លោក អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​តូចៗ​មិនមែនជា​គូប្រជែង​គណបក្ស​សង្គ្រោះ​ជាតិ​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល លោក អេង ឆៃអ៊ាង បានបញ្ជាក់​នៅថ្ងៃនេះ​ថា គូប្រកួត​ប្រជែង​ពិតប្រាកដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅលើ​ឆាកនយោបាយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​ឆ្លើយឆ្លង​ជាមួយនឹង​គណបក្ស​ដែល​គ្មាន​អាសនៈ​នៅ​រដ្ឋសភា​នោះទេ ។ ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ដូច្នេះ​ត្រូវបាន​គេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​មាន​គណបក្សនយោបាយ​ខ្លះ​បានបង្ហាញ​បំណង​ចង់​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ចេតនា​នោះ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា​គ្មាន​ប្រយោជន៍​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ពិសេស​កិច្ចការ​ពាក់ព័ន្ធ​ជាមួយ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ពេល​ទៅ​ជជែក​ជាមួយ​គណបក្សនយោបាយ​ផ្សេងទៀត​ដែលមាន​ថ្នាក់ដឹកនាំ​មិន​ស្មោះត្រង់​ចំពោះ​ប្រជារាស្ត្រ  គ្មាន​សមត្ថភាព និង​ទៅធ្វើ​រណប​គេ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​បាន​សង្កត់ធ្ងន់ថា ពាក្យ​ចចាមអារ៉ាម ថា​គណបក្ស​សង្គ្រោះ​ជាតិ​គិត​ជួប​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ មិន​ពិត​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ក្តីសង្ឃឹម​តែមួយគត់ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទៅ​ចំណាយពេល ក្នុង​រឿង​ឥតប្រយោជន៍​ទេ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោតទៅលើ​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។​

​គួររំលឹកថា កន្លងមក លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​កម្ពុជា បាន​បញ្ជាក់ថា គូប្រជែង​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ លោក កឹម សុខា បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រៀប​៣​ចំណុច​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច ដូចជា​៖ ទី​១-​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រៀប​ជាង​គណបក្ស​ដទៃ រាប់ទាំង​ការដោះស្រាយ បញ្ហា​ព្រំដែន អន្តោប្រវេសន៍ សេដ្ឋកិច្ច ភាពក្រីក្រ និង​សង្គម​ជាដើម ។ ទី​២-​រចនាសម្ព័ន្ធ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មាន​រចនាសម្ព័ន្ធ​មិន​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​រចនាសម្ព័ន្ធ​ច្រើន រឹងមាំ និង​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់ជាង ។ ចំណុច​ទី​៣-​សកម្មភាព​បច្ចុប្បន្នរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​សកម្មភាព​បាន​ទូលំទូលាយ មាន​ផែនការ​ច្បាស់លាស់ និង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​៕

11147159_970414743023274_1500628884790256534_n