​អត្រា​មរណភាព​មាតា និង​ទារក ក្នុង​រយៈពេល​១០​ឆ្នាំ ថយចុះ​ពី​ជិត​៥០០​នាក់ មក​ត្រឹម ជាង​១០០​នាក់​

ភ្នំពេញ: អត្រា​មរណភាព​មាតា បាន​ថយចុះ​ពី ៤៧២ នាក់​ស្លាប់ ក្នុងចំណោម​ទារក​កើត​រស់ ១ សែន​នាក់ នៅ​ឆ្នាំ​២០០៥ មក​នៅត្រឹម ១៧០ នាក់ ស្លាប់ ក្នុងចំណោម​ទារក​កើត​រស់ ១ សែន​នាក់ នៅ​ឆ្នាំ​២០១៤​។​

​លោក ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងផែនកា រ​បាន​មានប្រសាសន៍ នៅក្នុង​ការផ្សព្វផ្សាយ របាយការណ៍​ចុងក្រោយ នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០១៤ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ថា ការថយចុះ​នេះ ដោយសារ​មាតា ទទួលបាន​សេវា​សុខភាព​បន្ត​ពូជ បាន​ប្រសើរ​ជាង​មុន ហើយ​ការ​សម្រាលកូន ស្ទើរតែ ៩០ ភាគរយ នៃ​កំណើត ត្រូវបាន​បង្កើត ដោយ​មន្ត្រី​ដែលមាន​ជំនាញ និង​ស្ត្រី​បី​ភាគ​បួន បានទទួល​ការពិនិត្យ​ផ្ទៃពោះ យ៉ាងតិច ៤ ដង មុនពេល​សម្រាល​។​

​លោក​រដ្ឋមន្ដ្រី បាន​បន្តថា ទិន្នន័យ ក៏បាន​បង្ហាញ​ផងដែរ ពី​ការធ្លាក់ចុះ គួរឱ្យកត់ សម្គាល់ អំពី​អត្រា​មរណភាព​ទារក ក្រោម​អាយុ​មួយឆ្នាំ គឺ​បាន​ថយចុះ​ពី ៦៦ នាក់ ក្នុង​១​ពាន់ កំណើត​រស់ នៅ​ឆ្នាំ​២០០៥ បាន​ថយ​ចុះមក​នៅត្រឹម ២៨ នាក់ ក្នុង​១​ពាន់​កំណើត​រស់ នៅ​ឆ្នាំ​២០១៤ ហើយ​លទ្ធផល​នេះ បានបង្ហាញ​ពី​ការសម្រេច គោលដៅ​អភិវឌ្ឍន៍ សហស្ស​វត្សរ៍ ប្រកបដោយ​ចីរភាព ក្រោយ​ឆ្នាំ​២០១៥ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដ៏​ស៊ីជម្រៅ និង​ត្រឹមត្រូវ ក្នុងការ​លើកកម្ពស់​វិស័យ​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ លទ្ធផល​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ក៏​នឹង​បម្រើ​សំណូមពរ​ព័ត៌មាន​ស្ថិតិ របស់​អ្នកធ្វើ​គោលនយោបាយ ក្នុងការ​រៀបចំ​វាយតម្លៃ លើ​គោលនយោបាយ និង​កម្មវិធី​សេដ្ឋកិច្ច សង្គមកិច្ច ដើម្បី​ឆ្លើយតប​នឹង​កិច្ចអភិវឌ្ឍន៍ ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការឆ្លើយតប​ឱ្យចំ​ទិស ដៅ​ដល់​ប្រជាពលរដ្ឋ​។​

​រីឯ​លោកស្រី រេ​បី​កា ប្លេ​ក តំណាង​អង្គការ យូ អេស អេ អាយ ឌី ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ទោះបី​លទ្ធផល​បង្ហាញ​វឌ្ឍនភាព សុខភាព​មាតា​និង​ទារក និង​ផែនការ​គ្រួសារ បានល្អ​ប្រសើរ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ភាព​កង្វះ​អាហារូបត្ថម្ភ អត្រា​គ្របដណ្តប់ ចាក់​ថ្នាំ​បង្ការ​ជំងឺ មិនទាន់​ទទួលបាន​លទ្ធផល គួរ​ជាទី​គាប់ចិត្ត​នៅឡើយ ហើយ​ចំនួន ១​ភាគ​៣ នៃ​កុមារ​កម្ពុជា អាយុ​ក្រោម​៥​ឆ្នាំ មាន​ភាព​ក្រេះ​ក្រិន ឬ​មាន​កម្ពស់​ក្រោម​ស្តង់ដារ​អាយុ ដែល​នេះ​បង្ហាញ​ពី​សញ្ញា​កង្វះ​អាហារូបត្ថម្ភ  រ៉ាំរ៉ៃ ហើយ​ជាង​ពាក់កណ្តាល នៃ​កុមារ​កម្ពុជា មាន​ភាពស្លេកស្លាំង​។​

​សូមបញ្ជាក់ថា ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា បានធ្វើ​ឡើង​ចំនួន ៤ លើក​រួចមកហើយ រួមទាំង​លើក​នេះ ដែល​ត្រូវ​រៀបចំ​ធ្វើ​រាល់​៥​ឆ្នាំ​ម្តង​។ ដោយឡែក ការ អង្កេត​ប្រចាំឆ្នាំ​២០១៥​នេះ បាន​គ្របដណ្តប់​ទៅលើ​គ្រួសារ ជិត​១​ម៉ឺន​៦​ពាន់​គ្រួសារ ចំនួន​ស្ត្រី និង​បុរស​គោលដៅ ដែលមាន​អាយុ​ចាប់ពី ១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំ សម្រាប់​សម្ភាសន៍​មាន​ស្ត្រី ជាង​១៧​ម៉ឺន​នាក់ និង​បុរស​ជាង​៥​ពាន់​នាក់ និង​ក្នុងភូមិ​គោលដៅ ចំនួន​៦១១​ភូមិ នៅ​ទូទាំងប្រទេស​៕V​/S