បឹងកេត​ទទួល​វេស្ទើន​នៅ​ស្តាត​ចាស់​ ខណៈ​ Cam-Tiger ប៉ះ​ស៊ីម៉ាក់​រសៀល​នេះ​


បឹងកេត​ទទួល​វេស្ទើន​នៅ​ស្តាត​ចាស់​ ខណៈ​ Cam-Tiger ប៉ះ​ស៊ីម៉ាក់​រសៀល​នេះ​

ក្រុម​បឹងកេត​អង្គរ​ត្រូវ​ទទួល​ភ្ញៀវ​វេស្ទើន​ភ្នំពេញ​​នៅ​ស្តាត​ចាស់​ដែល​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV​ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ ខណៈ​ម៉ោង​ដំណាល​គ្នា​នេះ​​ ក្រុម​ឡើង​ជើង​ Cambodian Tiger ត្រូវ​ប៉ះ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ (ស៊ីម៉ាក់​)​នៅ​កីឡដ្ឋាន​វេស្ទើន​សម្រាប់​បន្ត​ក្តី​សង្ឃឹម​នៅ​តំបន់​កំពូល​ទាំង​៤។

 

បឹងកេត​អង្គរ​នឹង​ទទួល​បាន​៣​ពិន្ទុ​ជាក់​ជា​មិន​ខាន​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ដើម្បី​​ឲ្យ​កាន់​តែ​រឹង​មាំ​សម្រាប់​តំណែង​កំពូល​តារាង។ ឆ្លង​កាត់​២០​ប្រកួត​កន្លង​មក​ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពង់​ចាម​មួយ​នេះ​ស្គាល់​បរាជ័យ​តែ​ម្តង​គត់​ និង​ស្មើ​៣​ដង​ ប៉ុន្តែ​ទទួល​បាន​ជ័យជម្នះ​រហូត​ដល់​១៦​ដង​ដែល​មាន​៥១​ពិន្ទុ។ ប្រសិន​បើ​បឹងកេត​​ឈ្នះ​ថ្ងៃ​នេះ​គឺ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ប្រកួត​កាត់​សេចក្តី​នឹង​ក្រុម​ភ្នំពេញ​ក្រោន​នៅ​សប្តាហ៍​ទី​២២​ដើម្បី​ស្វែង​ក្រុម​​ទៅ​លេង Toyota Mekong Club។

 បឹងកេត​ទទួល​វេស្ទើន​នៅ​ស្តាត​ចាស់​ ខណៈ​ Cam-Tiger ប៉ះ​ស៊ីម៉ាក់​រសៀល​នេះ​សកម្មភាព​ប្រកួត​រវាង ស៊ីម៉ាក់ និង វេស្ទើន កន្លង​មក

 

​ក្រុម​វេស្ទើន​ភ្នំពេញ​​បាន​​ធ្លាក់​ជើង​ខ្លាំង​ណាស់​​នៅ​ជើង​ទី​ពីរ​នេះ​ បន្ទាប់​ពី​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ដើម​រដូវ​កាល។ ឆ្លង​កាត់​២០​ប្រកួត​កន្លង​មក​ វេស្ទើន​ ទទួល​បាន​ជ័យជម្នះ​៤​ដង​ និង​ស្មើ​១​ ប៉ុន្តែ​ទទួល​រង​បរាជ័យ​ដល់​ទៅ​១៥​ដង។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​១១​ដែល​ជា​តំបន់​គ្រោះ​ថ្នាក់​ និង​ត្រូវ​ខំ​ប្រឹង​ដើម្បី​ដក​ខ្លួន​ឲ្យ​ចេញ​ពី​តំបន់​កាត់​ចោល។

 

តារា​ជើង​ស៊ុត​វ័យ​ក្មេង​ ចាន់ វឌ្ឍនាកា បាន​ក្លាយ​ជា​កីឡាករ​កម្ពុជា​ម្នាក់​គត់​ប្រជែង​នឹង​កីឡាករ​បរទេស​សម្រាប់​ស្បែក​ជើង​មាស​ ហើយ​កំពុង​មាន​៣០​គ្រាប់​ដែល​ស្ទើរ​តែ​គ្មាន​កីឡាករ​ណា​ម្នាក់​តាម​ប្រជែង​យក​ស្បែក​ជើង​មាស​ពី​រូប​គេ​ទៅ​ហើយ។ កីឡាករ​រូប​នេះ​លេច​ធ្លោ​ខ្លាំង​នៅ​រដូវ​កាល​នេះ​ទាំង​ក្រុម​បឹងកេត​ និង​ជម្រើស​ជាតិ​ ទោះ​ជា​រូប​គេ​មាន​របួស​ញុំាញី​ក៏​ដោយ។ សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ រូប​គេ​ច្បាស់​ជា​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ។

 

មួយ​គូ​ទៀត​ក៏​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ខណៈ​ Cambodian Tiger ត្រូវ​ការ​៣​ពិន្ទុ​ថែម​ទៀត​ដើម្បី​ទៅ​ប្រជែង​នឹង​ក្រុម​ការពារ​ជាតិ​ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សម្រាប់​​តំណែង​កំពូល​ទាំង​៤​ជា​មួយ​ក្រុម។ ចំពោះ​ក្រុម​ស៊ីម៉ាក់​វិញ​ក៏​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​ដែរ​ដើម្បី​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​តំបន់​កាត់​ចោល​ ពី​ព្រោះ​បច្ចុប្បន្ន​ស៊ីម៉ាក់​ស្ថិត​នៅ​លេខ​រៀង​ទី​១០​ដែល​លើស​ក្រុម​លេខ​រៀង​ទី​១១​គឺ​វេស្ទើន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​