ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​រិះគន់​ថា ចាប់ខ្លួន​បាន​ហើយ​តែ​បែរជា​ថា​មិន​មែន​ជា​ជន​​ល្មើ​ស​ទៅ​វិញ

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ក្រសួង​សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជ​ម្រិត​​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​ក្នុងភូមិ​គ្រឹះ​របស់​ជនជាតិ​ចិន​ដែល​ជួល​មួយ​កន្លែង​នៅ​ខាងក្រោយ​ផ្លូវជាតិ​លេខ​៦​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៥​កន្លង​ទៅ​នេះ រឹបអូស​បាន​វត្ថុ​តាង និង​ចាប់​ខ្លួន​ជន​ដែល​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ប៉ុណ្ណោះ ។

មន្ត្រី​ប៉ូលិស​ដែល​ចុះ​ប្រតិបត្តិការ​ផ្ទាល់​បាន​លួច​ខ្សឹប​ប្រាប់​«​កោះសន្តិភាព​»​​ថា ករណី​ខាងលើ​នេះ​សមត្ថកិច្ច​រឹបអូស​បាន​តែ​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន​ប៉ុណ្ណោះ ចំណែក​ជនសង្ស័យ​ជា​ជនជាតិ​ចិន​រត់គេច​ខ្លួន​បាត់​អស់​តាំងពី​១០​ថ្ងៃមុន​ម្ល៉េះ ចំពោះ​អ្នក​ដែល​នៅ​គឺ​ខាង​ថ្នាក់លើ​ថា គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ទេ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា វត្ថុ​តាង​ជា​សម្ភារៈ​ដែល​ដកហូត​បាន​ទាំងនោះ គឺ​ជនល្មើស​បាន​យក​ទៅ​ជាមួយ​ខ្លះ និង​នៅ​សេសសល់​មួយ​ចំនួន​ក្នុងភូមិ​គ្រឹះ​នោះ​ខ្លះ ។ ដែល​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពី​ករណី​ខាងលើ ហើយ​ព័ត៌មាន​នេះ​ក៏​ពុំ​មាន​បែកធ្លាយ​នោះ​ទេ ប៉ុន្តែ​ជនល្មើស​នៅ​តែ​អាច​គេចខ្លួន​បាន​មុន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដដែល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈដ្ឋាន​នានា​ក្នុង​ក្រុង​សៀមរាប​តែងតែ​រិះគន់​ចំ​ៗ​ទៅ​លើ​សមត្ថកិច្ច​ទាំងនោះ​ថា ក្នុង​ការ​ចុះ​ប្រតិបត្តិ​ចាប់​បាន​ជនល្មើស​ម្តង​ៗ «ចាប់​ខ្លួន​បាន​ហើយតែ​បែរជា​ថាមិនមែន​ជា​ជនល្មើស​ទៅ​វិញ» ប្រហែលជា​មាន​អ្វី​លាក់បាំង​នឹង​ពលរដ្ឋ​ហើយ​មើលទៅ​បានជា​មិន​ហ៊ាន​និយាយ​បើកចំហរ ប៉ុន្តែ​ចំពោះ​ជនបរទេស​ដែល​លួច​ចូល​មក​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាបវិញ ​សមត្ថកិច្ច​មួយ​ចំនួន​តូច​តែងតែ​បាន​លួចលាក់​ពី​ថ្នាក់ដឹកនាំ ដើម្បី​រក​ចំណូល​ចូល​ហោប៉ៅ​ខ្លួនឯង ៕