ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ពី​អំពើ​ចោរកម្ម​ដោយសារ​ល្បែង​ស៊ីសង

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ព្រួយ​បារម្ភ​ពី​អំពើ​ចោរកម្ម និង​ការ​វាយ​តប់​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដោយសារ​តែ​​កន្លែង​លេងល្បែង​ស៊ីសង​កើត​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​សហគមន៍​រស់​នៅ។ ចំណែក​មន្ត្រី​មូលដ្ឋាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​លើ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ថា​ មិន​បាន​​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​ទាំង​នោះ​ទេ។

ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​បី​កន្លែង​នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ មាន​បើក​លេងល្បែង​បៀ ប៊ូល និង​បុក​ប៊ីយ៉ា ស៊ីសង​ជា​ប្រាក់​ដោយ​គ្មាន​ការ​បង្ក្រាប។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ដាក់ដាំ លោក ទើយ ធិ ចាត់​ទុក​ថា ការ​បើក​លេងល្បែង​ស៊ីសង​​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយសារ​កើត​មាន​អំពើ​លួច​គោ​ក្របី និង​ការ​វាយតប់​គ្នា​ដោយ​ហិង្សា​កើត​ឡើង​ដោយសារ​ឥទ្ធិពល​នៃ​វប្បធម៌​ចាញ់​ល្បែង​ពាលា​នេះ។

លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត ចាត់​វិធានការ​បង្ក្រាប​ករណី​នេះ​ជា​បន្ទាន់៖ «ចាក់​លុយ​មែន​ទែន លេងបៀ​ហ្នឹង​ទាំង​ស្រី​ទាំង​ប្រុស ព្រោះតែ​លេងល្បែង​ហ្នឹង​ហើយ​បាន​ជា​កើត​ជា​ចោរ​លួច កើត​ជា​អំពើ​ហិង្សា ចាញ់​ល្បែង​ហ្នឹង​ទៅ​លួច​ប្លន់​គេ ហើយ​កើត​មាន​អំពើ​ហិង្សា​វាយ​តប់​គ្នា មេ​ប៉ុស្តិ៍​ចូល​លេង​ដែរ​ទាំង​ប្ដី​ប្រពន្ធ»

​សហគមន៍​ដាក់​ដាំ​រយៈពេល​ជាង ១​ខែ​កន្លង​ទៅ​មាន​ចោរ​លួច​គោ​អ្នក​ភូមិ ៥​ករណី និង​ក្រុម​យុវជន​វាយ​បង្ក​របួស​ស្នាម​គ្នា​មួយ​ករណី។

មេ​ឃុំ​ដាក់ដាំ លោក សម វ៉ាន្នី ទទួល​ស្គាល់​ថា អាជ្ញាធរ​ឃុំ​មិន​មាន​លទ្ធភាព​បញ្ឈប់​ផ្ទះ​បើក​លេងល្បែង​ខុស​ច្បាប់​នេះ​បាន​ទេ ពីព្រោះ​នាយ​នគរបាល​ប៉ុស្តិ៍​នៅ​តំបន់​នោះ​មិន​ទទួល​យក​ការ​ណែនាំ​ពេល​ចុះ​បង្ក្រាប​កន្លែង​បើក​ល្បែង​នោះ​ឡើយ។ ម្យ៉ាងវិញទៀត មន្ត្រី​នគរបាល​មូលដ្ឋាន​នេះ និង​ភរិយា​គឺ​ជា​អ្នក​រួម​ចំណែក​លេងល្បែង​នៅ​ទី​នោះ​ដូច​គ្នា៖ «ទៅ​បើក​ជាមួយ​គេ ប៉ូលិស​ហ្នឹង​ឲ្យ​គេ​បើក​រឿង​ហ្នឹង។ មាន​សិទ្ធិ​ចាប់​ស្អី ប៉ូលិស​មិន​ឲ្យ​យើង​ផង ហើយ​យើង​អាជ្ញាធរ​ទាំង​មូល»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ដាក់ដាំ លោក ផង់ ហៀក បដិសេធ​ថា កន្លែង​បើក​លេងល្បែង​នោះ​មិន​មាន​លេងបៀ​ស៊ីសង​ជា​ប្រាក់​ទេ គឺ​មាន​តែ​ល្បែង​កម្សាន្ត​ប៊ូល និង​បុក​ប៊ីយ៉ា តែ​​ប៉ុណ្ណោះ៖ «អត់​ទេៗ មាន​លេងបៀ​ឯ​ណា មាន​តែ​បុក​ប៊ីយ៉ា ប៊ូល»

