អ្នកស្រុក​ជាង​1000​គ្រួសារ​តវ៉ា​ពី​តម្លៃ​អគ្គិសនី បច្ចុប្បន្ន​បាន​ឡើងថ្លៃ​ក្នុង​1​គីឡូវ៉ាត់ម៉ោង​3900​រៀល

អ្នកស្រុក​ជាង​1000​គ្រួសារ​តវ៉ា​ពី​តម្លៃ​អគ្គិសនី បច្ចុប្បន្ន​បាន​ឡើងថ្លៃ​ក្នុង​1​គីឡូវ៉ាត់ម៉ោង​3900​រៀល

ខេត្តស្វាយរៀង ៖ អ្នក​ភូមិ​ជិត​១០០​គ្រួសារ រស់នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ជៀង អំ អភិបាលខេត្ត ដោយ​ចោទ​លោក
មេ​ភូមិ​ថា​ បាន​ឃុបឃិត​ជាមួយ​ក្រុម​អ្នកម៉ៅការ​អគ្គិសនី​ខេត្ត​យក​តម្លៃ​ខ្ពស់កប់ពពក​រហូត​ដល់​៣.៩០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ខណៈ​អគ្គិសនី​នៅ​ក្រុង​ស្វាយ​រៀង​មាន​តម្លៃ​ត្រឹមតែ​៦៥០​រៀល​ប៉ុណ្ណោះ ។ ការ​លើកគ្នា​មក​តវ៉ា​នេះ​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ តុលា ។

អ្នកស្រី ព្រំ យាន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ថ្មី បាន​និយាយ​ថា កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ លោក​មេ​ភូមិ​ពោធិ៍​ថ្មី បាន​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៧២​គ្រួសារ​ផ្តិត​មេដៃ​ចូល​ជា​សមាជិកសមាគម​ប្រើប្រាស់​អគ្គិសនី ដើម្បី​ស្នើ​សុំ​ត​បណ្តាញ​ពី​អគ្គិសនី​ខេត្តស្វាយរៀង ដោយ​មានឈ្មោះ​ហេង ជា​អ្នកម៉ៅការ ហើយ​បាន​ព្រមព្រៀង​យក​តម្លៃ​៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។ ក្រោយមក​អ្នកម៉ៅការ និង​លោក​មេ​ភូមិ ប្រាប់​ប្រជាពលរដ្ឋ​ថា បាត់បង់​ថាមពល​អគ្គិសនី​មិន​ចំណេញ​សោះ ក៏​សុំ​ដំឡើង​ថ្លៃ​ក្នុង​មួយ​ខែ​៣០០​រៀល​បន្ថែម គឺ​ស្មើនឹង​តម្លៃ​១.១០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។

ចាប់ពី​ពេល​នោះ​មក គេ​ឃុបឃិត​គ្នា​ដំឡើង​ថ្លៃ​មិន​ឈប់​រហូត​មក​ដល់​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១៥​នេះ បាន​ហក់​ឡើងថ្លៃ​រហូត​ដល់​៣.៩០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង គឺ​ថ្លៃ​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​គេ​ទារ​ថ្លៃ​ថែម​១​ដុល្លារ​ទៀត​បើ​មានការ​ជួសជុល ឬត​បណ្តាញ​ចរន្ត​ភ្លើង​ដែល​រង​ការ​ខូចខាត ។

ដោយសារ​តែ​ទ​ង្វើ​ទាំង​អស់នេះ​ហើយ ទើប​អ្នក​ភូមិ​កើតទុក្ខ​មិន​សុខចិត្ត ក៏​លើកគ្នា​មក​តវ៉ា សុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ឱ្យ​ជួយ​ដោះស្រាយ​បន្ទាន់ ។

នៅ​ព្រឹក​នោះ លោក​អភិបាលខេត្ត ជៀង អំ បាន​ចាត់តាំង​លោក សុ​៊ំ សុ​ជាតិ អភិបាលរង​ខេត្ត ចេញ​មក​ទទួល​ពាក្យបណ្តឹង និង​បាន​សន្យា​ថា លោក​អភិបាលខេត្ត​នឹង​ជួប​ជាមួយ​លោក​ប្រធាន​អគ្គិសនី​ខេត្ត​រក​ដំណោះស្រាយ​ទៅ​តាម​សំណើ ដោយ​សុំ​តម្លៃ​ត្រឹម​១.២០០​រៀល​ទៅ​១.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។

ទាក់ទង​នឹង​ករណី​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហេង អ្នកម៉ៅការ​អគ្គិសនី​បាន​ទេ ហើយ​ក៏​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ប្រធាន​អគ្គិសនី​ខេត្តស្វាយរៀង​បាន​ដែរ នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា​នេះ ។

ក្រុម​អ្នក​តាមដាន​និយាយ​ថា តម្លៃ​អគ្គិសនី ៣.៩០០​រៀល​នេះ ប្រាកដជា​ថ្លៃ​កប់​ពពក​មែន​។ ជា​តម្លៃ​ជាប់​លេខ​១ បើ​គិត​ទូ​ទាំង​ប្រទេស ។ តម្លៃ​ខ្ពស់​បែប​នេះ​ហើយ សម​ណាស់​ដែល​គណបក្សប្រឆាំង​ប្រកាស​ថា​ចង់ «​ផ្លាស់​ប្តូរ​» នោះ ៕

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព