កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ផ្ដល់​ចម្លើយ​ស្ទាក់ស្ទើរ​ពី​ការ​ស្នង​តំណែង​ពី​ឪពុក

អំឡុង​ពេល​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ទីនោះ កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​ផ្ដល់​សម្ភាសន៍​មួយ​ដល់​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC Australia) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា។ អ្នក​កាសែត​នៃ​ទូរទស្សន៍ អេ.ប៊ី.ស៊ី បាន​ព្យាយាម​សួរ​លោក ហ៊ុន ម៉ាណែត ពី​ការ​ឡើង​ស្នង​តំណែង​ពី​ឪពុក​របស់​លោក ក៏​ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ឆ្លើយ​តប​ថា លោក​មិន​ដឹង​ទេ ហើយ​លោក​ថា លោក​មិន​អាច​ឆ្លើយ​បាន​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​នោះ អ្នក​កាសែត​នៃ​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី បាន​ព្យាយាម​ជជីក​សួរ​លោក ហ៊ុន ម៉ាណែត ពី​បំណង​របស់​លោក​ដើម្បី​ឡើង​ស្នង​តំណែង​ពី​ឪពុក។ ក៏ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ថា ប្រជាពលរដ្ឋ​ជា​អ្នក​កំណត់ និង​ជ្រើសរើស​អ្នកដឹកនាំ​តាម​រយៈ​ការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ ៥​ឆ្នាំ​ម្ដង ដោយ​លោក​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​នយោបាយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ថ្លែង​ប្រាប់​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី ដដែល​នោះ លោក ហ៊ុន ម៉ាណែត អតីត​និស្សិត​ជាន់​ខ្ពស់​នៃ​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក (West Point Academy) បញ្ជាក់​ថា ឪពុក​របស់​លោក​មិន​ចង់​ឲ្យ​កូន​ចូល​ប្រឡូក និង​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នយោបាយ​នោះ​ទេ។

ទាក់ទិន​នឹង​ករណី​នេះ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​ពី​មហិច្ឆតា​ក្នុង​ការ​ឈោង​ចាប់​តំណែង​ឪពុក​របស់​លោក​នោះ​ទេ។ លោក មាស នី បន្ថែម​ថា ទោះបីជា​លោក ហ៊ុន សែន ក៏​មាន​ការ​ខ្លាចរអា​ក្នុង​ការ​ប្រកាស​ពី​ជួយ​ជ្រោមជ្រែង​កូន​ខ្លួន​ដើម្បី​ឡើង​ក្ដោបក្ដាប់​អំណាច​ដែរ៖ «»។

យ៉ាង​ណា​ក៏ដោយ កូនប្រុស​ពីរ​រូប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ ជាក់ស្ដែង​លោក ហ៊ុន ម៉ាណែត កំពុង​មាន​តួនាទី​ជា​នាយ​រង​សេនាធិការ​ចម្រុះ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។ ចំណែក​ប្អូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានី វិញ កំពុង​ចូលរួម​ធ្វើ​នយោបាយ​ដោយ​បច្ចុប្បន្ន​លោក ហ៊ុន ម៉ានី មាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ។

លោក​បណ្ឌិត មាស ម៉ានី ក៏​សង្កេត​ឃើញ​ថា អ្នក​ដឹកនាំ​វ័យ​ចំណាស់ៗ កំពុង​រៀបចំ​បង្កើត​នូវ "រដ្ឋាភិបាល​ក្លូន" ដោយ​ប្រគល់​តំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ឲ្យ​កូន​ចៅ​របស់​ខ្លួន​បណ្ឌិត​រូប​នេះ​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​ប្ដូរ​អ្នក​ដឹកនាំ​តំណែង​កំពូល​ក៏ដោយ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា អ្នកដឹកនាំ​ជំនាន់​ក្រោយ​នេះ ព្យាយាម​ខំ​ធ្វើ​ខ្លួន​ឲ្យ​សាមញ្ញ ហើយ​ព្យាយាម​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន​នៅ​តាម​មូលដ្ឋាន។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ កត់សម្គាល់​ថា អ្នកដឹកនាំ​មិន​សំខាន់​លើ​វ័យ​នោះ​ទេ តែ​សំខាន់​ការ​ជ្រើសរើស​មេដឹកនាំ​វៃ​ឆ្លាត ទាំង​បុគ្គលិក​លក្ខណៈ ទាំង​សមត្ថភាព​ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ ការ​រីកចម្រើន​ដល់​ប្រទេស​ជាតិ៖ «»។

នៅ​ពេល​ដែល​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី លើក​ឡើង​ថា តាម​រយៈ​ការ​ដឹកនាំ​ជាង ៣០​ឆ្នាំ​របស់​ឪពុក​លោក​ដែល​នាំ​ឲ្យ​មាន​ការ​ជិះជាន់​អំពើ​ពុករលួយ និង​បក្ស​ពួកនិយម លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​តប​ថា ឪពុក​របស់​លោក​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ពី​របប​ខ្មែរ​ក្រហម។

លោក ហ៊ុន ម៉ាណែត ថ្លែង​បន្ត​ថា ឪពុក​របស់​លោក​បាន​មក​នូវ​សន្តិភាព និង​ស្ថិរភាព ពិសេស​បាន​ធានា​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ក្នុង​ការ​រស់រាន​មាន​ជីវិត សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ និង​សិទ្ធិ​ទទួល​បាន​សុខុមាលភាព និង​សិទ្ធិ​បង្កើត​សមាគម។

លោក ហ៊ុន ម៉ាណែត បាន​ទទួល​ស្គាល់​ថា មាន​អំពើ​ពុករលួយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​រៀបរាប់​ថា ឪពុក​លោក​ខិតខំ​កម្ចាត់​អំពើ​ពុករលួយ​តាម​រយៈ​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​កែទម្រង់​វិស័យ​សេវា​សាធារណៈ ដោយ​មាន​ការ​ចាប់​ខ្លួន និង​កាត់ទោស​មន្ត្រី​ជាន់​ខ្ពស់​ជាដើម។

​ក៏ប៉ុន្តែ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល អះអាង​ថា អំពើ​ពុករលួយ​នៅ​កម្ពុជា មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ស្មុគស្មាញ​ដែល​ជា "ជំងឺ​មហារីក" ឆ្លង​រាលដាល​ពេញ​ប្រទេស​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន៖ «»។

​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៨ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​តំណាងរាស្ត្រ ឬ​នយោបាយ​នោះ​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​កូន​ប្រុស​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ ដោយ​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​មិន​មាន​ការ​ស្នង​តំណែង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។