ទាហាន​ការពារ​ព្រំដែន​នៅតែ​បើកដៃ​ឲ្យ​យួន​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ

បទល្មើស​យួន​ចូលមក​កាប់​ឈើ​តាម​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដោយសារតែ​យោធា​ការពារ​ព្រំដែន​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ខ្វះ​ការពិចារណា​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​ច្រករបៀង​ប៉ុស្តិ៍​៥​និង​ប៉ុស្តិ៍​៦​បាន​ឃុបឃិត​គ្នា​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ជិត​១០០​គោយន្ត​កែច្នៃ​។ យោធា​វរ​ការពារ​ព្រំដែន​លេខ​១០៣ គឺជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ទាំងស្រុង ព្រោះ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​តាម​ព្រំដែន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ពួកគេ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹងថា គិតពី​ថ្ងៃទី​០៧ ខែតុលា ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ យ៉ាងហោចណាស់​១​ថ្ងៃៗ​មាន​ត្រាក់ទ័រ​និង​គោយន្ត​ច្នៃ​របស់​ជនជាតិ​យួន​ពី​១០​ទៅ​១៥​គ្រឿង​ចូលមក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ ហើយ​ក្នុង​គោយន្ត​និង​ត្រាក់ទ័រ​១​គ្រឿង​អាច​ដឹកឈើ​បាន​ពី​៣​ទៅ​៥​ម៉ែត្រគូប​។ ចំណុច​ដែល​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​នោះ គឺ​នៅ​ចន្លោះ​ប៉ុស្តិ៍​៥​និង​ប៉ុស្តិ៍​៦​ដែល​គេ​ហៅថា ប៉ុស្តិ៍​ដាក់​ជម ក្នុង​ឃុំក្រង​តេស ស្រុក​ពេ​ជ្រា​ដា​។ នៅពេល​ដែលមាន​ប្រជាពលរដ្ឋ​ទៅ​ឃើញ​សកម្មភាព​ជនជាតិ​យួន​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ ស្រាប់តែ​យោធា​វរ​លេខ​១០៣​បាន​ចាប់​ដកយក​ម៉ាស៊ីន​ថត​លុប​រូប​ទាំងអស់​ចោល ហើយ​គំរាមថា​ឈប់​មក​ថត​នៅទីនេះ​ទៀត​។ ទាហាន​៣​នាក់​ដែល​ចេញមុខ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ មាន​គ្នា​៣​នាក់​ទី​១-​ឈ្មោះ ត្រា ទី​២-​ឈ្មោះ ថា​ត និង​ទី​៣-​ឈ្មោះ សូ​ណូ ជា​ទាហាន​វរ​ការពារ​ព្រំដែន​គោក​លេខ​១០៣​ប្រចាំ​ព្រំដែន​ស្រុក​ពេ​ជ្រា​ដា​។

​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​លើកឡើងថា ការដែល​ទាហាន​វរ​ការពារ​ព្រំដែន​គោក​លេខ​១០៣ ហ៊ាន​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​រាប់រយ​គោយន្ត​និង​ត្រាក់ទ័រ​ក្នុង​ទឹកដី​ខ្មែរ គឺអាច​មានការ​បើកដៃ​ពី​លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​១០៣​តែម្ដង​។ ប្រ​សិប​បើ​គ្មាន​ការបើក​ដៃ​ពី​មេបញ្ជាការ​ទេនោះ គឺ​កង​ទាហាន​ក្រោម​ឱវាទ​មិន​ហ៊ាន​ធ្វើ​អី្វៗ​ស្រេច​តែ​អំពើ​ចិត្ត​ទេ ដូច្នេះ​មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ​។ ជាងនេះទៅទៀត​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជនជាតិ​យួន​អាច​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត ហើយ​ត្រូវ​ដាក់ទោស​សមត្ថកិច្ច​ខិលខូច​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ខុស​តទៅទៀត​៕

dim-pich1-500x281 dim-pich3-500x281