សមត្ថកិច្ច​ល្បាត​ដេញចាប់​ម៉ូតូ​អត់​ស្លាក​លេខ​ម្ចាស់​រត់​ចោល​ម៉ូតូ

រាជ​ធានីភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​បទល្មើស​ដែល​កំពុង​​កើត​មាន​ជា​រៀងរាល់ថ្ងៃនោះ​ កម្លាំង​នគរបាលនិង​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​​ដើម្បី​​ឆែកឆេរម៉ូតូ​អត់​ស្លាក​លេខ និង​មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ​តុលា ​កម្លាំង​​​​សហ​ការ​​ជាមួយ​​ប៉ុស្តិ៍​​​នគរបាល​រដ្ឋ​បាល​​ទំនប់​ទឹក ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ណៃ​ហ៊​ត ​មួយ​គ្រឿង និង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ អត់​ស្លាក​លេខ មួយ​គ្រឿង ​ក៏​ហៅ​ឱ្យ​ឈប់​​ឆែកឆេរ បែរជា​ជន​ទាំង​នោះ​​បន្ថែម​ល្បឿន​បើក​រត់គេច​ ក៏​ត្រូវ​កម្លាំង​ល្បាត​ដេញ​តាម​តាំងពី​ផ្លូវ​លេខ​១៨៣ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រហូត​ដល់​ខាងក្រោយ​រោងចក្រ​ដែកគោល ស្ថិត​នៅ​​​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ទើប​​ជន​សង្ស័យ​​ដែល​ជិះ​ម៉ូតូ​វី​វ៉ា​ ​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទំនប់​ទឹក ខណ្ឌចំការមន ។

​មន្ត្រីសមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​វី​វ៉ា​ខាងលើ​ មាន​កូនសោ​ ប៉ុន្តែ​កូន​សោ​​នោះ​ចាក់​ពន្លត់​ម៉ាស៊ីន​អត់​បាន​ទេ សង្ស័យ​ថា​ម៉ូតូ​នេះ​ជនសង្ស័យ​ទើបនឹង​ធ្វើ​សកម្មភាព​លួច​បាន​មក​ពី​កន្លែង​ណា​មួយ ។ បើសិនជា​ម្ចាស់​ម៉ូតូ​បានឃើញ​ម៉ូតូ​ខាងលើ​ស្គាល់​ថា​ពិតជា​ម៉ូតូ​របស់​ខ្លួន​សូម​អញ្ជើញ​មក​មើល នៅ​​ប៉ុស្តិ៍​​នគរបាល​រដ្ឋ​បាល​ទំនប់​ទឹក ៕