​ស្រវឹង​ស្រា​ចុះ​ក្នុង​ទឹកអូរ​រាវ​គ្រំយក​មកធ្វើ​ម្ហូប ​លង់​​ស្លាប់​ ​

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​​បាន​លង់ទឹក​អូរ​ស្លាប់ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​រួច​នាំ​ប្តី​ទៅ​ចុះ​ក្នុង​អូរ​ដើម្បី​រាវ​យក​គ្រំមក​ធ្វើ​ម្ហូប ​។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ តុលា  ២០១៥ ​ស្ថិត​នៅ​ចំណុច​អូរ​ដូនតា ក្នុងភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ មានឈ្មោះ សឿ​ន ស៊ីនួន អាយុ​៤៥​ឆ្នាំ មាន​ស្រុក​កំណើត​រស់នៅ​ក្នុងភូមិ​សួង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ​ទើបតែ​មក​លេង​ផ្ទះ​បងប្អូន​ក្នុងភូមិ​ខាងលើ​បាន​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​ទិញ​ស្រាស​យក​មក​ផឹកស៊ី​ជាមួយ​ប្តី និង​មិត្តភក្តិ​ក្នុងភូមិ​តាំងពី​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ក៏​បបួល​​​ប្តី​ដើរទៅ​ក្នុង​អូរ​កើតហេតុ​ខាងលើ ដើម្បី​រាវរក​សត្វ​គ្រំយក​មក​ធ្វើ​ម្ហូប​ លុះ​នាំ​គ្នា​រាវរក​អស់​រយៈពេល​យ៉ាង​យូរដោយ​ស្ត្រី​រង​គ្រោះនៅ​ឃ្លាតឆ្ងាយ​ពី​ប្តី​ប្រហែល​៦០​ម៉ែត្រ ។

ពេល​នោះ​មានកូន​ស្រី​ពៅ​ម្នាក់​ឈរ​នៅ​ក្រោម​ម្លប់ឈើ​ក្បែរ​មាត់​អូរ​អង្គុយ​មើល​ម្តាយ និង​ឪពុក​រាវរក​គ្រំ ​​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​មិនឃើញ​ម្តាយ​របស់​ខ្លួន​ងើប​ពីទឹក​ឡើង​វិញក៏​រត់​ទៅ​ប្រាប់​ឪពុក បន្ទាប់​ពី​ប្តី​​មក​ដល់​រាវរក​ឃើញ​​ ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​​​​​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​នគរបាល​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច័យ​រួច ឃើញ​ថា ស្ត្រី​រង​គ្រោះ​លង់ទឹក​ស្លាប់​ខ្លួនឯង​មែន រួច​ក៏​ប្រគល់​​សព​ជូន​សាច់ញាតិ​នៅ​ក្នុងភូមិ​ខាងលើ​ទទួល​យក​ទៅធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា កាលពីមុន​ធ្លាប់​មាន​ករណី​បុរស​ម្នាក់​ស្រវឹងស្រា ចុះ​ទៅ​ងូតទឹក​ក្នុង​អូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​ក៏​លិច​ក្នុង​ទឹក​លង់​ស្លាប់​ម្នាក់ឯង​​​ដែរ ៕  ​