អ្នក​សេដ្ឋកិច្ច​ថា​ពលរដ្ឋ​ក្រីក្រ​មិន​អាច​ទទួល​បាន​ចំណូល​ជាង​១.២០០​ដុល្លារ​មួយ​ឆ្នាំ

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា ពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន មិន​អាច​ទទួល​បាន​ចំណូល​ជាង ១.២០០​ដុល្លារ ដែល​ជា​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ពលរដ្ឋ​កម្ពុជា ម្នាក់​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។ ការ​មិន​អាច​ទទួល​បាន​ដូច​នេះ ត្រូវ​បាន​ក្រុម​ជំនាញ​ពន្យល់​ថា ដោយសារ​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ នៅ​ឆ្ងាយ​ដាច់​ពី​គ្នា​ពេក។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​ដូច​នេះ បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ពលរដ្ឋ​កម្ពុជា ម្នាក់​ចាប់​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៥ ទទួល​បាន ១.២២៥​ដុល្លារ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​វេទិកា​សកល​ស្ដីពី​ការ​អភិវឌ្ឍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឆ្នាំ​២០១៥ ក្នុង​ខួប​លើក​ទី​២៣ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី  និយាយ​ថា តួលេខ​ជា​មធ្យម​ដែល​ពលរដ្ឋ​ខ្មែរ ក្នុង​មួយ​ឆ្នាំ​រក​ប្រាក់​បាន​ជាង ១.២០០​ដុល្លារ​មែន​នោះ លោក​សូម​ស្វាគមន៍។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​ខុស​គ្នា​ឆ្ងាយ​ពេក ដូច្នេះ​មិន​ពលរដ្ឋ​ក្រីក្រ​ជាង ១៥% អាច​រក​ចំណូល​បាន​ជា​មធ្យម​តែ​ជាង ៣០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

លោក​បន្ថែម​ថា ករណី​បែប​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​បន្ទុក​ច្រើន​ទៅ​លើ​ពលរដ្ឋ​លើ​គ្រប់​វិស័យ៖ «គឺ​ថា​រដ្ឋាភិបាល​ត្រូវ​មាន​ទុន​ដើម្បី​ផ្ដល់​សេវា​ផ្សេងៗ ទាក់ទង​ការ​គាំពារ​សង្គម​ដល់​ពលរដ្ឋ​ដូចជា សុខាភិបាល ការ​អប់រំ និង​ស្លៀកពាក់​គ្រប់គ្រាន់​ជាដើម»

ទោះ​បែប​នេះ លោក ហ៊ុន សែន លើក​ឡើង​សន្ទរកថា​របស់​ខ្លួន​ថា អត្រា​ក្រីក្រ​នៅ​កម្ពុជា ត្រូវ​កាត់​បន្ថយ​ពី​ចំ​នួន ៥៣,២% នៅ​ឆ្នាំ​២០៤ មក​នៅ​ត្រឹម ១៣,៥% នៅ​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា ទទួល​បាន​ជោគជ័យ​បំផុត ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៤ នៅ​លើ​ពិភពលោក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី និយាយ​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៨៥% រក​ចំណូល​បាន​ជាង ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ចំនួន​ពលរដ្ឋ​ទាំង​នេះ​ពុំ​មាន​លទ្ធភាព​រក​ចំណូល​បាន​ជាង ១.២០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។ លោក​ថា គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​ឆ្ងាយ​ដាច់​ពី​គ្នា​បែប​នេះ ធ្វើ​ឲ្យ​បញ្ហា​ចោរកម្ម បញ្ហា​ចំណាក​ស្រុក ពលរដ្ឋ​ជំពាក់​បំណុល​គេ​ច្រើន និង​គ្រឿងញៀន​ចរចា​ខ្លាំង។

លោក កែម ឡី៖ «បើ​ទោះ​ជា​យើង​ការ​កើន​នេះ​ក៏ដោយ ប៉ុន្តែ​អត្រា​ពលរដ្ឋ​រស់​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​ខ្ពស់។ តាម​ការ​សិក្សា​របស់​ក្រសួង​សុខាភិបាល​ឆ្នាំ​២០១៥ បង្ហាញ​ថា ស្ត្រី​កម្ពុជា ដែល​មាន​អាយុ​ពី ១៥ ទៅ ៤៩​ឆ្នាំ មាន​សភាព​ស្លេកស្លាំង​កើន​ឡើង​ទៀត មាន​ន័យ​ថា គាត់​ខ្លះ​ជាតិ​ប្រូតេអ៊ីន ខ្វះ​ជាតិ​ចំណី​អាហារ មាន​ន័យ​ថា សភាព​នេះ​ឆ្លុះ​បញ្ចាំង​ភាព​ក្រីក្រ»

​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំង​អស់​ដោយ​កសាង​គោលការណ៍​ប្រជាធិបតេយ្យ។

​ស្រដៀង​គ្នា​នេះ​ដែរ លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​របស់​ពលរដ្ឋ ត្រូវ​បង្កើត​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​ចូលរួម​សកម្មភាព​សង្គម សេដ្ឋកិច្ច​តាម​រយៈ​វិធានការ​សំខាន់ៗ ៥​ចំណុច​រួម​មាន ​រក្សា​កំណើន​សេដ្ឋកិច្ច ផ្ដោត​យក​ចិត្ត​ទុក​ដាក់​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ការ​ពន្លឿន​ការ​អនុវត្ត​គោលនយោបាយ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម លើក​កម្ពស់​គុណភាព​អប់រំ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ការ​លើក​កម្ពស់​បរិយាបន្ន​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ចំពោះ​ការ​ទទួល​បាន​ប្រភព​ហិរញ្ញប្បទាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។