មិនធម្មតា​តម្លៃ​អគ្គិសនី​នៅ​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ១​គីឡូវ៉ាត់​៣៩០០​រៀល

ដោយសារតែ​អ្នកម៉ៅការ​ផ្គត់ផ្គង់​អគ្គិសនី គាបសង្កត់​ហួសហេតុ​ពេក​ទើប​ប្រជាពលរដ្ឋ​ជិត​៨០​គ្រួសារ​ក្នុងភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ បាន​ឡើងមក​តវ៉ា​ដល់​មុខ​សាលាខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​លោក ជៀង អំ ជា​អភិបាលខេត្ត ជួយ​ដោះស្រាយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​តម្លៃ​ចរន្តអគ្គិសនី​១​គីឡូវ៉ាត់​៣៩០០​រៀល គឺជា​តម្លៃ​ខ្ពស់បំផុត​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អភិបាលខេត្ត​ស្វាយរៀង និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​អ្នកម៉ៅការ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

​តាម​ការអះអាង​របស់​តំណាង​ក្រុមអ្នកតវ៉ា​មុខ​សាលាខេត្ត​ស្វាយរៀង មកពី​ភូមិ​ពោធិ៍​ថ្មី បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១០​មេភូមិ​បាន​ឲ្យ​ប្រជាពលរដ្ឋ​៧២​គ្រួសារ​ផ្ដិតមេដៃ​ចូល​ជា​សមាជិកសមាគម ប្រើប្រាស់​ភ្លើងអគ្គិសនី​ដើម្បី​សុំ​ត​បណ្ដាញ​ពី​អគ្គិសនី​កម្ពុជា​សាខា​ខេត្តស្វាយរៀង ដោយមាន​ឈ្មោះ ហេង ជា​អ្នកម៉ៅការ​ដោយ​យក​តម្លៃ​ក្នុង​១​គីឡូវ៉ាត់​៨០០​រៀល​។ តំណាង​ក្រុមអ្នកតវ៉ា​បាន​បញ្ជាក់ថា ក្រោយមក​អ្នកម៉ៅការ​ប្រាប់​មេភូមិ​ថា​មិន​ចំណេញ ហើយ​សុំ​ដំឡើង​១​គីឡូវ៉ាត់​៣០០​រៀល គឺ​តម្លៃ​១១០០​រៀល​ក្នុង​១​គីឡូវ៉ាត់​។ បន្ទាប់មក​ស្រាប់តែ​អ្នកម៉ៅការ​បន្ត​ដំឡើងថ្លៃ​រហូតមកដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ គឺ​១​គីឡូវ៉ាត់​៣៩០០​រៀល ធ្វើ​ឲ្យ​អ្នកភូមិ​ទ្រាំលែងបាន​ក៏​ឡើងមក​តវ៉ា​ដល់​មុខ​សាលាខេត្ត​តែម្ដង​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ពេល​ប្រជាពលរដ្ឋ​ភូមិ​ពោធិ៍​ថ្មី​ឡើងមក​តវ៉ា គឺ​លោក ជៀង អំ ជា​អភិបាលខេត្ត បាន​ចាត់តាំង​លោក ស៊ុំ សុជាតិ ជា​អភិបាលរង​ខេត្ត ឲ្យ​មក​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ហើយ​សន្យាថា​នឹង​ពិនិត្យ​ដោះស្រាយ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ សុំ​តម្លៃ​ត្រឹម​១២០០​ទៅ​១៥០០​រៀល​ក្នុង​១​គីឡូវ៉ាត់​។ ទោះជា​យ៉ាងណា​តម្លៃ​នេះ​នៅតែ​ខ្ពស់​ដដែល បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​អគ្គិសនី​ក្នុង​ក្រុង​ស្វាយរៀង ១​គីឡូវ៉ាត់​៦៥០​រៀល ហើយ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ក៏មាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​នេះ​ផងដែរ​។ ដូច្នេះ​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង គួរ​សម្រួល​ជាមួយ​អគ្គិសនី​កម្ពុជា​សាខា​ខេត្តស្វាយរៀង ក្នុងការ​បញ្ចុះតម្លៃ​អគ្គិសនី​នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ១​គីឡូវ៉ាត់​ត្រឹម​៦៥០​រៀល​ទើប​ជា​រឿង​ប្រសើរ​។ ម្យ៉ាងទៀត​មន្ត្រី​អាជ្ញាធរ​ឃុំ​ស្វាយ​តា​យាន​និង​អាជ្ញាធរ​ស្រុក​កំពង់​រោទ៍ គួរ​រក​ដំណោះស្រាយ​សមស្រប​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​កុំ​ឲ្យ​អ្នកម៉ៅការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

11140054_1600475913536564_876695388947095988_nលោក ជៀង អំ អភិបាលខេត្តស្វាយរៀង

?????????????