អតីត CEO ក្រុម​ហ៊ុន Microsoft ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំរបស់ Twitter

អាមេរិក៖ អតីតនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft Corp លោក Steve Ballmer បានក្លាយជាម្ចាស់ភាគហ៊ុនធំ របស់បណ្ដាញសង្គម Twitter ខណៈដែលបណ្ដាញសង្គមមួយនេះ ទើបតែផ្លាស់ប្ដូរនាយកប្រតិបត្តិ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា។

លោក Steve Ballmer បានបង្ហោះសារនៅលើបណ្ដាញ Twitter ថា នៅពេលនេះ លោកគឺជាភាគទុនិកធំ ដែលក្ដោបភាគហ៊ុន Twitter ចំនួន៤ភាគរយ។ អតីតនាយកប្រតិបត្តិ Microsoft រូបនេះ បានបញ្ជាក់ប្រាប់កាសែត Wall Street Journal ថាលោកបានទិញភាគហ៊ុន Twitter បន្ថែម ក្រោយពេលដែលលោក Dick Costolo នាយកប្រតិបត្តិ Twitter លាឈប់ពីតំណែង កាលពីខែកក្កដា។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter មានលោក Ev Williams ដែលជាអតីតប្រធានក្រុមប្រឹក្សាភិបាល និងជាអតីតនាយកប្រតិបត្តិ Twitter ហើយក៏ជាបុគ្គលសំខាន់មួយរូបដែលឈរនៅពីក្រោយ Twitter រាល់ថ្ងៃ ដោយលោកក្ដោមភាគហ៊ុន Twitter ចំនួន៦,៩ភាគរយ ខណៈដែលព្រះអង្គម្ចាស់ al-Waleed bin Talal ស្ថិតនៅក្នុងត្រកូលរាជវង្សអារ៉ាប់ ក្ដោបភាគហ៊ុន ៥ភាគរយ ដូច្នេះលោក Ballmer ឈរនៅលំដាប់ទី៣៕

អតីត CEO ក្រុម​ហ៊ុន Microsoft ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំរបស់ Twitter