ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន៨ ប្តឹង​អភិបាល​ខេត្តសៀមរាប ដក​កុង​ត្រូល​ជជុះ​ដែល​ទារ​លុយ នៅ​មុខ​បុរី​សៀងណាំ

សៀមរាម៖ តំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ចំនួន៨ក្រុមហ៊ុន បាននាំគ្នាផ្តិតមេប្តឹងទៅលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អំពីបញ្ហាមាន កុងត្រូលជជុះមួយកន្លែង ស្ថិតនៅមុខបុរីសៀងណាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានទារលុយថ្លៃ១០,០០០រៀល ពីក្បាលឡានរបស់ក្រុមហ៊ុន ដឹកអ្នកដំណើរជាច្រើន ដែលជាក្រុមហ៊ុនមានចុះបញ្ជិការត្រឹមត្រូវតាមច្បាប់, នេះបើយោងតាមលិខិតមួយច្បាប់របស់ក្រុមហ៊ុនចំនួន៨ ដែលដាក់ប្តឹងទៅកាន់ អភិបាលខេត្តសៀមរាប។

ក្រុមហ៊ុនដឹកអ្នកដំណើរទាំង៨ ដែលប្តឹងទៅកាន់ អភិបាលខេត្តសៀមរាបរួមមាន៖ ក្រុមហ៊ុន ឡារីតា, ក្រុមហ៊ុន ថេរ៉ូអ៉ិចប្រេស, ក្រុមហ៊ុន Golden Bayon express, ក្រុមហ៊ុន VGS Express, ក្រុមហ៊ុន នាគក្រហម, ក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន G.Express និងក្រុមហ៊ុនរិទ្ធិមុនី។

លិខិតរបស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំង៨ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលានេះបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសុំការអនុញ្ញាតជម្រាបជូន ឯកឧត្តមអភិបាលសៀមរាបថា យើងពុំដឹងថាម្ចាស់អាជ្ញាប័ណ្ណចំណត (បេនឡាន) ជានរណានោះទេ ប៉ុន្តែចំពោះម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ បានធ្វើការបដិសេធមិនបានដាក់កម្លាំងទារលុយពី រថយន្តតាក់ស៊ីនោះទេ ជាក់ស្តែងយើងស្គាល់ថា លោក ប្រុស ដែលជាកូនប្រសាររបស់ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៉ិចប្រេស (SEILA ANGKOR KHMER EXPRESS Co., Ltd) ជាអ្នកគ្រប់គ្រងលើក្រុមសន្តិសុខបេនឡាន មានឈ្មោះ ថា ជាប្អូនបង្កើតរបស់លោក ប្រុស, លោក ហោ, លោក រី លោក ធឿន និងមួយចំនួនទៀត ដែលជាអ្នកដើរប្រមូលលុយ និងចាំកាក់យកលុយនៅកុងត្រូលជជុះ មុខបុរីសៀងណាំ ដោយមានការកាងពីក្រោយរបស់ ប៉ូលិសសណ្តាប់ធ្នាប់មួយក្រុម ចំណែកលោក ប្រុស ចុះមកប្រមូលលុយជារៀងរាល់ថ្ងៃព្រឹកល្ងាច ពីក្រុមសន្តិសុខទាំងនោះ ហើយពួកគេតម្រូវឲ្យក្រុមហ៊ុនយើងខ្ញុំបង់មួយក្បាលឡាន១០,០០០រៀល និងក្រុមហ៊ុនមួយចំនួនទៀតត្រូវបាន ក្រុមប៉ូលិសសណ្តាប់ធ្នាប់នៅកុងត្រូលជជុះខាងលើនេះ តម្រូវឲ្យបង់លុយប្រចាំខែ៧០,០០០រៀលក្នុងមួយខែថែមទៀត»។

ក្រុមហ៊ុនដឹកអ្នកដំណើរទាំងនោះ បានស្នើឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មេត្តាជួយដកកុងត្រូលជជុះ នៅខាងមុខបុរីសៀងណាំនេះចេញផង។

ពាក់ព័ន្ធនឹងករណីចោទប្រកាន់អំពីការដាក់ កុងត្រូលជជុះទារលុយខាងលើនេះ អង្គភាព Fresh News មិនទាន់មានការបញ្ជាក់បំភ្លឺពីអាជ្ញាធរខេត្តសៀមរាប បាននៅឡើយនោះទេ៕

ខាងក្រោមនេះជាលិខិតទាំងស្រុង របស់ក្រុមហ៊ុនចំនួនទាំង៨ ដែលប្តឹងទៅអភិបាលខេត្តសៀមរាប ទាមទារឲ្យដកកុងត្រូលជជុះចេញ៖

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន៨ ប្តឹង​អភិបាល​ខេត្តសៀមរាប ដក​កុង​ត្រូល​ជជុះ​ដែល​ទារ​លុយ នៅ​មុខ​បុរី​សៀងណាំ

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន៨ ប្តឹង​អភិបាល​ខេត្តសៀមរាប ដក​កុង​ត្រូល​ជជុះ​ដែល​ទារ​លុយ នៅ​មុខ​បុរី​សៀងណាំ

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន៨ ប្តឹង​អភិបាល​ខេត្តសៀមរាប ដក​កុង​ត្រូល​ជជុះ​ដែល​ទារ​លុយ នៅ​មុខ​បុរី​សៀងណាំ