សព​លោកយាយ​ម្នាក់ ក្រែង​ភ្លឹក មិនទាន់​ស្លាប់ ព្រោះ​សព​មិន​រឹង សាច់ញាតិ មិន​ហ៊ាន​បូជា​

បន្ទាយមានជ័យ: សាច់ញាតិ​នៅ​ស្ទាក់ស្ទើរ​មិន​ដាច់​ចិត្តហ៊ាន​តម្កល់សព ក្នុង​ឈាបនដ្ឋាន ដើម្បី​បូជា​លោកយាយ​ម្នាក់ ដែល​បាន​ស្លាប់​អស់​ពេល ២​ថ្ងៃ​មកហើយ ព្រោះ​សភាព​សព​មិន​ប្រក្រតី គឺ​នៅ​ទន់​កកលាក់ និង​សាច់​ក៏​នៅ​ក្តៅ​នៅឡើយ​។ រហូតមកទល់​ថ្ងៃត្រង់ ថ្ងៃទី​១៧​តុលា​ឆ្នាំ​២០១៥ សាច់ញាតិ​សង្ស័យថា ក្រែង​លោកយាយ​ភ្លឹក មិនទាន់​ស្លាប់​នៅឡើយ​។​
 
​ក្រុមគ្រួសារ​បានធ្វើ​បុណ្យ​សព​រួច​ចប់សព្វគ្រប់ រួច​ដង្ហែ​សព​យកទៅ​បូជា តែ​ដោយមាន​សភាព​ដូចខាងលើ ក៏​លើកសព​ចេញពី​មឈូស​វិញ​មួយរយ​:​។​
 
​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា លោកយាយ​នោះ មានឈ្មោះ សាក ទឺង អាយុ ៦៤​ឆ្នាំ​។ លោកយាយ​មានកូន ៦​នាក់ និង​ចៅ​បង្កើត ១២​នាក់​។ សព្វថ្ងៃ មាន​ចៅ ២​នាក់ រស់នៅក្នុង​បន្ទុក​ជាមួយ​គាត់ តាំង ២​តូច មក​ម្លេះ ត្បិត​ម្តាយ​ពួកវា​ក្រីក្រ ហើយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បាត់​ដំណឹង​ឈឹង​។​

​ទីលំនៅ​សព្វថ្ងៃ លោកយាយ​សព្វថ្ងៃ នៅក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ យាយ​បាន​ស្លាប់ នៅវេលា​ម៉ោង ៤​ល្ងាច ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ហើយ​ក្រុមគ្រួសារ បានធ្វើ​បុណ្យសព​បាន ២​ថ្ងៃ រួចមក ក៏បាន​ដង្ហែ​សព​យកមក​បូជា តាម​បណ្តាំ​សព នៅ​វត្ត​សុភមង្គល ហៅ វត្ត​ក្បាល​ខ្មោច នៅក្នុង​ភូមិ​។​

​ឯ​គ្រូពេទ្យ​ជំនាញ និង​អាចារ្យ អ្នក​ព្លុក និយាយថា លោកយាយ​នេះ ពិតជា​បាន​លា​លោក​ហើយ ជីពចរ​លែង​ដើរ គ្មាន​ចរន្តឈាម​ក្នុង​បេះដូង​ទៀតឡើយ​។ ប៉ុន្តែ​ករណី​សព មិន​រឹង ហើយ​មាន​សភាព​សាច់​នៅ​ក្តៅ គឺ​អាស្រ័យ​លើ​ក្រុមគ្រួសារ តាមដាន​ទៀត​សិន​ចុះ ហើយ​សម្រេចចិត្តថា ត្រូវ​បូជា ឬ​អត់​? អ្នក​ខាងក្រៅ គ្មាន​យោបល់​ទេ​។​
 
​ទោះយ៉ាងណា គេ​នៅ​តម្កល់សព​ក្បែរ​ទី​ប៉ាឆា​ដដែល មិន​នាំទៅ​ផ្ទះ​វិញ​ទេ​។ ក្រុមគ្រួសារ​បាន​និយាយថា សព​គ្មានអ្វី​ប្រែប្រួល​នោះឡើយ​។ ប៉ុន្តែ​ចំណែក​អ្នក​ព្លុក​វិញ នៅពេល​បន្ទាប់មក បាន​និយាយថា សព​មាន​សភាព​ប្រែប្រួល​ចុងដៃ និង​បបូរមាត់ បាន​ឡើង​ខ្មៅ បន្តិច​ម្តងៗ​ហើយ​។ កូន និង​ចៅៗ​នៃ​សព និយាយថា បើ​លទ្ធផល​អ្នកជំនាញ​ថា លោកយាយ​នេះ ពិតជា​ស្លាប់​មែន​នោះ ក្រុមគ្រួសារ នឹង​នាំគ្នា​បូជាសព តាម​ប្រពៃណី​ទៅ​ចុះ​៕

សព​លោកយាយ​ម្នាក់ ក្រែង​ភ្លឹក មិនទាន់​ស្លាប់ ព្រោះ​សព​មិន​រឹង សាច់ញាតិ មិន​ហ៊ាន​បូជា​

សព​លោកយាយ​ម្នាក់ ក្រែង​ភ្លឹក មិនទាន់​ស្លាប់ ព្រោះ​សព​មិន​រឹង សាច់ញាតិ មិន​ហ៊ាន​បូជា​
​សព​លោកយាយ​សាក ទឺង អាយុ​៦៤​ឆ្នាំ​នៅ​ក្តៅ​សាច់ មិ​រឹង ក្រែង​ភ្លឹក :​សាច់ញាតិ​មិនទាន់​ហ៊ាន​បូជាសព​(​រូប​:​សូ​ផុន​)