បុរស​​ម្នាក់​​របួស​ក្បាល​ធ្ងន់​ បន្ទាប់ពី​ចោរ​ប្រដាប់​អាវុធ​២​នាក់​​វាយ​និង​កាំភ្លើងខ្លី​​ប្លន់​​​​ម៉ូតូ​ស្គូពី

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ហូរ​ឈាម​កក្លាក់​ជោក​ខ្លួន ដោយសារ​ត្រូវ​ចោរ​ប្រដាប់​ដោយ​អាវុធ​ខ្លី​២​នាក់​ជិះ​ម៉ូតូ​តាម​វាយ​មួយ​ស្នាប់​កាំភ្លើងខ្លី ព្រមទាំង​ភ្ជង់​គំរាម​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូ​ពី​១​គ្រឿង ខណៈ​កំពុង​ធ្វើ​ដំណើរ​ចេញពី​កន្លែង​ធ្វើការ​ឆ្ពោះទៅ​រក​ទិញ​បង្អែម​តែ​ម្នាក់ឯង កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រឹម សារី អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ស៊ី​ភី មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​តា​ប៉ុក​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​រង​របួស​បែកក្បាល​៤​កន្លែង​ដេរ​ចំនួន​១៥​ថ្នេរ​) ហើយ​ម៉ូតូ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CA-7741 ។ ចំណែក​ក្រុម​ចោរប្លន់​មាន​គ្នា​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ មធ្យោបាយ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង​គ្មាន​ស្លាក​លេខ ។

តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ស៊ី​ភី ទៅ​រក​ទិញ​បង្អែម​នៅ​ផ្សារ​បែក​ចាន ។ លុះ​ពេល​ទិញ​បាន​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ តែ​ពេល​ជិះ​ចេញពី​កន្លែង​លក់​បង្អែម បាន​ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ ក៏​ត្រូវ​ក្រុម​ចោរ​ជិះ​ម៉ូតូ​តាម​ពីក្រោយ ហើយ​យក​កាំភ្លើងខ្លី​វាយ​លើ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែក​ហូរ​ឈាម ។ បន្ទាប់​មក ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​មើល​មុខ ក៏​ត្រូវ​ក្រុម​ចោរ​ភ្ជង់​គំរាម​បាញ់​សម្លាប់ ទើប​ជន​រង​គ្រោះ​ចុះ​ចេញ​ពីលើ​ម៉ូតូ ហើយ​ចោរ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ៕

បុរស​​ម្នាក់​​របួស​ក្បាល​ធ្ងន់​ បន្ទាប់ពី​ចោរ​ប្រដាប់​អាវុធ​២​នាក់​​វាយ​និង​កាំភ្លើងខ្លី​​ប្លន់​​​​ម៉ូតូ​ស្គូពី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត