ក្មេងប្រុស​ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រូ វាយនឹងដងអំបោស

ចិន៖ ក្មេងប្រុសម្នាក់ រងនូវការឈឺចាប់ជាខ្លាំង ដោយរងរបួសត្រង់គូទយ៉ាងអាក្រក់ បន្ទាប់ពីត្រូវបានលោកគ្រូ របស់គេ ដាក់ទារុណកម្ម វាយនឹងដងអំបោសរួចមក។

ក្មេងប្រុស​ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រូ វាយនឹងដងអំបោស

ផ្អែកតាមប្រភពព័ត៌មាន ឲ្យដឹងថា លោក ហ៊ូ រស់នៅទីក្រុង Chongqing ប្រទេសចិន ត្រូវជាឪពុកក្មេងប្រុសរងគ្រោះ បានចេញមុខតវ៉ា ទៅលើការដាក់ទារុណកម្មយ៉ាងព្រៃផ្សៃ មកលើកូនប្រុសរបស់ខ្លួន ពីសំណាក់គ្រូបង្រៀនថ្នាក់ទី៤ ម្នាក់។ បុរសជាឪពុក បន្តថា កូនប្រុសរបស់គាត់ បានវិលត្រឡប់មកពីសាលារៀនវិញ ជាមួយនឹងទឹកមុខយំខ្សឹកខ្សួល និងហាក់ដូចជាមិនអាចអង្គុយបានឡើយ។ ក្រោយពេលស្រាតខោដែលមានស្នាមឈាមប្រឡាក់រួច បុរសជាឪពុក មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង នៅពេលឃើញ កំប៉េះគូទរបស់កូនប្រុសខ្លួន ទទួលរងរបួសយ៉ាងទក់សាច់ គួរឲ្យអាសូរ។ ចំណែកកូនប្រុសរបស់គាត់ បានសារភាពថា គ្រូរបស់គេ ដែលមាននាមត្រកូល លី ពិតជាបាន វាយយ៉ាងដំណំ មកលើរូបគេមែន។

លោក ហ៊ូ បានបង្ហាញរូបថតស្នាមរបួសកូនរបស់គាត់ ទៅកាន់អ្នករាយការណ៍ព័ត៌មានក្នុងតំបន់ ទាំងយំខ្សឹកខ្សួលថា “មើលនេះចុះ! ខ្ញុំមើលហើយ ខ្ញុំឈឺចាប់ណាស់ ។ ម្តេចក៏កូនខ្ញុំ ត្រូវបានគេវាយដំ យ៉ាងអាក្រក់ ដល់ថ្នាក់ហ្នឹង? គេជាកូនរបស់ខ្ញុំ ហើយខ្ញុំមិនដែលធ្វើអ្វីដល់គេដូចបែបនេះទេ។ បើខ្ញុំជាគ្រូវិញ ខ្ញុំគ្មានផ្លូវធ្វើដូចនេះទេ” ។  

ជាក់ស្តែង កូនរបស់លោក ហ៊ូ បាននិយាយប្រាប់ថា កាលពីថ្ងៃកើតហេតុនោះ រូបគេមិនបានធ្វើកិច្ចការសាលា សរសេរតាមអាន ដូច្នេះ លោកគ្រូបានយកគេទៅការិយាល័យរបស់គាត់ ហើយបង្គាប់ឲ្យឈរបែប ពាក់កណ្តាលឈរពាក់កណ្តាលអង្គុយ ហើយរាប់ដល់ ៤០០។ ប្រសិនបើរូបគេមិនអាច រាប់ដល់ ៤០០ទេ គ្រូនឹងវាយមិនខាន។ បន្ទាប់មកលោកគ្រូនោះ បានចាប់យកអំបោស រួចហើយចាប់ផ្តើមវាយលើរូបគេតែម្តង ដោយវាយរហូតដល់បាក់ដងអំបោសចំនួន២។

យ៉ាងណាមិញ ពេលនេះ ក្មេងប្រុសរងគ្រោះ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យហើយ រីឯមុខរបួសរបស់គេ បានជាសះស្បើយ​ ប៉ុន្តែស្នាមសំលាកនៅលើស្បែក នៅមើលឃើញច្បាស់នៅឡើយ។

ចាប់ពីក្មេងប្រុសរូបនេះ បានជាធូរស្រាល រូបគេបានទៅរៀនវិញដូចធម្មតា ចំណែកឯ គ្រូចិត្តឃោរឃៅម្នាក់នោះ ត្រូវបានគេព្យួរឈ្មោះពីការបង្រៀន រងចាំការស៊ើបរឿងក្តីជាបន្តទៀត។ លោក ហ៊ូ បាននិយាយបន្ថែមចុងក្រោយថា “កូនរបស់ខ្ញុំ ទទួលរងនូវការឈឺចាប់បែបនេះ ហើយប្រសិនបើខ្ញុំមិនចេញមុខ និយាយនោះទេ ខ្ញុំប្រាកដជា ក្លាយជាឪពុកមួយរូប ដែលគ្មានតម្លៃហើយ” ៕

ក្មេងប្រុស​ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រូ វាយនឹងដងអំបោសក្មេងប្រុស​ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រូ វាយនឹងដងអំបោស

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត