អេ​ន​ជី គ្រោង​បើកហាង​លក់​សម្លៀកបំពាក់​នៅ​ម្តុំ​ទឹក​រាំ​ ផ្កា​រាំ

Sanofi

តារាចម្រៀង អេ​ន​ជី ធ្លាប់បាន​ហាម​មិនឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ថតរូប និង សួរនាំ​កាលពី​នាង​នៅ​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម M តែ​ក្រោយពី​តារា​រូបនេះ​បានមក​ធ្វើ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​សាន់​ដេ នាង​ក៏បាន​សម្រប​ខ្លួន​បើកដៃ​ឱ្យ​អ្នកកាសែត​ថតរូប និង សម្ភាស​សួរនាំ ដូចជា​តារាចម្រៀង​ផ្សេងៗ​ទៀតផង​ដែរ ។ នៅពេលនេះ អេ​ន​ជី បាន​ប្រាប់​ជាថ្មី​ថា នាង​មិនឱ្យ​ថតរូប និង សម្ភាស​ទេ ព្រោះ​ផលិត​កម្មបាន​ហាម​នាង លុះត្រាតែ​មានការ​អនុញ្ញាត ប៉ុន្តែ​សម្តី អេ​ន​ជី មិនត្រូវ​បាន​លោក ឡាយ សុខ​ចំរើន ទទួលស្គាល់​ឡើយ ។ ស្របពេល​ជាមួយគ្នានេះដែរ ក៏មាន​ព័ត៌មាន​ថា នាង​មាន​គម្រោង​បើកហាង​លក់​សម្លៀកបំពាក់​មួយ​នៅក្នុងពេល​ឆាប់ៗ​នេះ​នៅ​ម្តុំ​ទឹក​រាំ ផ្កា​រាំ។​

​ក្រោយពី​កេរ្តិ៍ឈ្មោះ​ស្ងប់ស្ងាត់​មួយរយៈ​តារាចម្រៀង អេ​ន​ជី ក៏​ទើបតែ​ចាប់ផ្តើម​បង្កើត​ក្រុម​រាំ​ដែលជា​ក្រុម​រួមគ្នា​ជាមួយ លាង សុ​ផា​ឡែ​ន ជា​តារាចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត ដើម្បី​ទាញ ចំណាប់អារម្មណ៍​ទស្សនិកជន​ឡើងវិញ ។ ទន្ទឹមគ្នា​នឹង​ការបង្ហាញ​ក្បាច់​រាំ​នៅលើ​ឆាក​តន្ត្រី​យុវវ័យ​របស់​ទូរទស្សន៍ ETV កាលពី​ថ្ងៃទី ១២ ខែកញ្ញា ទោះបីជា​តារាចម្រៀង អេ​ន​ជី ខិតខំ​បញ្ចេញ​ក្បាច់​រាំ​អស់ពី​សមត្ថភាព​យ៉ាង​ក្តី ក៏​នាង​នៅ​មិនទាន់​បានទទួល​ការគាំទ្រ​ពី​អ្នកទស្សនា​បាន​មួយរយ​ភាគរយ​នោះដែរ ខណៈពេលដែល​មានមតិ​មួយចំនួន​បាន​ពិភាក្សាគ្នា​ក្រោយពេល​នាង​ចុះ​ពី​ឆាក​ថា អេ​ន​ជី នៅ​មិនទាន់មាន​ភាព​ទាក់ទាញ​ខ្លាំង​នៅឡើយ​ទេ ។​

ទោះជា​យ៉ាងណា​សកម្មភាព​របស់ អេ​ន​ជី ខាងលើនេះ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា នាង​កំពុង​ខិតខំ​ប្រមូល​កៀងគរ​យក​ការគាំទ្រ ប៉ុន្តែ​ការបង្ហាញឱ្យឃើញ​នូវ​ការខិតខំ​យ៉ាង​សស្រោកសស្រាំ​របស់​នាង​នាពេលនេះ​ក៏​មិនទាន់​ប្រាកដថា​អាចជួយ​រុញ​ដោល​ប្រជាប្រិយភាព​របស់​នាង​ឱ្យ​អណ្តែត​ខ្ពស់​បាន​មួយរយ​ភាគរយ​នោះដែរ ។ នៅពេលដែល​តារា​ស្រី​រូបនេះ​នៅតែ​បង្ហាញ​ចរិត​ពើងទ្រូង​ហាម​មិនឱ្យ​អ្នកកាសែត​ថតរូប និង សម្ភាស​សួរនាំ​ជាថ្មី​នោះ ដោយ​នាង​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផលិតកម្ម​សាន់​ដេ ជា​អ្នក​ហាម​មិនឱ្យ​ថត និង សម្ភាស​នាង បើសិនជា​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​នោះ ។

ទោះជា​យ៉ាងណា​ពាក្យសម្តី​ដែល អេ​ន​ជី បានលើកឡើង​ខាងលើនេះ​គេ​ក៏​ពុំ​ធ្លាប់​បានដឹងថា​ផលិតកម្ម​សាន់​-​ដេ ដាក់បទបញ្ជា​ផ្ទៃក្នុង​ដូច្នេះ​ដែរ ពោលគឺ​មានតែ​ផលិតកម្ម M ដែលជា​ជម្រក​ចាស់​របស់​នាង​ប៉ុណ្ណោះ​ដែល​បានដាក់​លក្ខខណ្ឌ​បែបនេះ ។​ ​ដើម្បី​បញ្ជាក់​លើស​ម្តី​របស់​តារាចម្រៀង អេ​ន​ជី ហាម​មិនឱ្យ​អ្នកសារព័ត៌មាន​ថតរូប​ពិតជា​បញ្ជា​ថ្នាក់លើ​ឬ​យ៉ាងណា​នោះ នៅ​ថ្ងៃទី​១៦ ខែកញ្ញា «​ប្រជាប្រិយ​»​ក៏បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​លោក ឡាយ សុខ​ចំរើន ផងដែរ ។

ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ថា ក្រុមហ៊ុន​មិនបាន​បង្គាប់​ឱ្យ​តារាចម្រៀង​មិនឱ្យ​អ្នកសារព័ត៌មាន​ថតរូប ឬ សម្ភាស​នោះទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា រឿងនេះ​ជា​រឿង​របស់​តួ ហើយក៏​ជា​រឿង​ផ្ទាល់​ខ្លួនគេ​ដែរ ប្រហែលជា​គេ​មិន​សប្បាយចិត្ត​ឱ្យ​ថត ព្រោះ​មួយរយៈ​នេះ​មាន​ព័ត៌មាន​មិនល្អ​មកលើ​តារាចម្រៀង​ស្រីៗ​របស់​ផលិតកម្ម​សាន់​ដេ​ច្រើនពេក ។

នៅពេល លោក ឡាយ សុខ​ចំរើន ឆ្លើយបាន​ត្រឹមនេះ​អ្នកយកព័ត៌មាន​របស់​យើង​ក៏បាន​សួរ​បញ្ជាក់​បន្ថែមថា តើ​សាន់​ដេ ពិតជា​បាន​ហាម​តារាចម្រៀង​មិនឱ្យ​អ្នកកាសែត​ថតរូប​ដូច​សម្តី អេ​ន​ជី ពិតមែន​ទេ ? ការបញ្ជាក់​នេះ​ត្រូវបាន​លោក ឡាយ សុខ​ចំរើន ប្រាប់ថា រឿងនេះ​ចាំ​លោក​មកដល់​ភ្នំពេញ​ប្រមាណ​ជាង​មួយអាទិត្យ​ទៀត​ទើប​អាច​ឆ្លើយបាន​អស់ ព្រោះ​ពេលនេះ​លោក​នៅ តាម​ខេត្ត​នៅឡើយ តែ​ទោះជា​យ៉ាងណា​សាន់​ដេ​មិន​បានធ្វើ​ដូច្នេះ​ទេ ។​

តាមរយៈ​លោក ឡាយ សុខ​ចំរើន អ្នកយកព័ត៌មាន​រប​ស់​យើង​ក៏បាន​សុំ​លេខ​ទូរស័ព្ទ អេ​ន​ជី ដើម្បី​ទាក់ទង​សម្ភាស​ពី​រឿង​ការងារ​សិល្បៈ និង រឿង​ផ្ទាល់ខ្លួន​របស់ អេ​ន​ជី ផងដែរ ប៉ុន្តែ​អ្នកគ្រប់គ្រង​រូបនេះ​បាន​ឆ្លើយថា លោក​នៅ​ខេត្ត ដូច្នេះហើយ​លោក​មិនអាច​ឱ្យ​លេខ​ទូរស័ព្ទ​តារាចម្រៀង​បានទេ ចាំ​លោក​មកដល់​ភ្នំពេញ​ទើបបាន ។ បញ្ជាក់​លើស​ម្តី អេ​ន​ជី ដែល​បាន​និយាយថា ក្រុមហ៊ុន​ហាម​មិនឱ្យ​អ្នកសារព័ត៌មាន​ថត​រូបនាង​នេះដែរ លោក ឡាយ សុខ​ចំរើន មិនបាន​ទទួលស្គាល់​ទេ ដូច្នេះ​អាជីព​សិល្បៈ​របស់​តារា​រូបនេះ​មិនដឹងថា​មាន​អាថ៌កំបាំង​អ្វី​នោះទេ ទើប​នាង​ព្យាយាម​គេច​មុខ​ពី​អ្នកកាសែត​រហូត​មិនឱ្យ​ថតរូប​ថែមទៀត​នោះ ។

ដោយឡែក​ងាក​មក​តាមដាន​ព័ត៌មាន​ធ្វើ​ជំនួញ​ជាមួយ​គូស្នេហ៍​លោក ឡេង ជា​ប្អូនប្រុស​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ រ៉ា​យុទ្ធ វិញ កាលពី​ប៉ុន្មាន​ខែ​មុននេះ អេ​ន​ជី បាន​ប្រាប់ថា នាង​កំពុង​សិក្សា​គម្រោង​រកស៊ី​ផ្ទាល់ខ្លួន​ជាមួយ​គូស្នេហ៍ គឺ​បើកហាង​លក់​ខោអាវ​ដាច់ដោយឡែក​មួយកន្លែង ។ រហូតមកដល់​ពេលនេះ​ថ្វីដ្បិតតែ អេ​ន​ជី បាន​ព្យាយាម​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អ្នកសារព័ត៌មាន​ក្តី ប៉ុន្តែ​ថ្មីៗ​នេះ​ក៏មាន​ព័ត៌មាន​ថា នាង​គ្រោង​បើកហាង​លក់​សម្លៀកបំពាក់​មួយ​នៅ​ម្តុំ​ទឹក​រាំ ផ្កា​រាំ ហើយ​ហាង​លក់​សម្លៀកបំពាក់​របស់​នាង​នឹង​ចេញ​ជា​រូបរាង​នៅក្នុងពេល​ឆាប់ៗ​នេះ ហើយ​ឈ្មោះ​ហាង​មួយ​នេះ​ក៏​ដាក់ឈ្មោះ​ ​រ៉ា​យុទ្ធ ផងដែរ តែ​ជា​កម្មសិទ្ធិ​របស់​នាង និង គូស្នេហ៍​ដាច់ដោយឡែក មិនមែនជារ​បស់បង​ប្រុស​គូស្នេហ៍​នាង​នោះទេ ហើយ​គេ​ក៏​មិនទាន់​ដឹងថា នាង​គ្រោង​ចំណាយ​ដើមទុន​ប៉ុន្មាន​នោះទេ​ក្នុងការ​បើកហាង​លក់​សម្លៀកបំពាក់​នេះ ៕​ចន្ថា​


Related