លោកយាយ ម៉ៅ ខេត្ត​ព្រះសីហនុ មាន​ឫទ្ធិ​បារមី​មិន​ចាញ់​លោកយាយ ម៉ៅ ពេជ្រនិល​

Sanofi

​ចាប់តាំងពី​សម័យ​បុព្វកាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ លោក យាយ ម៉ៅ នៅតែមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​លោកយាយ​នៅ មាន​ជន្មាយុ​មកម្ល៉េះ ។ មិនតែប៉ុណ្ណោះ និមិត្តរូប ឬ អាស្រម​របស់​លោកយាយ ត្រូវបាន​គេ​សាងសង់​នៅតាម​កន្លែង ឬ ខេត្ត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទុក​សម្រាប់​គោរព​សក្ការៈបូជា​របស់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ពួកគាត់​មានជំនឿថា​លោកយាយ ម៉ៅ មាន​ប្ញ​ទ្ធិ​បារមី​ខ្លាំងពូកែ​។ ដូចជា​លោកយាយ ម៉ៅ នៅត្រង់​ជ្រលង​ភ្នំ​ពេជ្រនិល មានឈ្មោះ​ល្បី​រន្ទឺ​ជាងគេ ជា​កន្លែង​ដែលមាន​គេ​ស្គាល់​ច្រើន និង ជាទី​សក្ការៈ​ដ៏​ធំ​មួយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏មាន​សំណង់​រូបសំណាក​លោកយាយ ម៉ៅ នៅលើ​ភ្នំ​បូកគោ ដែលជា​រូបសំណាក​ដ៏​ធំ​មួយ​សម្រាប់​ភ្ញៀវទេសចរ ដែល​ឡើង​ទៅលេង​នៅលើ​ភ្នំ​បូកគោ​បាន​ចូលទៅ​អុជ​ធូប​ទៀន សុំ​សេចក្តីសុខ​សប្បាយ​ក្នុងពេល​ធ្វើដំណើរ ។ ក្រៅពីនេះ​ក៏មាន​រូបសំណាក​លោកយាយ ម៉ៅ នៅ​ខេត្ត​ព្រះសីហនុ ត្រង់​ម្តុំ​ផ្លូវ​ចុះ​ចំណោត​ដែល​ត្រូវបាន​គេ​ហៅថា ចំណោត​យាយ ម៉ៅ នោះ ក៏មាន​ភាពល្បីល្បាញ​មិន​ចាញ់​លោកយាយ ម៉ៅ ពេជ្រនិល​ដែរ ។ ចំណោត​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ឆ្ពោះទៅកាន់​តំបន់ឆ្នេរ​សមុទ្រ និង កំពង់ផែ​ក្រុងព្រះសីហនុ ។

លោកយាយ ម៉ៅ នៅ​ទីនោះ​ក៏​ល្បី​ថា​មាន​ប្ញ​ទ្ធិ​បារមី​តេជះ​ខ្លាំងពូកែ​ដែរ ព្រោះ​មាន​មនុស្សម្នា​អ្នកស្រុក​ភូមិ​ជាច្រើន​នៅ​តំបន់​នោះ តែងតែ​ទៅ​បន់ស្រន់​ឱ្យជួយ​សម្រេច​តាម​បំណងប្រាថ្នា​របស់​ពួកគេ​រៀងៗខ្លួន ។ ប្រសិនបើ​គេ​ធ្វើដំណើរ​ពី​ភ្នំពេញ​ក្នុងទិសដៅ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ នៅ​ចម្ងាយ​ប្រមាណ​ជា ៥ គីឡូម៉ែត្រ​ទៀត នឹង​ទៅដល់​ក្រុងព្រះសីហនុ ហើយ​មុននឹង​ដល់​ផ្លូវ​ចំណោត​យាយ ម៉ៅ នោះ លោក​អ្នកនឹង​បានឃើញ​រោងចក្រ​ស្រា​បៀរ​អង្គរ ហើយ​នៅក្បែរ​រោងចក្រ​នោះដែរ មាន​វត្ត​មួយ​ឈ្មោះថា ជោ​ត​ញ្ញាណ​។ ពេល​ហួស​ពី​វត្ត​នោះ​បន្តិច​នឹង​ដល់​ផ្លូវ​ចុះ​ចំណោត​ត្រង់​ទៅកាន់​តំបន់ឆ្នេរ ។

ពេលទៅដល់​ត្រង់ចំណុច​នេះ ចូរ​ក្រឡេកមើល​មក​ខាងឆ្វេង​ដៃ លោក​អ្នកនឹង​បានឃើញ​រូបសំណាក​របស់លោក​យាយ ម៉ៅ ជាក់​ជាមិនខាន​ឡើយ ។ រូបសំណាក​របស់លោក​យាយ ម៉ៅ នេះ ត្រូវបាន​គេ​សង់​នៅក្នុង​ខ្ទម​តូច​មួយ ទុក​ជាទី​សក្ការ​:​បូជា​របស់​អ្នកស្រុក ហើយ​ខ្ទម​តូច​នេះ​ធ្វើឡើង​ពី​ស៊ីម៉ងត៍ ដែល​មើល​ពី​ខាងក្រៅ​ទៅ​មាន​សោភណភាព​ស្រស់ស្អាត ។ ខ្ទម ឬ អាស្រម​នេះ​ក៏​អាស្រ័យ​ដោយ​អ្នក​ដែលមាន​ជំនឿ​លើ​លោកយាយ​ដែរ ដោយ​អ្នក​ទាំងនោះ​ផ្សង​បានសម្រេច​តាម​បំណងប្រាថ្នា​របស់ខ្លួន​ពី​រឿង​អ្វីមួយ ទើប​គេ​សង់​អាស្រម​នេះ​ថ្វាយ​លោកយាយ ហើយ​អ្នក​ខ្លះទៀត​ក៏​យក​តង្វាយ​ផ្សេងៗ​ទៅ​ថ្វាយ​លោកយាយ​នៅ​ទីនោះ ដែលមាន​ច្រើន​ស្អេកស្កះ​ពាសពេញ​ក្នុង​ខ្ទម ។​

​តាម​ការ​តំណាល​តៗ​គ្នា​ពី​រឿង​ប្រវត្តិ​លោកយាយ ម៉ៅ នៅ​ខេត្ត​ព្រះសីហនុ​នេះ បាន​ក្លាយទៅជា​រឿងព្រេង​និទាន ដែល​ត្រូវបាន​គេ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ រហូត​ទៅដល់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ។ រឿងនិទាន​នោះ​មានការ​តំណាល​ថា កាលពី​សម័យមុន​មាន​មេកន្ទ្រាញ​ម្នាក់​ឈ្មោះ ជុច ត្រួតត្រា​លើ​កុលសម្ព័ន្ធ​ជនជាតិ​ព័រ នៅ​ស្រុក​ភ្នំក្រវាញ​(​ព្រៃខ្លា​ដំរី​) ខេត្តពោធិ៍សាត់​។ តា​ជុច ជា​មនុស្ស​មាន​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ​ណាស់ ជា​មនុស្ស​ឆ្អឹង​ដែក​ស្បែក​ស្ពាន់​។ នៅ​គ្រា​នោះដែរ​ក្នុង​ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ព័រ​នោះ​មាន​យុវតី​ល្បី​ខាង​សម្រស់​ស្រស់ស្អាត​ម្នាក់​ឈ្មោះថា នាង ម៉ៅ ។

ដោយសារ​នាង ម៉ៅ មាន​រូបឆោម​លោម​ពណ៌​ល្អល្អះ តា ជុច ក៏​យក​នាង ម៉ៅ ធ្វើជា​ភរិយា​រស់នៅ​ជាមួយគ្នា​យ៉ាង​សុខសាន្ត​លុះ​អវសាន​នៃ​ជីវិត ប៉ុន្តែ​អ្នក​ទាំងពីរ​គ្មាន​កូនចៅ​ស្នង​ត្រកូល​ឡើយ មានតែ​ប្ញ​ទ្ធិ​អំណាច​ខ្លាំងពូកែ និង ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទុកឱ្យ​កូនចៅ​កុលសម្ព័ន្ធ​ជនជាតិ​ព័រ ។ ដោយហេតុ​នេះហើយ មេកន្ទ្រាញ​ក្រោយៗ​ក៏​នៅតែ​គោរពបូជា លោកតា ជុច និង យាយ ម៉ៅ រហូត​រៀងមក ដោយ​សង់​ជា​ខ្ទម និង ដាក់​ដុំថ្ម​ពីរ​ដុំ​ជា​និមិត្ត​រូបតំណាង​លោកតា ជុច និង លោកយាយ ម៉ៅ ដែល​ចាំ​ថែរក្សា​ពួកគេ​តាំងពី​នៅមាន​ព្រះជន្ម​រហូតដល់​ក្លាយទៅជា​លោកយាយ និង អ្នកតា ។

