ចុះ​ត្រួតពិនិត្យ​ជាតិ​ផ្ទុះ​ពេល​យប់ ឃាត់​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​២​នាក់

ខេត្ត​​ត្បូងឃ្មុំ ៖ ដោយ​អនុវត្ត​តាម​​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​​កម្លាំង​ក្រោម​ឱវាទ​​ចេញ​​ត្រួតពិនិត្យ​ករណី​ជាតិ​ផ្ទុះតាម​ដងផ្លូវ​ កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦​តុលា ២០១៥ ស្ថិត​ត្រង់​ចំណុច​ភូមិ​មេមត់​ថ្មី ឃុំ​មេមត់ ស្រុក​មេមត់ ក៏​បាន​​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់ ព្រម​ទាំង​​ដកហូត​ថ្នាំ​ញៀន​​ចំនួន​១០​កញ្ចប់ និង​ម៉ូតូ​ចំនួន​២​​គ្រឿង​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​វ៉ា​ត កៃ អាយុ​១៨​ឆ្នាំ និង​២-​ឈ្មោះ​ជួប លី​ដា ហៅ​ក្រាល អាយុ​២២​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​បុរី​តេ​ជោ​សែន ឃុំ​ដារ ស្រុក​មេមត់ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។