​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​នាំគ្នា​តវ៉ា​រឿង​ភ្លើង​ឡើងថ្លៃ​ហួសហេតុ

ខេត្តស្វាយរៀង៖​​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨៧​គ្រួសារ​ដែលមាន​ទីលំនៅ​ភូមិ ពោធិ​ថ្មី​ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់រោទិ៍​បាននាំគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​ស្វាយរៀង ដើម្បី​ធ្វើលិខិត​សុំ​តវ៉ា​ឲ្យ​អគ្គិសនី​ធ្វើការ​បញ្ចុះតម្លៃ​ពី​៣.៩០០​រៀល ក្នុង​១kw​ម៉ោង មក​នៅត្រឹម​១.៥០០​រៀល​ក្នុង​១kw​ម៉ោង ខណៈ​ភ្លើង​របស់​រដ្ឋ​តម្លៃ​ត្រឹមតែ​៦៥០​រៀល​ក្នុង​១kw​ម៉ោង​ប៉ុណ្ណោះ​។ ការតវ៉ា​នេះ​បានធ្វើ​ឡើង​កាលពី​ម្សិលមិញ​។​

​    ​ប្រជាពលរដ្ឋ ដែល​នាំគ្នា​មក​តវ៉ា​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​នាំគ្នា​មក​តវ៉ា​គឺ​ដោយសារ​ពួកគាត់​ដែលជា​អ្នកប្រើប្រាស់ អគ្គិសនី​កើតទុក្ខ​មិន​សុខចិត្ត ព្រោះតែ​តម្លៃ​អគ្គិសនី​នៅក្នុង​សហគមន៍​ពួកគាត់​ចេះតែ​ឡើងថ្លៃ​អស់​រយៈពេល ជាង​៣​ឆ្នាំ​មកហើយ ចាប់ពី​១.៥០០​រៀល ទៅ​២.១៥០​រៀល ទៅ​២.៣៥០​រៀល​ទៅ​២.៥០០​រៀល ទៅ​២.៦០០​រៀល ទៅ​២.៩០០​រៀល រហូត​ឡើងដល់​៣៩០០​រៀល​តែម្ដង ១kw​ម៉ោង ដូច្នេះហើយ​ទើប​ពួកគាត់​នាំគ្នា​សម្រេចចិត្ត​មក​គ្នា​តវ៉ា​ដល់​សាលាខេត្ត ស្វាយរៀង​ដើម្បី​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​សុំ​ឲ្យ​ចុះ​តម្លៃ​ត្រឹម​១kw​ម៉ោង គឺ​១.៥០០​រៀល ។ 

​    ​លោក កឹង ធួ​ក អនុប្រធាន​អគ្គិសនី ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា នេះ​ជា​រឿង​សហគមន៍​ជា​អ្នកទិញ​យកទៅ​បន្ត​ប្រើប្រាស់ និង​ឡើងថ្លៃ​ដោយ​ខ្លួនឯង ហើយ​ខាង​សេវា​របស់​រដ្ឋ​មាន​គម្រោង និង​ដាក់​នៅ​ឆ្នាំ​២០១៦​នេះហើយ នៅតាម​បណ្ដាញ​ទូទាំង​ខេត្ត​ដែលមាន​គម្រោង​រួចហើយ​៕ 

​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​នាំគ្នា​តវ៉ា​រឿង​ភ្លើង​ឡើងថ្លៃ​ហួសហេតុ