សូមបញ្ជាក់​ផងដែរ​ថា នៅ​គ្រាមួយ ដូន ម៉ៅ បាន​ចូល​សណ្ឋិត​ក្នុង​រូប​ស្នង​ម្នាក់ ហើយ​ប្រាប់​អ្នកស្រុក​ថា គាត់​មាន​ភារកិច្ច​តាម​ថែរក្សា​មនុស្សលោក មិន​ត្រឹមតែ​តំបន់ភ្នំ​ក្រវាញ​នោះទេ សូម្បីតែ​ខេត្ត​ផ្សេងៗ ដូចជា​ខេត្តកំពង់ស្ពឺ កោះកុង ក្រុង​កំពង់សោម ជាដើម ហើយ​ជាពិសេស​ទៅទៀត​គឺ​លោកយាយ​ថែរក្សា​កូនចៅ ដែល​ធ្វើដំណើរ​តាមផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង តាមផ្លូវ​គោក​ផងដែរ ។​ តាម​ការធ្វើ​សម្ភាស​ជាមួយ​ឆ្មាំ​ដែល​ប្រចាំការ​នៅ​ទីសក្ការៈ​ត្រង់​ចំណោត​លោកយាយ ម៉ៅ នោះ លោកតា សឿន បាន​ប្រាប់ថា តាំងពី​មក​នៅចាំ​ថែរក្សា​ទីកន្លែង​នេះ​អស់​រយៈពេល​ជិត ១០ ឆ្នាំ លោក​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង ក្រៅ​តំបន់ តែងតែ​នាំគ្នា​មក​បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​នៅ​អាស្រម​លោកយាយ ម៉ៅ ចំណោត​នេះ​មិនសូវ​ដែល​ដាច់​ឡើយ ។

នៅទីនេះ មាន​សង់​ជា​ខ្ទម​តូចៗ​ចំនួន​បី ព្រមទាំង​មាន​ព្រះ​ភូមិ​ជាច្រើន​ទៀត ដែល​ដាក់​តម្រៀប​ដង្ហែ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ។ ទាំង​ព្រះ​ភូមិ និង កូនខ្ទម​ទាំងនោះ សុទ្ធតែជា​របស់​តង្វាយ​ជូន​ដល់​លោកយាយ ម៉ៅ ទាំងអស់នេះ គឺ​សុទ្ធតែ​លោកយាយ ម៉ៅ បាន​ជួយ​សម្រេច​នូវ​បំណងប្រាថ្នា​របស់​ពួកគេ​ឲ្យ​សម្រេច​លើ​អ្វីមួយ ។ នៅ​ចំ​ពីមុខ​ខ្ទម​ទាំង​នោះគេ​បានដាក់​កូន​ពាង​តូច​មួយ ដាក់​ទឹកស្អាត​ថ្លា​ពេញៗ ទុក​សម្រាប់​ឲ្យ​អ្នក​មក​បែរបន់​ទាំងឡាយ​លុបលាង​មុខ ដើម្បី​បាន​សេចក្តីសុខសាន្ត ។ អ្នកខ្លះ​មិន​ត្រឹមតែ​លុបមុខ​នោះទេ ថែមទាំង​យក​ទឹកមន្ត​លោកយាយ ម៉ៅ នេះ​ទៅ​ស្រោច​លើ​ម៉ូតូ រថយន្ត ដើម្បីឱ្យ​យានជំនិះ​របស់ខ្លួន​ចៀស​ផុតពី​ឧបទ្រពចង្រៃ​ទាំងពួង ។

លោកតា​បាន​បន្តទៀតថា អ្នក​ដែល​មក​បែរបន់​នៅទីនេះ គឺមាន​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​តាំងពីរាស្ត្រសាមញ្ញ​ដល់​មន្ត្រីរាជការ​ធំៗ ហើយ​មាន​គ្រប់​វ័យ​ទាំង​ក្មេង ទាំងចាស់ ប្រុស​ស្រី ។ ចំណែក​ការ​បន់ស្រន់ និង ថ្វាយ​តង្វាយ​ក៏​មិន​ដូចគ្នា​ដែរ សម្រាប់​អ្នករកស៊ី​ដីធ្លី គេ​មក​បន់​ដើម្បីឱ្យ​លក់​ដី​ឆាប់​ដាច់ ហើយ​បើ​លក់ដាច់​មែន គេ​នឹង​ថ្វាយ​ជ្រូក​ខ្វៃ​ឱ្យ​លោកយាយ ម៉ៅ ជាក់​ជាមិនខាន​។ ចំណែក​អាជីវករ​ក៏​តែងតែ​នាំគ្នា​មក​បន់ស្រន់​ដែរ ដើម្បីឱ្យ​ការប្រកប​របរ​រកស៊ី​ក្នុង​ផ្សារ​របស់​ពួកគេ​កាន់តែ​កាក់កប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ អ្នកលក់ដូរ​ទាំងនោះ តែងតែ​ទៅ​បែរបន់​ដោយមាន​វត្ថុ​កំដរដៃ​ដូចជា ទៀន ធូប ផ្កា​ភ្ញី និង ផ្លែឈើ​មួយចំនួន​ទៀតផង​។

ក្រោយពី​បន់ស្រន់​បានសម្រេច​ដូច​សេចក្តីប្រាថ្នា​របស់ខ្លួន គឺ​មានន័យថា ការលក់ដូរ​របស់​ពួកគេ លក់បាន​ច្រើន​ទ្វេដង​ហើយ​នោះ អ្នក​ទាំងនោះ ក៏​នឹង​រៀបចំ​រណ្តាប់ សម្រាប់​ជា​តង្វាយ​ថ្វាយ​លោកយាយ ម៉ៅ មានដូចជា​មាន់​ខ្វៃ ទាខ្វៃ ឬ មាន់ស្ងោរ រួមជាមួយ​ផ្លែឈើ​គ្រប់មុខ ផ្កា​ភ្ញី ធូប ទៀន ជាដើម ។​ ​សូម​រំឭក​ផងដែរ​ថា អ្នកស្រុក​នៅ​ខេត្ត​ព្រះសីហនុ​នេះ មិន​ថា អ្នកតូច អ្នកធំ អ្នកមាន​អ្នកក្រ មន្ត្រីរាជការ​នោះទេ ឱ្យតែ​មាន​ពិធីមង្គលការ​កូនប្រុស​ស្រី​របស់ ខ្លួន​តែងតែ​យក​ធៀប​ទៅ​អញ្ជើញ​លោកយាយ ម៉ៅ ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​មង្គល​របស់​កូន​ខ្លួន​ផងដែរ ។

ការអញ្ជើញ​នេះ​វា​ស្ទើរតែ​បានក្លាយ​ទៅជា​ទម្លាប់​រប​ស់​អ្នកស្រុក​នៅ​ទីនោះ​ទៅហើយ នេះ​ក៏​ដោយសារតែ​លោកយាយ ម៉ៅ មាន​បារមី​តេជះ​ខ្លាំងពូកែ​។ ការអញ្ជើញ​នេះ គឺ​បានបង្ហាញ​ពី​ជំនឿ​របស់​ខ្មែរ លើ​អ្នកតា និង លោក យាយ ម៉ៅ តាំងពីដើម​រហូតមក ។ មួយវិញទៀត​ក៏​ជា​កិត្តិយស​ណាស់​ដែលមាន​អ្នកមាន​ប្ញ​ទ្ធិ​បារមី​ចូលរួម​ជាមួយ​ជីដូន ជីតា ក្នុង​ពិធី​មង្គល​របស់​កូនចៅ​របស់​ពួក គេ ។ ក្រៅពីនេះ​បើ​មាន​លោកយាយ ម៉ៅ ចូលរួម​ហើយ​គេ​នឹង​លែង​បារម្ភ​ពី​អ្នក​ផ្ចាញ់ផ្ចាល​តាមផ្លូវ​ងងឹត ព្រោះ​មាន​លោកយាយ​នៅចាំ​ជួយ​ការពារ​ជានិច្ច ៕ ​តុលា​











Related