រថយន្ត​តាក់ស៊ី​ដឹក​អ្នកជំងឺ​របេង​មក​ពេទ្យ ឃើញ​អាកា​រៈ​មិន​ស្រួល​ទម្លាក់​ចោល​តាម​ផ្លូវ

រថយន្ត​តាក់ស៊ី​ដឹក​អ្នកជំងឺ​របេង​មក​ពេទ្យ ឃើញ​អាកា​រៈ​មិន​ស្រួល​ទម្លាក់​ចោល​តាម​ផ្លូវ

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ធី រ៉​ន អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ដែល​មាន​ជំងឺរបេង​ធ្ងន់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​រថយន្ត​តាក់ស៊ី​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ តែ​ដោយ​ឃើញ​អាកា​រៈ​ស្ត្រី​ខាងលើ​មិន​ស្រួល​ក៏​ទម្លាក់​ចុះ​ពី​រថយន្ត ដោយសារ​ខ្លាច​ស្លាប់​នៅ​ក្នុង​រថយន្ត រួច​ហើយ​បើក​រត់​បាត់​ស្រមោល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ពេញ​ក្រុង​ព្រះ​វិហារ ។

បុរស​ជា​ ប្តី​ឈ្មោះ អ៊ឹម សែន អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​វរ​សេនា​តូច​លេខ​៣៧៥ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ ដែល​មានកូន​៣​នាក់​(​ស្រី​១​នាក់​)​ក្នុង​បន្ទុក បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ តុលា ថា ប្រពន្ធ​របស់​គាត់​មាន​ជំងឺរបេង​រយៈពេល​២​ឆ្នាំ​មក​ហើយ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ដោយ​អាកា​រៈ​ជំងឺ​របស់​ប្រពន្ធ​គាត់​ធ្ងន់ធ្ងរ​ពេក រូប​គាត់​ក៏​បញ្ជូន​ប្រពន្ធ​ពី​លំនៅ​ឋាន​ទៅ​កាន់​មន្ទីរពេទ្យ​ឃុំ​ស្រឯម តាម​រយៈ​រថយន្ត​សា​មុ​យ​របស់​វរ​សេនា​តូច​លេខ​៣៧៥​។ ប៉ុន្តែ​ដោយសារ​អាកា​រៈ​ប្រពន្ធ​គាត់​ចេះ​តែ​ធ្ងន់​ទៅ​ៗ ដោយ​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ប្រពន្ធ​របស់​គាត់​មាន​កម្រិត​ឈាម​ត្រឹមតែ​៤​ប៉ុណ្ណោះ ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន តម្រូវ​ឱ្យ​រូប​គាត់​ជា​ប្តី​បញ្ជូន​ប្រពន្ធ​ទៅ​សង្គ្រោះ​បន្ត​នៅ​ មន្ទីរពេទ្យ​១៦​មក​រា ក្រុង​ព្រះ​វិហារ ។

បុរស​ជា​ប្តី​បន្ត​ថា ខណៈនោះ​រូប​គាត់​បាន​ហៅ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​ប្រភេទ​កាម​រី​ឆ្លាម មិន​ចាំ​ស្លាក​លេខ​ដឹក​ប្រពន្ធ​និង​រូប​គាត់​ពី​ភូមិ​ស្រឯម មក​កាន់​មន្ទីរពេទ្យ​ក្រុង​ព្រះ​វិហារ ក្នុង​តម្លៃ​២​ម៉ឺន​រៀល ប៉ុន្តែ​ពេល​មក​ដល់​ក្រុង​ព្រះ​វិហារ​មិន​ទាន់​ដល់​មន្ទីរពេទ្យ​ផង ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ដកចង្កាមាន់ ។ ពេល​នោះ អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ឃើញ​សភាព​ប្រពន្ធ​របស់​គាត់​មិន​ស្រួល ក៏​ទម្លាក់​គាត់​និង​ប្រពន្ធ​របស់​គាត់​ចោល​នៅ​ចិញ្ចើម​ផ្លូវ ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ហើយ​ប្រពន្ធ​របស់​គាត់​ក៏​បាន​ស្លាប់​នៅ​ពេល​នោះ​ដែរ​។ ក្រោយមក រូប​គាត់​ក៏​បាន​បី​សព​ប្រពន្ធ​យក​មក​ដាក់​នៅ​មុខ​ផ្ទះ​មួយ​ខាងត្បូង​ផ្សារ​ កំពង់់​ប្រណាក បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

សូម​ បញ្ជាក់​ថា សព​ស្ត្រី​រូប​នេះ​ត្រូវ​បាន​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៣៧៥ បញ្ជូន​រថយន្ត​មក​ដឹក​សព​យក​ទៅ​លំនៅ​ឋាន​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត​តាក់​ស៊ី ដែល​បាន​ទម្លាក់​ស្ត្រី​ខាងលើ​ចោល សមត្ថកិច្ច​កំពុង​ស្វែងរក​ដើម្បី​នាំ​ខ្លួន​មក​សាកសួរ​និង​ចាត់ការ​តាម​ នីតិវិធី ៕

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព