំណឹង​ឬ​បញ្ចេញ​មុខ​ស្កាត់ ជួប​មិត្តភក្តិ​អ្នកសិល្បៈ​រួម​អាជីព​ជាមួយគ្នា​ឡើយ​ក្នុងពេលដែល​នាង​មកលេង​នៅ​ស្រុក​ខ្មែរ​នេះ​។​

គ្រាន់តែ​វិល​ទៅដល់​សហរដ្ឋអាមេរិក​វិញ​នាង​ក៏បាន​រៀបចំ​ធ្វើ​ខួបកំណើត​ឲ្យ​កូនប្រុស​នាង​គម្រប់​អាយុ​១​ខួប​នៅ​ថ្ងៃទី​២៤​កញ្ញា​២០១៥​ដោយ​គ្មាន​វត្តមាន​អ្នកសិល្បៈ​ឬ​អតីត​សិល្បករ​ចូលរួម​ឡើយ​។​ពេលនេះ​នាង​កំពុងតែ​សម្លឹង​រកមើល​ផ្ទះ​វីឡា​នៅ​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ​ក្នុង​រង្វង់​ជាង ៣០​ម៉ឺន​ដុល្លារ​និង​មានបំណង​បើកហាង​ប្រកប​របរ​រកស៊ី​ក្នុង​លក្ខណៈ​តូច​ល្មម​មួយ​នៅពេល​កូនប្រុស​នាង​ធំ​ដឹងក្តី​បន្តិច​។​

គេ​គ្រាន់តែ​ដឹងថា​កាល​នៅ​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​លី ម៉ា​រី​ណា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សិល្បកា រិ​នី​ម្នាក់​សំបូរ​ទ្រព្យ​ព្រោះ​នៅពេល​ឡើង​ឆាក​ម្តងៗ​នាង​ពាក់​ពេជ្រ​ស្រប​ពេលដែល​អ្នកសិល្បៈ​ឯទៀត​គេ​ប្រើ​គ្រឿងអលង្កា​កាឡៃ​ដើម្បី​លំអ​ខ្លួន​ធ្វើ​ឲ្យ​កាលនោះ​មាន​អ្នក​ឆ្ងល់​ពី​ការ​ពូកែ​រក​ចំណូល​របស់​នាង​ទៀតផង​ពិសេស​គឺ​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​បែរជា​នាង​ដកខ្លួន​ពី​សិល្បៈ​យ៉ាង​តក់​ក្រ ហល់​កាលពី​ចុងឆ្នាំ​២០១២​ធ្វើ​ឲ្យ​មានការ​លេច​ឮថា​ដោយសារតែ​បញ្ហា​ស្នេហា​ត្រីកោណ​។​

គួររំលឹកថា លី ម៉ា​រី​ណា ធ្លាប់​រៀបការ​ជាមួយ​លោក ទិ​ត ថា​វរិ​ទ្ធ ប៉ុន្តែ​រស់នៅ​ជាមួយគ្នា មិនបាន ១​ខែ​ផង​ក៏​ចែកផ្លូវ​គ្នា​រៀងខ្លួន​។​ក្រោយមក​នាង​ក៏បាន​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ធ្វើ​ឲ្យ​មានការ​លេច​ឮថា​ដោយសារ​ខ្លា​ចការ​គំរាម​ពី​ស្ត្រី​អនាមិក​តាំងខ្លួន​ជា​ភរិយា​មន្ត្រីជាន់ខ្ពស់​ចោទ​នាង​ថា​បាន​បោកប្រាស​យក​ទ្រព្យសម្បត្តិ​គ្រួសារ​ខ្លួន​អស់​ជាង​១​លាន​ដុល្លារ​និង​គំរាមថា​យក​ជីវិត​នាង​ទៀតផង​។​

ប៉ុន្តែ​នៅ​ដើមខែ​កុម្ភៈ​២០១៣​នាង​បាន​លេចមុខ​ជាមួយ​បុរស​ជា​គូ​ដណ្តឹង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយ​កាលនោះ​នាង​អះអាងថា​ការបាត់​មុខ​នាង​គឺ​ដោយសារ​ទៅ​នៅ​ជា​មួយគូ​ដណ្តឹង​ឯ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។​នាង​ក៏បាន​រៀបការ​ជាមួយ​លោក​សាត ចាន់ថន នា​ថ្ងៃទី​២៧​ឧសភា​២០១៣ នៅ​ភោជនីយដ្ឋាន​សេ​វេន ប្រាយ ជិត​ផ្សារ​ចាស់​ដោយមាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជា​៥០​តុ​។​ក្រោយពី​រៀបការ​រួច​នាង​ក៏បាន​ទៅ​រស់ នៅ​សហរដ្ឋអាមេរិក​តាម​ស្វាមី​និង​ឈប់​ពី​សិល្បៈ​ដែល​គេ​យល់ថា​នោះ​គឺជា​ការ​ជំ​រះ​នូវ​មន្ទិល​ទាំងឡាយ ជុំវិញ​រឿង​ស្នេហា​ត្រីកោណ​ដែល​ធ្លាប់មាន​ចំពោះ​នាង​កន្លងទៅ​៕ ដេវីត​

Related