តូចចិត្ត​ខ្លួន​ក្រ ស្រឡាញ់​កូនស្រី​អ្នកមាន​មិន​បាន ចង​.​ក​បញ្ចប់ជីវិត

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ព្យាយាម​តាម​ស្រលាញ់​កូនស្រី​គេ​ម្នាក់​ដែល​មាន​ជីវភាព​ធូរធា​ជាង​ខ្លួន ប៉ុន្តែ​ត្រូវ​សាមីខ្លួន ក៏​ដូច​ជា​ក្រុម​គ្រួសារ​មានការ​រើសអើង ធ្វើ​ឱ្យ​បុរស​នោះ​ខូចចិត្ត​ក៏​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​​០៩​យប់​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​វត្ត​ពោធិ៍ ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ប៉ោ សុវណ្ណ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​ឈ្មោះ​ចៅ អឿ​ន ដែល​ត្រូវជា​ម្ដាយមីង​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា គ្រួសារ​ជន​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ ហើយ​ជន​រង​គ្រោះ​បាន​ចាប់ចិត្ត​ស្រលាញ់​កូនស្រី​គេ​ម្នាក់ ដែល​មាន​ជីវភាព​ធូរធារ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​។ កន្លង​មក ជន​រង​គ្រោះ​តែង​រំអុក​ឪពុក​ម្ដាយ​ឱ្យទៅ​ចូល​ស្ដីដណ្ដឹង​គេ​ឆាប់​ៗ ដើម្បី​បាន​រៀប​ការ ប៉ុន្តែ​ត្រូវ​ឪពុក​ម្ដាយ​មិន​ហ៊ាន​ចូល​ស្ដីដណ្ដឹង​ទេ ដោយសារ​គិត​ថា គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ជាងគេ ហើយ​មើលទៅ​ក្រុម​គ្រួសារ​គេ​មានការ​រើសអើង​ផង​ដែរ ។

ប្រភព​បន្ត​ថា កន្លង​មក ជន​រង​គ្រោះ​ធ្លាប់​និយាយ​ថា ក្នុង​ជាតិ​នេះ បើ​ស្រលាញ់​នាង​នោះ​មិន​បាន​ទេ គេ​ក៏​មិន​រស់នៅ​តទៅ​ទៀត
ដែរ​។ ដោយសារ​រំអុក​ឪពុក​ម្ដាយ​យ៉ាងណា ក៏​គាត់​មិន​ព្រម​ចូល​ស្ដីដណ្ដឹង ហើយ​មើលទៅ​នាង​ហាក់បីដូចជា​មិនសូវ​ចាប់អារម្មណ៍​ខ្លួន​ទៀត​នោះ ស្រាប់តែ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៦ តុលា ត្រូវ​គេ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ចង​.​ក​នឹង​ខ្សែ​នីឡុង​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ចម្ងាយ​២០​ម៉ែត្រ​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​មែន ព្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ដែល​បញ្ជាក់​ថា ជា​ករណី​ឃាតកម្ម​នោះ​ទេ ។