អាជ្ញាធរ​នឹង​ចុះ​ត្រួត​ពិនិត្យ​យានយន្ត​ដែល​ប្រើប្រាស់​ស្លាក​លេខ​ខ.ម.​ខុស​ច្បាប់​ពី​ថ្ងៃ​២៦ តុលា

អង្គភាព​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ណែនាំ​ឲ្យ​គ្រប់​អង្គភាព​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស ចុះ​ត្រួត​ពិនិត្យ​លើ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ដែល​មាន​ពាក់​ស្លាក​លេខ ខ.ម. កំពុង​ចរាចរណ៍​ដោយ​ខុស​ច្បាប់​លើ​ដង​ផ្លូវ។ វិធានការ​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ។

អង្គភាព​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អះអាង​ថា ការ​ចុះ​ត្រួតពិនិត្យ​លើ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ដែល​មាន​ពាក់​ស្លាក​លេខ ខ.ម. ខុស​ច្បាប់ ក្នុង​បំណង​ពង្រឹង​លើ​វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​ស្លាក​លេខ ខ.ម. ខុស​ច្បាប់​គ្រប់​ប្រភេទ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ខាង​មុខ​នេះ គ្រប់​អង្គភាព​កងរាជអាវុធហត្ថ​នឹង​ចុះ​ត្រួត​ពិនិត្យ​យន្តយាន​គ្រប់​ប្រភេទ​នេះ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា ការ​ចុះ​ត្រួត​ពិនិត្យ​នេះ នឹង​ធ្វើ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស៖ «ពេល​ដែល​យើង​ធ្វើ​ហ្នឹង គឺ​យើង​ធ្វើ​ទូទៅ ហើយ​យើង​ឆែក​ទៅតាម​លក្ខណៈ​បច្ចេកទេស តើ​មាន​កាតគ្រី មាន​លេខ​តួ លេខ​ម៉ាស៊ីន ប័ណ្ណ​សំគាល់​ស្លាក​លេខ តើ​ត្រូវ​នឹង​យានយន្ត​ដែល​គាត់​ប្រើប្រាស់​អត់ ហើយ​ជា​របស់​អង្គភាព​ហ្នឹង​ត្រឹមត្រូវ​អត់?»

​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​កងរាជអាវុធហត្ថ និង​នគរបាល ត្រូវតែ​អនុវត្ត​ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព បើ​មិន​ដូច្នេះ​ទេ អង្គភាព​កងរាជអាវុធហត្ថ នឹង​មាន​នីតិវិធី​តាម​ផ្លូវ​ច្បាប់៖ «ទី​មួយ​គឺ​យើង​ផ្សព្វផ្សាយ​របស់​យើង ជា​នាយ​ទាហាន នាយ​ទាហាន​រង ដែល​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​ដឹង​មុន​គេ បើ​គាត់​មាន​ពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ យើង​នឹង​ណែនាំ​ឲ្យ​គាត់​បញ្ឈប់​ជា​បន្ទាន់ បើសិនជា​អត់​ទេ យើង​​នឹង​ប្រើ​វិធានការ​ច្បាប់​ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក»

សេចក្ដី​ណែនាំ​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា បាន​ណែនាំ​ឲ្យ​អង្គភាព​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស អនុវត្ត ៨​ចំណុច រួម​មាន អង្គភាព​កងរាជអាវុធហត្ថ នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​អ្នក​ប្រើប្រាស់​ស្លាក​លេខ ខ.ម. ខុសច្បាប់​លើ​យានយន្ត​គ្រប់​ប្រភេទ បុគ្គល​ប្រើប្រាស់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម. ត្រូវ​បាន​ត្រួត​ពិនិត្យ នាយ​ទាហាន នាយ​ទាហាន​រង​កងរាជអាវុធហត្ថ​ណា​ដែល​រឹងទទឹង​ត្រូវ​ធ្វើ​ការ​ឃាត់​ខ្លួន និង​ឃាត់​ទុក​មធ្យោបាយ​នោះ ហើយ​ចំពោះ​បុគ្គល​ណា​អប់រំ​ហើយ​មិន​ព្រម​អនុវត្ត ត្រូវ​មាន​វិធានការ​ចំពោះ​មុខ​ច្បាប់ ព្រម​ទាំង​វិធានការ​មួយ​ចំនួន​ទៀត។

​កាល​ពី​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ក្នុង​ការ​ពង្រឹង និង​រឹត​បន្តឹង​យានយន្ត​គ្រប់​ប្រភេទ​ដែល​នៅ​តែ​បន្ត​ប្រើប្រាស់​ស្លាក​លេខ​នគរបាល​ជាតិ ឬ ន.ប. និង​កង​យោធពល​ខេមរភូមិន្ទ ឬ ខ.ម.។ ជាង​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ ត្រូវ​ខ្វល់ខ្វាយ និង​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។

ផ្ទុយទៅវិញ កន្លង​មក​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា វិធានការ​ចំពោះ​យានយន្ត​ដែល​ប្រើប្រាស់​ស្លាក​លេខ ន.ប. និង ខ.ម. ខុស​ច្បាប់ នៅ​តែ​ពុំ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ឬ​អនុវត្ត​បានតែ​មួយ​រយៈ​ពេល​ខ្លី រួច​ហើយ​ក៏​វិល​មក​រក​ដូច​សភាព​ដើម​វិញ។ ទាំង​សង្គម​ស៊ីវិល និង​ពលរដ្ឋ ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ប្រើប្រាស់​រថយន្ត​ណា​ដែល​នៅ​តែ​បន្ត​ប្រើប្រាស់​ស្លាក​លេខ ន.ប. និង ខ.ម. ដោយ​ខុស​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។