ទាក់ទិន​ករណី​ល្បែង​ស៊ីសង​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត មណ្ឌលគិរី លោក សុក រដ្ឋា អះអាង​ដែរ​ថា មិន​មានតែ​ភូមិ​ពូឆប នោះ​ទេ ល្បែង​ស៊ីសង​ច្រើន​ប្រភេទ មាន​បៀ ឆ្នោត​កន្ទុយលេខ បុក​ប៊ីយ៉ា ភ្នាល់​បាល់ ឬ​លេង​បាល់​ដាក់​ប្រាក់​កើត​មាន​ច្រើន​កន្លែង​នៅ​ក្រុង​សែនមនោរម្យ និង​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​នេះ។

លោក​កត់សំគាល់​ថា ការ​កើន​ឡើង​នៃ​កន្លែង​ល្បែង​ភ្នាល់​ស៊ីសង​ជា​ប្រាក់​គឺ​ជា​កត្តា​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​ចំពោះ​ប្រជាពលរដ្ឋ​ដូច​ជា​ករណី​លួច​គោក្របី ចោរកម្ម​លួច​ម៉ូតូ និង​អំពើ​ប្លន់​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​កើត​មាន​ជា​បន្តបន្ទាប់៖ «បទល្មើស​កំពុង​កើន​ឡើង​ម្ដង​បន្តិចៗ​ដោយសារ​ការ​គ្រប់គ្រង​សន្តិសុខ មិន​បាន​ជាប់​លាប់​ល្អ។ សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ពាក់ព័ន្ធ​ល្បែង​ស៊ី​សង​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ពី​ការ​រស់​នៅ​បារម្ភ​ពី​កូន​ចៅ​ទៅ​រៀន​សូត្រ គេចវេះ​ទៅ​លេង​ល្បែង»

ទោះ​ជា​យ៉ាង​នេះ​ក្តី ស្នងការ​ខេត្ត​មណ្ឌលគិរី លោក តូច យ៉ុន ថ្លែង​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដល់​ព័ត៌មាន​ពី​កន្លែង​បើក​លេងល្បែង​នោះ។ លោក​អះអាង​ថា នឹង​ចាត់​សមត្ថកិច្ច​ប៉ូលិស​ចុះ​បង្ក្រាប​ករណី​នេះ៖ «អត់​អី ខ្ញុំ​ឲ្យ​កម្លាំង​ទៅ អរគុណ​បង​ជួយ​ផ្ដល់​ព័ត៌មាន»

​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំង​ពី​ឆ្នាំ​២០០៩ ពោល​គឺ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រួមគ្នា​លុបបំបាត់​ល្បែង​ស៊ីសង គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ​និង​បទល្មើស​ផ្សេង​ទៀត ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ខេត្ត​មណ្ឌលគិរី កត់សំគាល់​ថា ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​រហូត​បច្ចុប្បន្ន​មិន​​បាន​ជោគជ័យ​ទេ ខណៈ​ដែល​បទល្មើស ជា​ពិសេស​ល្បែងស៊ីសង​កាន់តែ​កើត​មាន​ច្រើន​ឡើង ជា​ពិសេស​ល្បែង​អបាយមុខ​នេះ​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។