លោក​តា​ ជ័យ ប៊ុនឈឿ ទទួល​បាន​ថ្លៃ​ព្យាបាល និង​ផ្ទះ​ថ្មី​១​ខ្នង​ពី ហ៊ុន ម៉ាណា​

លោក​តា​ ជ័យ ប៊ុនឈឿ ទទួល​បាន​ថ្លៃ​ព្យាបាល និង​ផ្ទះ​ថ្មី​១​ខ្នង​ពី ហ៊ុន ម៉ាណា​

លោក​តា​ ជ័យ​ ប៊ុនឈឿ​ ដែល​ជា​អាជ្ញា​កណ្តាល​​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​ដ៏​ប្រជា​ប្រិយ​ និង​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ខ្វះ​ខាត​ថវិកា​ព្យាបាល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​នោះ​ ពេល​នេះ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ហើយ​ដោយ​លោក​ស្រី​ ហ៊ុន ម៉ាណា អគ្គ​នាយិកា​នៃ​ទូរទស្សន៍​បាយ័ន​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល។

 លោក​តា​ ជ័យ ប៊ុនឈឿ ទទួល​បាន​ថ្លៃ​ព្យាបាល និង​ផ្ទះ​ថ្មី​១​ខ្នង​ពី ហ៊ុន ម៉ាណា​លោក​តា ជ័យ ប៊ុនឈឿ កាល​ធ្វើ​ជា​អាជ្ញា​កណ្តាល

 

លោក​ព្រឹទ្ធាចារ្យ​ ជ័យ ប៊ុនឈឿ​ បាន​អវត្តមាន​ពី​សង្វៀន​ប្រដាល់​ជា​លើក​ទី​ពីរ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ដោយ​សារ​ជំងឺ​មហារីក​សាច់​ដុំ​ជើង​ និង​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល។ លោក​បាន​ត្រឹម​តែ​ព្យាបាល​នៅ​ផ្ទះ​តិច​តូច​ និង​មក​មន្ទីរ​ពេទ្យ​ម្តង​ម្កាល​ប៉ុណ្ណោះ។

 

កូន​ស្រី​របស់​លោក​ធ្លាប់​បាន​ប្រាប់​ Sabay ថា​​ មាន​សប្បុរស​ជន​មួយ​ចំនួន​បាន​ជួយ​ដល់​ការ​ព្យាបាល​របស់​លោក​ខ្លះ​ដែរ​ ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ព្យាបាល​រយៈ​ពេល​យូរ​អង្វែង។ កូន​ស្រី​របស់​លោក​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​ឲ្យ​ជួយ​ដល់​ការ​ព្យាបាល​ជំងឺ​មហារីក​សាច់​ដុំ​បន្ថែម​ទៀត។

ពេល​នេះ​​គ្រួសារ​របស់​លោក​តា​ ជ័យ ប៊ុនឈឿ​ ​ស្រួល​ចិត្ត​ហើយ​​​ដោយ​លោក​ស្រី ហ៊ុន ម៉ាណា​អគ្គនាយិកា​នៃ​ទូរទស្សន៍​បាយ័ន​បាន​ទទួល​បន្ទុក​លើ​ការ​ថ្លៃ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តាម​ប្រភព​ពី​បុគ្គលិក​ទូរទស្សន៍​បាយ័ន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​មនុស្សធម៌​របស់​ លោក​ស្រី​ ហ៊ុន ម៉ាណា​​នឹង​ប្រគល់​ផ្ទះ​ទេវតា​១​ខ្នង​​ថែម​ទៀត​ដល់​លោក​តា​ ជ័យ​ ប៊ុនឈឿ​ ​នៅ​ខេត្ត​បាត់ដំបង​ ដែល​ជា​ស្រុក​កំណើត​គាត់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

 

លោក​តា​ ជ័យ ប៊ុនឈឿ​ធ្លាប់​ប្រកាស​ឈប់​ពី​ការងារ​ជា​អាជ្ញា​កណ្តាល​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ម្តង​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៤​ ប៉ុន្តែ​ដោយ​សារ​ជីវភាព​ខ្វះ​ខាត​ លោក​បាន​សម្រេច​មក​ធ្វើ​ជា​អាជ្ញា​កណ្តាល​ម្តង​ទៀត​នៅ​ដើម​ឆ្នាំ​២០១៥។ ទោះ​ជា​យ៉ាង​ណា​ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​បាន​​មួយ​រយ​ពេល ជំងឺ​របស់​លោក​ក៏​ធ្វើ​ទុក្ខ​ ហើយ​ផ្អាក​ពី​ការងារ​កីឡា​​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥។ តាំង​ពី​កុមារភាព​រហូត​ដល់​វ័យ​ជាង​៧០​ឆ្នាំ លោក​បាន​បូជា​ពេល​វេលា​ទាំង​ស្រុង​ក្នុង​ការងារ​កីឡា៕

 

លោក​តា​ ជ័យ ប៊ុនឈឿ ទទួល​បាន​ថ្លៃ​ព្យាបាល និង​ផ្ទះ​ថ្មី​១​ខ្នង​ពី ហ៊ុន ម៉ាណា​លោក​តា ជ័យ ប៊ុនឈឿ សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យកាល់ម៉ែត (រូបថត៖ Seyha Btv)

 

អត្ថបទ៖ ជាន ចាន់រ៉ា​​