អ៊ីរ៉ង់៖ ការ​ពិសោធ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​មិន​មែន​ជា​ការ​បំពាន​លើ​ការ​សម្រេច​ចិត្ត​របស់​អ.ស.ប​ទេ

អ៊ីរ៉ង់៖ ការ​ពិសោធ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​មិន​មែន​ជា​ការ​បំពាន​លើ​ការ​សម្រេច​ចិត្ត​របស់​អ.ស.ប​ទេ

លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក (រូប​ឆ្វេង) ជួប​ជាមួយ​លោក Mohammad Javad Zarif រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ ការ​បាញ់​បង្ហោះ​ពិសោធ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗ​នេះ ថា​មិន​មែន​ជា​ការ​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​អ.ស.ប.​នោះ​ទេ។​

លោក​ Mohammad Javad Zarif រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ជា​ការ​ផ្ទុយ​ពី​ការ​អះអាង​របស់​ស.រ.អា.​ និង​ប្រទេស​បារាំង​ «ការ​បាញ់​បង្ហោះ​ពិសោធ​មីស៊ីល​របស់​ប្រទស​អ៊ីរ៉ង់​គ្មាន​ទាក់ទិន​អ្វី​ជាមួយ​សេចក្តី​សម្រេច​ចិត្ត​លេខ​២២៣១​ដែល​បាន​និយាយ​តែ​អំពី​កាំជ្រួច​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ផ្ទុក​គ្រាប់បែក​បរមាណូ​តែ​ប៉ុណ្ណោះ»។

លោក​ Zarif បាន​និយាយ​ថា​ មនុស្ស​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​ថា​ ការ​បាញ់​បង្ហោះ​ពិសោធ​មីស៊ីល​របស់​យើង​គ្មាន​ទាក់ទិន​អ្វី​ជាមួយ​ផែនការ​នៃ​សកម្មភាព​រួម​គ្នា​ និង​ទូលំទូលាយ​ដែល​ហៅ​កាត់​ថា​ JCPOA ទេ ហើយ​ស.រ.អា.​ខ្លួន​ឯង​ក៏​បាននិយាយ​ជា​ច្រើន​ដង​អំពី​ការណ៍​នេះ​ដែរ។ យើង​មាន​ជំនឿ​មុតមាំ​ថា​ ការ​បាញ់​បង្ហោះ​ពិសោធ​មីស៊ីល​របស់​យើង​គ្មាន​ទាក់ទិន​អ្វី​ជាមួយ​សេចក្តី​សម្រេចចិត្ត​លេខ២២៣១​ទេ​ ពីព្រោះ​នៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ​២២៣១​កាំជ្រួច​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំពេញ​សមត្ថភាព​ខាង​បរមាណូ​ត្រូវ​បាន​លើក​យក​មក​និយាយ ហើយ​គ្មាន​មីស៊ីល​ណាមួយ​របស់​អ៊ីរ៉ង់​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​បំពេញ​សមត្ថភាព​ខាង​បរមាណូ​ទេ៕