វង់ សាវុធ មេ​ច្រក​កំពង់​ក្រសាំង បើក​ល្បែងស៊ីសង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​បុរី​ជលសា ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក ឡាយ វណ្ណៈ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​បុរី​ជលសា បាន​ឲ្យ​ដឹងថា​លោក​វរសេនីយ៍ត្រី វង់ សាវុធ មេ​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់​ក្រសាំង ជា​អ្នកបើក​ល្បែង​បញ្ជល់មាន់​ស្រេច​តែ​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ លោក វង់ សាវុធ ត្រូវបាន​គេ​ដឹងថា គឺជា​អ្នកកាង​ល្បែង​បញ្ជល់មាន់​ដោយមាន​មន្ត្រីជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង ទើប​មន្ត្រី​អាជ្ញាធរ​តូចតាច​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ច្រក​កំពង់​ក្រសាំង បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​មនុស្ស​ជាច្រើន​នាក់​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​យួន បាន​ប្រមូល​ផ្ដុំគ្នា​ចូលរួម​លេងល្បែង​បញ្ជល់មាន់​ក្នុង​សង្វៀន​ដែល​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​។ ក្រៅពី​ល្បែង​បញ្ជល់មាន់​គឺមាន​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ផងដែរ ហើយ​សមត្ថកិច្ច​នគរ​បាល​ក្នុង​កាស៊ីណូ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​កាស៊ីណូ​នៅ​តំបន់​ច្រក​កំពង់​ក្រសាំង បាន​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​បំពាន​លើ​បទបញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ​យ៉ាង​គឃ្លើន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​បុរី​ជលសា បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឈ្មោះ វង់ សាវុធ មេ​ប៉ុស្តិ៍​ច្រកទ្វារ​កំពង់​ក្រសាំង បើក​ល្បែង​បញ្ជល់មាន់​និង​កាង​ល្បែង​បញ្ជល់មាន់​តាម​អំពើ​ចិត្ត​រួចមក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​ក្នុង​មូលដ្ឋាន​។ ដោយហេតុថា​ចាប់តាំងពី​ល្បែងស៊ីសង​ដែល​ឈ្មោះ វង់ សាវុធ បង្កើតឡើង​យ៉ាង​អនាធិបតេយ្យ​រួចមក​អំពើចោរកម្ម​ផ្សេងៗ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម រាលដាល​យ៉ាង​ពេញបន្ទុក​តែម្ដង​។ បញ្ហា​នេះ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​លុបបំបាត់​វង់ល្បែង​របស់លោក វង់ សាវុធ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ បើ​មិន​ដូច្នេះ​ទេ​ឈ្មោះ វង់ សាវុធ នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​បំផ្លាញ​សន្តិសុខ​សង្គម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​គ្មាន​ភាពកក់ក្ដៅ និង​ភ័យខ្លាច​គ្មាន​ទីបញ្ចប់​៕

16776425160_9ac3029d80_oលោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ a-tro-paingសង្វៀនបញ្ជល់មាន់ដែលលោក វង់ សាវុធ ជាអ្នកកាង