បង្ហោះ​ម៉ាស៊ីន​ថត​ទៅ​ថត​សម្បុក​ពស់​វែក តែ​ត្រូវ​ខាំ​ទម្លាក់…


ហេតុការណ៍ កើតឡើងនៅក្នុងតំបន់ «Montana» ភាគពាយ័ព្យ នៃសហរដ្ឋអាមេរិក។ គ្រាន់តែដាក់បង្ហោះ ប្រមាណ​ជា៥ថ្ងៃ​ប៉ុណ្ណោះ វីដេអូ​នេះ​មាន​អ្នក​ចុច​ចូល​ទៅ​ទស្សនា ប្រមាណជិត៥លានដងទៅហើយ។
រូបភាពខាងលើនេះ ចាប់ថតដោយ ម៉ាស៊ីនថតពីអាកាស របស់លោក ម៉ៃឃើល ឌឺឡាណី ទៅលើសម្បុកពស់វែក។

បើជារូបលោកអ្នកវិញ តើលោកអ្នកត្រូវធ្វើដូចម្ដេច ដើម្បីចូលទៅស្វែងរកឧបករណ៍របស់ខ្លួន ដែលធ្លាក់ចូល​ទៅក្នុង សម្បុកពស់វែកដ៏សាហាវទាំងនេះ? បើអ្នកគ្មានដំណោះស្រាយទេ សូមកុំបញ្ជូនឧបករណ៍នោះ ទៅជិត​សត្វតិរច្ឆានទាំងនោះពេក។

ប៉ុន្តែនេះ មិនដូច្នេះទេ។ បន្ទាប់ពីបានហោះ ពីលើទីកន្លែងនោះ ជាច្រើនដងរួចមក លោក ម៉ៃឃើល ឌឺឡាណី (Michael Delaney) ម្ចាស់ម៉ាស៊ីនថត​ពីអាកាសមួយនេះ បានព្យាយាមបញ្ជាម៉ាស៊ីនថតរបស់ខ្លួន ឲ្យ​ហោះ​ទៅជិត... សម្បុកពស់វែក (ប្រភេទពស់វែក កន្ទុយកណ្ដឹង បើមើលក្នុងរូបភាព)។ ទោះពួកវាជា​សត្វតិរច្ឆាន​ក៏ដោយ តែនៅមានអ្វីទៅនៅជិតវា ពួកវាចាំបាច់ត្រូវធ្វើការការពារខ្លួន ជាចាំបាច់។ ហេតុដូច្នេះហើយ ទើប​មានពស់ជាច្រើនក្បាល បានសាកល្បង ងាកមកវាយប្រហារលើ ម៉ាស៊ីនថតពីអាកាសនេះវិញ។

ជាលទ្ធផល ម៉ាស៊ីនថតត្រូវបានខាំទម្លាក់ ហើយគេត្រូវរងចាំប្រមាណជា ១នាទី៣០វិនាទីក្រោយមក ទើប​ឃើញលោក ម៉ៃឃើល ឌឺឡាណី ដើរចូលទៅយកឧបករណ៍របស់ខ្លួនមកវិញ ដោយប្រើដងដោយដ៏វែងមួយ ទៅឆ្កឹះយក។ វីដេអូដែលបានថត ពីសកម្មភាពទាំងនេះ ត្រូវបានដាក់បង្ហោះ នៅលើយូធូប កាលពីថ្ងៃទី១០ ខែតុលា ហើយរហូតមកដល់ពេលនេះ មានមនុស្សចូលទៅទស្សនា ប្រមាណជិត៥លានដងហើយ៕