ពលរដ្ឋ​នៅ​ស្ទឹងត្រែង​បារម្ភ​ខ្លាច​តុលាការ​ឃុំ​ខ្លួន​រឿង​ជម្លោះ​ដី

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង បារម្ភ​ខ្លាច​តុលាការ​ឃុំ​ខ្លួន​ក្រោម​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរបាល​ស្នងការ​ខែត្រ​ស្ទឹងត្រែង។ ក្តី​បារម្ភ​នេះ​កើត​ឡើង បន្ទាប់​ពី​ពលរដ្ឋ​ក្នុង​គ្រួសារ​នោះ​បាន​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​នៅ​សាលាដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​មន្ត្រី​នគរបាល​ដែល​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ កំពុង​ឋិត​ក្នុង​ដំណើរការ​ស៊ើប​អង្កេត​របស់​សាលាដំបូង​ខែត្រ​ក្រចេះ ធ្វើ​អោយ​ពលរដ្ឋ​មួយ​គ្រួសារ​នោះ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន និង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល។

ជា​មេ​គ្រួសារ​ដែល​រស់​នៅ​ឃុំ​អូរឫស្សីកណ្តាល ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង លោក ស៊ី សែន មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ចៅក្រម​ស៊ើបសួរ​ឈ្មោះ គឹម សុគន្ធា  បង្គាប់​ឲ្យ​លោក​យក​ប្រាក់​ចំនួន​ជាង ៥០០​ដុល្លារ ទុក​តម្កល់ ដើម្បី​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ។

លោក​បញ្ជាក់​ថា ដីធ្លី​របស់​លោក​គ្រប់គ្រង​មាន​ទំហំ​ជាង ៤​ពាន់​ម៉ែត្រក្រឡា (៤.៤៦៥) ឋិត​នៅ​ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ ជា​ប្រភេទ​​ដី​លំនៅឋាន​មាន​ផ្ទះ​មួយ​ខ្នង។ លោក​ថា ដី​នេះ​លោក​បាន​ទិញ​ពី​ឈ្មោះ ទែន វ៉ាន់ កាល​ពី​ឆ្នាំ​២០០៤ ដែល​មាន​អាជ្ញាធរ​ភូមិ ឃុំ​ដឹង​ឮ តែ​រហូត​ដល់​ឆ្នាំ​២០០៩ ស្រាប់​តែ​លោក ដួង ស៊ីវត្ថា ប្ដឹង​លោក​ដើម្បី​ឲ្យ​លោក​ប្រគល់​ដី​នេះ​ឲ្យ​គេ៖ «ពាក្យ​សម្ដី​របស់​គេ បើ​ខ្ញុំ​មិន​ចេញ​នឹង​ជាប់​គុក​ពី​បទ​រំលោភ​កិច្ចសន្យា។ អយុត្តិធម៌​សម្រាប់​ពលរដ្ឋ និយាយ​ទៅ​ទូទៅ​តែម្ដង​ឲ្យ​តែ​អ្នក​ធ្វើ​ការ។ គាត់​មាន​លុយ​ហើយ គាត់​ស័ក្ដិ​ធំ​ទៀត​កាល​ពី​ដើម​ឡើយ គ្មាន​ក្រដាស​ស្នាម​ទិញ​ទេ ឲ្យ​ភូមិ​ផ្ដិត​មេដៃ ហើយ​សុំ​មេដៃ​ធ្វើ​ប្លង់​នៅ​អូរគ្រៀង មក​ប្ដឹង​ខ្ញុំ»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​ការិយាល័យ​នគរបាល​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខែត្រ​ស្ទឹងត្រែង លោក ដួង ស៊ីវត្ថា មិន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នោះ​ទេ។ លោក​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី សួរ​ស្នងការ​នគរបាល​ខែត្រ​ស្ទឹងត្រែង ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​១៤ តុលា លោក ស៊ី សែន ចូល​ខ្លួន​មក​ស្រាយ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ក្រចេះ ក្រោម​បទ​ចោទ​ថា រំលោភ​លើ​ទំនុក​ចិត្ត​តាម​មាត្រា ១៨៦ ១៨៧ ១៨៨ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៧។

​ករណី​នេះ​ដែរ មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ឌិន ខន្នី យល់​ថា ប្រសិនបើ​សាលាដំបូង​ខែត្រ​ក្រចេះ តម្រូវ​ឲ្យ​ពលរដ្ឋ​យក​ប្រាក់​តម្កល់​ជា​ថ្នូរ​ដើម្បី​ឲ្យ​នៅ​ក្រៅ​ឃុំ ស្រប​ពេល​ដែល​សំណុំ​រឿង​មិន​ទាន់​ស៊ើប​អង្កេត​ថា ជា​ករណី​ខុស​នីតិវិធី។

លោក​ចាត់​ទុក​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរបាល​មាន​អំណាច គឺ​ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ​ស្លូតត្រង់​ដែល​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់៖ «បើ​រក​ឃើញ​ថា គាត់​ខ្វះ​ទំនុក​ចិត្ត​មែន ហេតុ​អី​បាន​ជា​តុលាការ​ឲ្យ​គាត់​ធានា​នៅ​ក្រៅ​ឃុំ​ទៅ​វិញ? អ៊ីចឹង​បើ​សិន​រក​ឃើញ​ថា គាត់​មិន​ខុស​ទេ យើង​ត្រូវ​ដោះលែង​គាត់»

​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា កាល​ពី​ឆ្នាំ​២០០៩ ប្រធាន​គណៈកម្មការ​សុរិយោដី​ស្រុក​សំបូរ ខែត្រ​ក្រចេះ បាន​បង្កើត​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​វិវាទ ដោយ​តម្រូវ​ដើម​ចោទ លោក ដួង ស៊ីវត្ថា ដូរ​ដី​មួយ​កន្លែង​ត្រង់​មាត់​អូរ​ខាង​ក្រោយ​ដី​កំពុង​មាន​ទំនាស់​ឲ្យ​ទៅ​លោក ស៊ី  សែន។ ចំណែក​ដើម​ចោទ​លោក ដួង  ស៊ីវត្ថា ត្រូវ​ប្រគល់​ដី​មាន​ក្បាល ១០​ម៉ែត្រ ជាប់​ព្រំប្រទល់​បន្ទាយ​ទាហាន វីរៈ ៤២២ ឲ្យ​ទៅ​លោក ស៊ី សែន គ្រប់គ្រង។ តែ​ទោះជា​យ៉ាង​ណា លោក ស៊ី សែន អះអាង​ថា កិច្ច​ព្រមព្រៀង​របស់​គណៈកម្មការ​សុរិយោ​ដី គឺ​មាន​តែ​ក្នុង​ក្រដាស ព្រោះ​លោក ដួង ស៊ីវត្ថា ពុំ​មាន​ដី​សម្រាប់​ប្រគល់​ក្នុង​ការ​ដោះដូរ​នោះ​ទេ។ ចំណែក​ពាក្យ​បណ្ដឹង​របស់​លោក ដួង ស៊ីវត្ថា គឺ​ដើម្បី​ចង់​បាន​ដីធ្លី​ដែល​លោក ស៊ី សែន គ្រប់គ្រង​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។