បងប្អូន​ពលរដ្ឋ​ខែ្មរ​រស់​នៅ​អូស្រ្តាលី ជាង​៥០០នាក់ ពិសា​បាយ​សាមគ្គី​ជាមួយ លោក ហ៊ុន ម៉ា​ណែត យ៉ាង​រីករាយ​នៅទីក្រុង​ម៉ែលប៊ន

អូស្រ្តាលី៖ ជាមួយសកម្មភាពដ៏រស់រវើក របស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដី នៃទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ទីដែលលោកបាននឹងកំពុងបំពេញបេសកកម្មការងារ ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅ ដើម្បីជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីនោះ ឲ្យបានយល់អំពីសភាពការណ៍ពិតប្រាកដ និងការអភិវឌ្ឍន៍ចម្រើននៅកម្ពុជា។

មន្រ្តីអមដំណើរលោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ លោក ហ៊ុន ម៉ាណែត បាននឹងកំពុងពិសាអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាង៥០០នាក់ នាទីក្រុងម៉ែលប៊ន ប្រកបដោយភាពរាក់ទាក់ និងស្និទ្ធស្នាលជាទីបំផុត ហើយបងប្អូនខ្មែរជាច្រើននាក់ បានសម្តែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពីក្តីនឹករលឹកពីបងប្អូនខ្មែរនៅលើទឹកដី ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

សូមជំរាបថា នាថ្ងៃទី១៧ ខែតុលានេះ លោក ហ៊ុន ម៉ាណែត ក៏ចូលរួមអាហារពេលថ្ងៃត្រង់ជាមួយនិស្សិតខ្មែរដែលកំពុងបន្តការសិក្សា របស់ខ្លួននៅទីក្រុងម៉ែលប៊ន ប្រមាណ១០០នាក់ផងដែរ។

ក្រៅពីបេសកកម្មយ៉ាងសកម្មនេះ កាលពីម្សិលមិញ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរូមក្នុងពិធីប្រកាសក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ប្រចាំក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីចំនួន១៥រូប និងប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាចំនួន ៣០៧នាក់។

មន្រ្តីដែលអមដំណើរក្នុងកម្មវិធីនោះបានថ្លែងឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ម៉ែលប៊ន ប្រទេសអូស្រ្តាលី បានប្រកាសគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា៕