លោក នី ចរិយា មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​២១​តុលា​បើទោះបី​មានការ​ព្រមាន​ចាប់ខ្លួន​

ភ្នំពេញ: លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់ នៃ​សមាគម​អាដហុក ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង បរិហាកេរ្តិ៍​ជា​សាធារណៈ ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ធ្វើ​លើ​យុត្តាធិការ​។

​ក្នុងករណី​មិន​ចូលខ្លួន ចៅក្រម​អាច​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន និង​ជា​ចុងក្រោយ​អាច​បញ្ជា​ឲ្យ​នាំខ្លួន​តាម​ក្រមនីតិវិធី​។ ប៉ុន្តែ​លោក​នី ចរិយា បាន​អះអាងថា នៅ​ថ្ងៃទី​២១ ខែតុលា គឺ​លោក​មិន​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នោះទេ​។​

​ទាក់ទង​ដីកាកោះ​ឲ្យ​ចូលខ្លួន​នេះ លោក​នី ចរិយា បាន​មានប្រសាសន៍​បញ្ជាក់​នៅរ​សៀ​ល​ថ្ងៃទី​១៧ ខែតុលា នេះ​ថា នៅ​ថ្ងៃទី​២១ ខែតុលា លោក​មិនអាច​ចូលខ្លួន​បានទេ ដោយសារតែ​លោក​មិនបាន​ស៊ី​ញ៉េ ឬ​ផ្តិតមេដៃ ទទួល​ដីកា ហើយ​តាមផ្លូវ​ច្បាប់​លោក​ចូលខ្លួន លុះត្រាតែ​លោក​បាន​ផ្តិតមេដៃ ឬ​ស៊ី​ញ៉េ​ទទួល​លើ​ដីកាកោះ​សិន​។ ហើយ​ការមិន​បានទទួល​ដីកា គឺ​ដោយសារតែ​ប៉ូលិស​យក​ដីកា​ទៅផ្ទះ​របស់លោក ហើយ​លោក​នៅ​កន្លែងធ្វើការ ហើយ​ប៉ូលិស​ត្រូវ​បង្វិល​ដីកា​នេះ ឲ្យ​ទៅ​តុលាការ​វិញ ដើម្បី​ឲ្យ​តុលា​ការចេញ​ដីកា​កោះហៅ​ថ្មី​។​

​លោក​បាន​អះអាងថា រហូតមកដល់​ពេលនេះ លោក​នៅ​មិនទាន់​ទទួលបាន​ដីកា​កោះហៅ​ថ្មី​នៅឡើយ​ទេ ហើយ​មេធាវី​របស់លោក​ក៏​នៅ​មិនទាន់​ទទួលបាន​ដីកា​ដែរ ហើយ​តាមផ្លូវ​ច្បាប់​ដីកា​ត្រូវ​ទទួល​មុន​៥​ថ្ងៃ (​មុន​ថ្ងៃ​ចូល​បំភ្លឺ​) ហើយ​មកដល់ពេលនេះ មិនអាច​ទុកពេល​៥​ថ្ងៃ​តាមផ្លូវ​ច្បាប់​បានទេ ហើយ​ជាគោលការណ៍​ច្បាប់​តុលាការ​ត្រូវ​ចេញ​ដីកាកោះ​ជាថ្មី​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់លោក​វ៉េង ហ៊ត់ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តាម​ការសន្និដ្ឋាន​បញ្ជូន​សំណុំរឿង​ស៊ើបសួរ​លេខ ១៦៦២ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ តំណាង​អយ្យកា​រលោក​សៀង សុខ បាន​យល់ឃើញថា មាន​តម្រុយ​សន្និដ្ឋានថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ឈ្មោះ នី ចរិយា បានធ្វើ​សន្និសីទកាសែត​ជា​សាធារណៈ​នៅ​សមាគម​អាដហុក ខេត្តសៀមរាប ដោយ​លើកឡើងថា ព្រះរាជអាជ្ញារង សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ យក​ដី​ពលរដ្ឋ​នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រគល់​ឲ្យ​សមាគម​វៀតណាម​ឈ្មោះ សមាគម​តាខ្មៅ អភិវឌ្ឍន​ន៍​កសិកម្ម និង​ឧស្សាហកម្ម ហៅ​កាត់ TCIDA ដឹកនាំ​ឈ្មោះ លី គឹម​ឃុន​។

​មកដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ អយ្យ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ក្នុង​ខ្លឹមសារ​បំភ្លឺ និង​សុំ​ឲ្យ​ឈ្មោះ នី ចរិយា បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​ព័​ត៍​មាន​មិន​ពិត ការ​បរិហាកេរ្តិ៍ និង​ការដាក់​សម្ពាធ​លើ​យុត្តាធិការ ប៉ុន្តែ​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ឈ្មោះ នី ចរិយា នៅតែ​មិន​បញ្ឈប់​សកម្មភាព ហើយ​ថែមទាំង​ធ្វើ​សន្និសីទកាសែត​មួយទៀត​នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​អាដហុក រាជធានី​ភ្នំពេញ ដោយ​បន្ត​រិះគន់​ទម្លាក់កំហុស និង​ប្រកាស​ប្តឹង​ព្រះរាជអាជ្ញារង សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ គី ឫទ្ធី ទៅ​ក្រសួងយុត្តិធម៌ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​។​

​តំណាង​អយ្យការ​បានស្នើ​សុំ​ដាក់​ជន​ត្រូវ​ចោទ​ឈ្មោះ នី ចរិយា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អ​អត្ថាធិប្បាយ​ដើម្បី​ធ្វើ​លើ​យុត្តាធិការ​ប្រព្រឹត្ត​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ តាម​បញ្ញត្តិ​មាត្រា ៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២​នៃ​ក្រមព្រហ្មទណ្ឌ​។​

​សំអាង​ហេតុៈ ក្រោយពី​បាន​ពិនិត្យ​ឯកសារ​ក​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១៩៨៣ ចុះ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៥ ឃើញថា មាន​ភាពស៊ីចង្វាក់​គ្នា ដែល​អាចសន្និដ្ឋាន​បាន​ថា ឈ្មោះ នី ចរិយា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ បរិហាកេរ្តិ៍​ជា​សាធារណៈ ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​លើ​យុត្តាធិការ​។​

​បញ្ជា​មក​ឈ្មោះ នី ចរិយា ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​នៅ​ការិយាល័យ​អក្សរ “​ទ​” នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​ព្រឹក ដើម្បី​សាកសួរ​យក​ព័​ត៍​មាន និង​ផ្តល់​សិទ្ធិ​ជូន​ក្នុងការ​ឆ្លើយតប​ពី​ដំណើររឿង​បរិហាកេរ្តិ៍​ជា​សាធារណៈ ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ធ្វើ​លើ​យុត្តាធិការ​៕​

លោក នី ចរិយា មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​២១​តុលា​បើទោះបី​មានការ​ព្រមាន​ចាប់ខ្លួន​