រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ និង​ពន្ធគយ​បាន​ជាង២ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៩ខែ

ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ រដ្ឋាភិបាល​កម្ពុជា​ប្រមូលបាន​ពន្ធ​សរុប៨,៦៣៨,២៤៥.៩១លាន​រៀល ឬ​ស្មើនឹង២,១៥៩លាន​ដុល្លារ​អាមេរិក។ នេះ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ក្នុង​រយៈពេល៣ត្រីមាស​ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ចំនួន៣,៩៨៩,២៤៥.៩១លាន​រៀល ស្មើនឹង៩៩៧.៣១លាន​ដុល្លារ។ ចំណូល​នេះ កើនឡើង​ចំនួន២៥.៥៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៤។ ជាមួយគ្នា​នោះដែរ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​សម្រាប់​ខែកញ្ញា​ក៏​កើនឡើង២៥.១៦ភាគរយ​ដែរ ពោលគឺ​ប្រមូលបាន​សរុប​ចំនួន៣៩៨,០៥៧.៥០លាន​រៀល ស្មើនឹង​ចំនួន៩៩.៥១លាន​ដុល្លារ​អាមេរិក។

ចំណែកឯ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​វិញ ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន៤,៦៤៩,០០០ លាន​រៀល ស្នើ​នឹង​ប្រមាណ១,១៦២ លាន​ដុល្លារ​អាមេរិក។ បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចំណូល​ពន្ធគយ​រយៈពេល៩ខែ​នេះ កើនឡើង១៧.២ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៤។

បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ចំណូល​ពន្ធគយ​នៅក្នុង​ខែកញ្ញា ក៏មាន​ការកើនឡើង​ដែរ។ ចំណូល​ពន្ធ​ប្រមូល​ដោយ​គយ​នៅក្នុង​ខែកញ្ញា មាន​សរុប​ចំនួន ១,៥៩៦,០០០លាន​រៀល ស្មើ​ប្រមាណ៣៩៩លាន​ដុល្លារ​អាមេរិក។ ចំណូល​នេះ​កើនឡើង​ចំនួន១៦.៦ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធគយ កាលពី​ខែកញ្ញា ឆ្នាំ២០១៤៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?