រថយន្តប៉ាហ្សេ៊រ៉ូឆ្លង​ចរន្ត​ភ្លើងឆេះ​ផ្អើល​ពលរដ្ឋ​ជួយ​ពន្លត់ទាន់​

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាកប៉ាហ្ស៊េរ៉ូ ​ម្ចាស់​ចូល​ទៅ​ហូប​ស៊ុប​ ចត​​​ទុក​ចោល​​ឆ្លង​ចរន្ត​ភ្លើងឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ​តុលា ​​២០១៥ នៅ​មុខ​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​២៩៦ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​រថយន្ត​ម៉ាកប៉ាហ្ស៊េរ៉ូ ពណ៌​ទឹកប្រាក់​លាយ​ទឹកប៊ិក​ ពាក់​ស្លាក​លេខកណ្តាល​២A-៣៣៦៦ ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​៣០ឆ្នាំ​ បាន​បើក​មក​ឈប់​នៅ​មុខ​ផ្ទះ​លេខ​១០៤ ​ហើយ​ដើរ​ចូល​ទៅ​ហូប​អាហារ​​មួយ ​។ លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ និង​​មាន​អណ្តាតភ្លើង​ចេញពី​ផ្នែក​ខាង​មុខ​ ទើប​ប្រជាពលរដ្ឋ​​នាំ​គ្នា​​យក​បំពង់​ពន្លត់អគ្គិភ័យ​មក​ជួយ​​បាញ់​អស់​ចំនួន​៤​បំពង់​ទើប​រលត់​អស់​ទៅ​វិញ​ភ្លាម​ៗ​ ។

អគ្គិភ័យ​ខាងលើ​មិន​បណ្តាល​ឲ្យ​ឆ្លង​រាលដាល​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ ។​ បន្ទាប់​មក​សន្តិសុខ​បាន​ទៅ​រក​ម្ចាស់​រថយន្ត​មក​មើលឃើញ​រថយន្ត​ឆ្លង​ចរន្ត​​ភ្លើងឆេះ​ក៏​បាន​យក​រថយន្ត​ទៅ​ជួសជុល ៕