គ្មាននរណាលើកញញួរនេះរួចទេ ក្រៅពី… «អាទិទេព»​មួយ​រូប?

វិស្វករអេឡិចត្រូនិក ជាតិអាមេរិកមួយរូប រស់ក្នុងរដ្ឋកាលីហ្វ័នី បានរកឃើញ ចំណីអារម្មណ៍​របស់​ខ្លួន​មួយ យ៉ាង​ពិសេស។ វិស្វករបានបង្កើត​ចលករដែក​ឆក់​មួយ មានទម្រង់ជាញញួរ ដែលមានទំងន់​ប្រមាណជា​ ២​ឬ៣​គីឡូក្រាម​ប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណា លើកញញួរនេះរួចឡើយ ក្រៅពីវិស្វករខ្លួនឯងឡើយ។
ញញួរក្នុងព្រេងកថា របស់ជនជាតិអ៊ឺរ៉ុប ត្រូវបានឆ្នៃប្រឌិត ដោយបច្ចេកវិទ្យាពិសេស!

ញញួរ«Mjolnir»នេះ ជាការដកស្រង់គំនិត ចេញពីភាពយន្ដហូលីវូដ «Thor» ដែលយកតាមដំណើររឿង ព្រេង​កថា របស់បណ្ដាប្រទេស នៅអ៊ឺរ៉ុបខាងជើង។ ញញួរ នៅក្នុងព្រេងកថា ដែលមានមហិទ្ធិរិទ្ធិអស្ចារ្យ មាន​តែ​ម្ចាស់​របស់​វាប៉ុណ្ណោះ ដែលមានសមត្ថភាព អាចលើកមកកាន់នឹងដៃ ហើយអាចប្រើប្រាស់វាបាន។ ប៉ុន្តែរឿង​ដ៏​អស្ចារ្យ ត្រូវ​បានពង្រួមឲ្យនៅត្រឹមតែ ជារឿងកំប្លែងមួយ និងអត់ទ្រាំមិនសរសើរមិនបាន ជាមួយនឹងស្នាដៃ របស់​វិស្វករ​មួយ​រូប​ជាតិអាមេរិក រស់នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក)។

គ្មាននរណាលើកញញួរនេះរួចទេ ក្រៅពី... «អាទិទេព»​មួយ​រូប?

វិស្វករអេឡិចត្រូនិកឈ្មោះ អេឡេន ផេន (Allen Pan) បានបង្កើតស្នាដៃនេះ ដែលមានលក្ខណៈជាចលករ​ដែក​ឆក់ ដាក់ចូលទៅក្នុងស្រោម​ពីខាងក្រៅ មើលទៅដូចជាញញួរ នៅក្នុងព្រេងកថាពិត។ ចលករដែកឆក់ បាន​ឆក់​ជាប់ទៅនឹងដែកទាំងឡាយ ដែលមាននៅតាមដងផ្លូវ «Venice Beach» នៃក្រុងឡូសអេនជឺឡេស ក្នុងនោះ មាន​ដូចជាគម្របលូ ដែកបន្ទះធំៗ។ល។ រឿងដែលសំខាន់ គឺចលករដែកឆក់ នឹងលែងឆក់ នៅពេលដែលម្ចាស់វា ចូល​មកកាន់ដងញញួរ ដោយហេតុថា ចលករនេះ បានស្គាល់ស្នាមក្រយ៉ៅមេដៃ រ​បស់អ្នកផលិតវា។

តើញញួរ «Mjolnir» នៅក្នុងព្រេងកថា «Thor » ពិតជាមានបំពាក់ ដោយបច្ចេកវិទ្យារបៀបនេះ តាំងពី​ជំនាន់​នោះ​ឬយ៉ាងណា? ចម្លើយ៖ គួរទុកឲ្យប្រិយមិត្តអ្នកអាន ឆ្លើយដោយខ្លួនឯងទៅចុះ៕