ខេត្តសៀមរាប ភ្ជុំបិណ្ឌ ៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល ១៥​នាក់​

​សៀមរាប: ក្នុង​រយៈពេល​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥​នេះ នៅ​ខេត្តសៀមរាប គឺមាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៦​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ២​នាក់ និង​របួសធ្ងន់ និង​ស្រាល​ចំនួន ១៥​នាក់​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ វ៉ាន់ វីរៈ អនុប្រធាន​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ទូទាំង​ខេត្តសៀមរាប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន ៦​ករណី បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ចំនួន ៥​គ្រឿង ម៉ូតូ​ចំនួន ១១​គ្រឿង ក្នុង​ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន ១៥ នាក់​។​
​    ​
​លោក​វរសេនីយ៍ទោ វ៉ាន់ វីរៈ បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​ទី​១.​បើក​ល្បឿន​លឿន​ខុសច្បាប់ ចំនួន​២​ករណី​, ទី​២.​មិន​គោរព​អទិភាព ចំនួន​១​ករណី​, ទី​៣.​បត់​ឆ្វេង បត់​ស្តាំ បត់​ត្រលប់​ក្រោយ មិន​ប្រុងប្រយ័ត្ន​ចំនួន​៣​ករណី​។ មូលហេតុ​នេះ គឺជា​ដើមចម​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​។

​លោក​បន្តថា អ្នកស្លាប់​ចំនួន​២​នាក់ គឺ​ម្នាក់​មានឈ្មោះ ប៉ាន ហួត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់ នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បើកបរ​ម៉ូតូ​បុក​ជាមួយនឹង រថយន្ត​នៅ​ទីរួមស្រុក​ជីក្រែង កាលពី​ថ្ងៃទី​១១ ខែតុលា និង​អ្នកស្លាប់​ទី​២​មានឈ្មោះ តឿន យឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ធិបតី ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប កើតហេតុ​នៅ​ស្រុក​ពួក កាលពី​ថ្ងៃទី​១១ ខែតុលា រវាង​ម៉ូតូ និង​រថយន្ត​។​

​លោក​បាន​បន្តទៀតថា ការកើត​ហេតុ​ទាំង​៦​លើក​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​នេះ គឺ​សមត្ថកិច្ច​បានធ្វើការ​ដោះស្រាយ​រួចរាល់ និង​បន្តធ្វើ​ការដោះស្រាយ​ទៅតាម​ច្បាប់​ចរាចរណ៍ និង​មួយចំនួន កំពុងតែ​រៀបចំ​បែបបទ បញ្ជូនទៅ​តុលាការ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​
​លោក​បន្តទៀតថា ការបើកបរ​បើ​អ្នកដំណើរ​គោរព​ច្បាប់​ចរាចរណ៍​គឺ​អ្នក​រួច​ផុតពី​ករណី​គ្រោះ ថ្នាក់​នេះ ប៉ុន្តែ​មាន​អ្នកដំណើរ​មួយចំនួន​តូច ដែល​គាត់​បើកបរ​មិន​គោរព​ច្បាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​៕

ខេត្តសៀមរាប ភ្ជុំបិណ្ឌ ៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល ១៥​នាក់​

ខេត្តសៀមរាប ភ្ជុំបិណ្ឌ ៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល ១៥​នាក់​

​រូបភាព​៖​រយៈពេល​៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តសៀមរាប ស្លាប់​២​នាក់ របួស​១៥​នាក់ ខូច​រថ យន្ត​ចំនួន​៥​គ្រឿង និង​ម៉ូតូ​ចំនួន​១១​គ្រឿង​៕​គូលែន​