លោក ហោ ណាំហុង នឹង​ចូល​រួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-​វៀតណាម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-​វៀតណាម លើក​ទី​១៤ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។

កិច្ច​ប្រជុំ​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​១៩ ខែ​តុលា នា​ទីក្រុង​ហូជីមិញ (Ho Chi Minh) ប្រទេស​វៀតណាម។

ទាក់ទង​នឹង​កិច្ចប្រជុំ​នេះ ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​១៦ តុលា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បញ្ជាក់​ថា នឹង​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​វិញ។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​វិញ។ លោក​ថា ការ​ប្រកាស​ផ្អាក​លើក​ពេល​ដោយសារ​មាន​បញ្ហា​បច្ចេកទេស​ផ្នែក​ឯកសារ។ ប៉ុន្តែ​ពេល​នេះ អ្វីៗ​បាន​រៀបចំ​ចប់​សព្វគ្រប់​អស់​ហើយ។

លោក ជុំ សុន្ទរី ឲ្យ​ដឹង​បន្ថែម​ថា ដោយសារ​កិច្ច​ប្រជុំ​នោះ​ជា​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ដូច្នេះ​លោក​ថា ភាគី​កម្ពុជា នឹង​មាន​មន្ត្រី​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ចូល​រួម។

លោក ជុំ សុន្ទរី មិន​បាន​ឲ្យ​ដឹង​ពី​របៀបវារៈ​ជាក់លាក់​នៃ​កិច្ចប្រជុំ​នោះ​ទេ ប៉ុន្តែ​លោក​ថា ឲ្យ​តែ​បញ្ហា​ណា​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២ គឺ​អាច​ជា​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​នោះ៖ «រាល់​បញ្ហា​ទាំង​តូច ទាំង​ធំ ដែល​ភាគី​ទាំង​ពីរ​ពិនិត្យ​មើល​ឃើញ​ថា វា​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ គឺ​យើង​យក​ទៅ​ពិភាក្សា​គ្នា​ពេល​នោះ​ទាំង​អស់»

បច្ចុប្បន្ន​អាជ្ញាធរ​កម្ពុជា កំពុង​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម ជា​បន្តបន្ទាប់។ កន្លង​មក កម្ពុជា​ក៏​បាន​ធ្វើ​កំណត់​ទូត​ជា​ច្រើន​លើក​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឈប់​រំលោភ​បំពាន​ចូល​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង​ដែរ។ យ៉ាងណា​លោក ជុំ សុន្ទរី មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-​វៀតណាម នឹង​មាន​របៀបវារៈ​ទាំ​ង​នេះ ឬ​ក៏​យ៉ាង​ណា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។