ឧកញ៉ា លក្ខណ៍ ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ កំពុង​សម្រុក​លួច​កាប់​ឈើ​ចេញពី​ព្រៃ​ការពារ (WWF) ស្រុក​ពេ​ជ្រា​ដា តាម​ទំនើងចិត្ត​ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ​

​ខេត្តមណ្ឌលគិរី​៖ សកម្មភាព​កាប់​ឈើ​ចេញពី​ព្រៃ​ការពារ​នៅ​ចន្លោះ​ភូមិសាស្ត្រ​ឃុំ​ពូ​ជ្រៃ និង​ឃុំ​ប៊ូ​ស្រា​ស្រុក​ពេ​ជ្រា​ដា​ហើយ​បានធ្វើការ​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ដែល​ប្រព្រឹត្តឡើង​ដោយ​ឧកញ៉ា លក្ខណ៍ ក្រោម​ការចាត់ចែង​មេការ​ម្នាក់​ឈ្មោះ គា ដឹកនាំ​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ដោយ​យកឈ្មោះ​ក្រុមហ៊ុន DTC មក​ធ្វើជា​សំអាង​បិទបាំង​ទង្វើ​ជួញដូរ​ឈើ​មិន​ប្រក្រតី​របស់ខ្លួន​។ ហើយ​បើតាម​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ថា មេ​ឈ្មោះ គា​របស់​ឧកញ៉ា លក្ខណ៍ នោះបាន​ទទួលបញ្ជា​ឲ្យ​ចាត់ចែង​គាងគ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ចេញពី​ក្នុងព្រៃ​តំបន់ហាមឃាត់ ជាពិសេស​ក្នុង​ដែន​ព្រៃ​ការពារ (WWF) ដើម្បី​ប្រមូល នាំចេញ​ដឹក​តាម​រថយន្ត​បា​កុង​យកទៅ​ស្តុក​នៅក្នុង​បរិវេណ​ក្រុមហ៊ុន DTC អា​ច្រៀក​រួច​ដឹក​តាម​រថយន្ត​យី​ឌុប យកទៅលក់​បាន​តាម​ទំនើងចិត្ត​ដោយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ផ្នែក​ណាមួយ​អើត​មុខ​បង្ក្រាប​ម្តងណា​ឡើយ​។​

​ចំណែក​ប្រជាពលរដ្ឋ​ទូទៅ​បាន​មានការ​ងឿងឆ្ងល់​ថា ឈ្មួញ​ខាងលើនេះ​កាប់​ឈើ​ជួញដូរ​តាមចិត្ត ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​វិញ​កាប់​ឈើ​យកមក​ធ្វើ​ផ្ទះ​បន្តិច​ប​ន្ទួ​ច កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ព្រមទាំង​កម្លាំង​ដែន​ព្រៃ​កា​ពារ​លើកគ្នា​មក​ចាប់​បង្ក្រាប​ស្ទើរ​គ្រប់​ជំនាញ​មិន​គេច​រួច​ឡើយ ផ្ទុយទៅវិញ​ក្រុម​ឧកញ៉ា លក្ខណ៍ កាប់​ឈើ​តាម​ទំនើងចិត្ត ដោយ​គ្រាន់តែ​យកឈ្មោះ​ក្រុមហ៊ុន DTC មក​ធ្វើជា​ខែល​បិទបាំង​អំពើ​មិន​ស្របច្បាប់​តែប៉ុណ្ណោះ​ព្រោះ​ឈើ​ទាំងនោះ​កាប់​ចេញពី​តំបន់ហាមឃាត់​ហើយ​ជា​សកម្មភាព​ជួញដូរ​។​

បច្ចុប្បន្ននេះ​ឧកញ៉ា លក្ខណ៍ ក្រោម​ការចាត់ចែង​រប​ស់មេ​ការ​ឈ្មោះ គា កំពុង​ធ្វើ​សកម្មភាព​សម្រុក ដឹកជញ្ជូន​ឈើ ទាំងយប់​ទាំង​ថ្ងៃ​ចេញពី​ព្រៃ​យកមក​ស្តុក​ទុក​ក្នុង​ដីចំការ​កៅស៊ូ​ក្រុមហ៊ុន DTC យ៉ាង​មមារ​ញឹក​។ ហើយ​ជាមួយគ្នានេះ​គេ​សង្កេតឃើញ​មានការ​ដឹកជញ្ជូន​ឈើ​ច្រៀក​រួចជាស្រេច​នោះ​តាម​រថយន្ត​ប្រភេទ​យី​ឌុប​ចេញពី​ក្រុមហ៊ុន​ទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​រលូន​។ ទោះយ៉ាងណា​ករណីនេះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​មេ​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹកឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​គ្មាន​ការទប់ស្កាត់​យ៉ាង​ដូច្នេះ​ទំនងជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​គ្រប់​ជំនាញ​នៅ​តំបន់​នោះ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឧកញ៉ា លក្ខណ៍ មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ នោះ​ហើយ​មើលទៅ​!៕ ឦសាន​៣ ​

KA-17-10-2015-01 KA-18-10-2015-03 KA-18-10-2015-02 KA-18-10-2015-05 KA-18-10-2015-04