បង្ក្រាប​បែរ​ច​ញ្ចឹ​ម​កូន​ត្រី​ឆ្ដោខុសច្បាប់​នៅ​ស្រុក​សូទ្រនិគម រឹបអូស​កូន​ត្រី​១២​ម៉ឺន​ក្បាល

ខេត្តសៀមរាប ៖ មន្ត្រី​ជលផល​កំពង់​ឃ្លាំង​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះ​​បង្ក្រាប​ករណី​ឈ្មួញ​លួច​ចិញ្ចឹម​កូន​ត្រី​ឆ្តោ និង​កូន​ត្រី​រ៉ស់​អត់​ច្បាប់​បាន​៧​បែរ​ ​រឹប​អូស​កូន​ត្រី​​ប្រមាណ​ជា​១២​ម៉ឺន​ក្បាល​យក​ទៅ​ព្រ​លែង​នៅ​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ព្រែក​ល្វា របស់​សហគមន៍​នេសាទ​កំពង់​ឃាំ្ល​ង ។ ហេតុការណ៍​ចុះ​បង្ក្រាប​បែរ​ចិញ្ចឹម​កូន​ត្រី​ខុសច្បាប់​នេះ​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ គឺ​​ថ្ងៃ​ទី​១៧ តុលា ២០១៥ ​នៅ​តាម​បឹង​ទន្លេសាប ក្នុងភូមិ​តា​ច្រនាង​បាន​៤​បែរ និង​ភូមិ​ផ្សារ​ឃ្លាំង​បាន​៣​បែរ ស្ថិត​ក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​បែរ​ទាំងនោះ​លោក​បានឱ្យ​មន្ត្រី​ជលផល​ហៅ​មក​ធ្វើការ​ណែនាំ​ជា​ច្រើន​ដង​មក​ហើយ ដូច្នេះ​ថ្ងៃនេះ​លោក​បាន​ចុះ​ផ្ទាល់​ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​បង្ក្រាប​រហូត​ឈាន​ដល់​ធ្វើការ​ដកហូត​យក​កូន​ត្រី​ប្រមាណ​ជា​១២​ម៉ឺន​ក្បាល​យក​ទៅ​ព្រ​លែង​នៅ​តំបន់​អភិរក្ស​ត្រី​មេ​ពូជ​ព្រែក​ល្វា របស់​សហគមន៍​នេសាទ​កំពង់​ឃាំ្ល​ង ។

សូម​បញ្ជាក់​ថា ករណី​បង្ក្រាប​បែរ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ និង​កូន​ត្រី​រ៉ស់​ជា​ច្រើន​កន្លែង​នៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវ​បាន​ពលរដ្ឋ​សាទរ​ចំពោះ​ចំណាត់ការ​របស់​លោក​អភិបាលស្រុក ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​ជា​រៀង​រាល់ដង ៕