សមត្ថកិច្ច​គយ​នៅ​ច្រក​ជាំ​ស្រងាំ និង​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ក្រុមអាជីវករ​តាម​អំពើ​ចិត្ត​

ក្រុមអាជីវករ​ដែលរ​ក​ស៊ី​នាំចូល​ទំនិញ​ចាប់ហួយ​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ជាប់​ព្រំប្រទល់​ខេត្ត​ស៊ីសាកេត ប្រទេស​សៀម បាន​អំពាវនាវ​ឲ្យ​លោក សរ ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាប់​វិធានការ​លុបបំបាត់​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាបន្ទាន់​។ អាជីវករ​ជាច្រើន​នាក់​បាន​ត្អូញត្អែរថា ពួកគាត់​មិនអាច​រកស៊ី​នាំចូល​ទំនិញ​ចាប់ហួយ​និង​ចំណីអាហារ​មក​លក់​ក្នុងស្រុក​ខ្មែរ​បាន​ទៀត​ទេ ព្រោះ​ការបង់ពន្ធ​នៅ​ច្រកទ្វារ​ខ្ពស់​ពេក ហើយ​នៅតាម​ដងផ្លូវ​មាន​កុងត្រូលជជុះ​ជាច្រើន​កន្លែង​។

តាម​ការអះអាង​របស់​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ពេល​ពួកគាត់​ដឹកទំនិញ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រក​ជាំ​ស្រងាំ គឺមាន​ការបង់ពន្ធ​ជូន​សមត្ថកិច្ច​គយ​ផង និង​ស្ថាប័ន​ផ្សេងៗ​ទៀតផង ហើយ​មាន​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ទៀត​។ កុងត្រូលជជុះ​នោះ​១​កន្លែង​ជា​រប​ស់គយ​ចល័ត​ខេត្ត និង​១​កន្លែង​ទៀត​ជា​របស់​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ ស្រុក​អន្លង់វែង​។ មិនតែប៉ុណ្ណោះ​មាន​កុងត្រូលជជុះ​របស់​សម​ត្ថ​កិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ឡើយ​។

​ហេតុនេះហើយ​ទើប​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​ចាប់ហួយ​និង​គ្រឿង​ឧបភោគបរិភោគ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រក​ជាំ​ស្រងាំ អំពាវនាវ​ឲ្យ​លោក សរ ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​លុបបំបាត់​កុងត្រូលជជុះ​ក្នុងស្រុក​អន្លង់វែង ជាបន្ទាន់​។ ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ស្រុក​អន្លង់វែង​បច្ចុប្បន្ន​មាន​កុងត្រូលជជុះ​ច្រើន​ស្អេកស្កះ​ចាំ​ជំរិត​យកលុយ​ពី​ពួកគាត់ ដែល​នាំចូល​ទំនិញ​មក​ចែកចាយ​ក្នុងស្រុក​ខ្មែរ ហើយ​សមត្ថកិច្ច​ពុករលួយ​ទាំងនោះ​មិនដែល​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​ទេ​។ ជាពិសេស​កុងត្រូលជជុះ​របស់​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រព្រឹត្ត​អំពើអាក្រក់​ខ្លាំងជាងគេ​ក្នុងការ​ជំរិត​យកលុយ​ពី​ក្រុមអាជីវករ​ស្លូតត្រង់ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ ព្រមទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​លើ​ក្រុមមន្ត្រី​គយ​ពុករលួយ​នៅ​ច្រក​ជាំ​ស្រងាំ និង​នៅតាម​ផ្លូវ​ក្នុង​ខេត្តឧត្ដរមានជ័យ កុំ​ឲ្យ​ធ្វើ​អ្វីៗ​បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​ទៀត​៕

that-0237លោក សរ ថាវី អភិបាលខេត្តឧត្ដរមានជ័យ ច្រកជាំស្រងាំ